បន្លែអ្នកស្រុកស្អាងជាច្រើននាក់សល់ចោលក្នុងចម្ការ ដោយសារការបិទខ្ទប់ភ្នំពេញ
ជាតិ
សេដ្ឋកិច្ច
បន្លែអ្នកស្រុកស្អាងជាច្រើននាក់សល់ចោលក្នុងចម្ការ ដោយសារការបិទខ្ទប់ភ្នំពេញ
29, Apr 2021 , 9:59 pm        
រូបភាព
ការបិទខ្ទប់រាជធានីភ្នំពេញ ធ្វើឲ្យបន្លែអ្នកស្រុកស្អាង ខេត្តកណ្ដាល ប្រមាណ ១០០នាក់ត្រូវសល់ចោលក្នុងចម្ការ។ ឈ្មួញដែលធ្លាប់ប្រមូលទិញបន្លែពីកសិករនៅស្អាង បានកាត់បន្ថយបរិមាណ អំឡុងបិទខ្ទប់ ព្រោះមិនពិបាកនាំបន្លែចូលរាចធានីភ្នំពេញ។

 
រាជរដ្ឋបាភិបាល បានសម្រេចបន្តការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ រយៈពេល១សប្តាហ៍ទៀត ដែលមានន័យថាការចរាចរណ៍ចេញចូលរាជធានី នឹងនៅបន្តរឹតបន្តឹង។
បិទខ្ទប់រាជធានីភ្នំពេញ ធ្វើឲ្យឈ្មួញខ្លះក្នុងខេត្តកណ្ដាលត្រូវផ្អាកទិញកសិផល និងមានឈ្មួញខ្លះត្រូវកាត់បន្ថយបរិមាណបន្លែ ដោយសារការលំបាកក្នុងការដឹកជញ្ជូនកសិផលចូលរាជធានី។ បញ្ហានេះ ធ្វើឲ្យបន្លែជាច្រើនគ្រួសារក្នុងស្រុកស្អាង សល់ចោលក្នុងចម្ការ ហើយមានកសិករខ្លះ ឈានដល់ការភ្ជួរបន្លែរបស់ខ្លួនចោលតែម្តងព្រោះគ្មានអ្នកទិញ។


ខ្ទឹមស្លឹករបស់លោក តៃ សុង 

លោក សំ សុខគីម ជាឈ្មួញប្រមូលទិញបន្លែ មានទីលំនៅក្នុងភូមិព្រែកតាឡៃ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល។ លោកបានប្រាប់សារព័ត៌មាន ThmeyThmey25 តាមទូរសព្ទថា សព្វថ្ងៃទីផ្សារបន្លែមិនមានស្ថិរភាពនោះទេ។ ដូច្នេះលោកប្រមូលទិញបន្លែពីកសិករតែក្នុងបរិមាណតិចជាងមុន។ ឈ្មួញវ័យ៤០ឆ្នាំរូបនេះ បានរៀបរាប់ដូច្នេះ៖«ខ្ញុំនៅបន្តទិញបន្លែពីកសិករដដែល តែក្នុងបរិមាណតិចជាងមុន។ ពីមុនធ្លាប់ប្រមូលទិញ ២ ទៅ៣តោន ឯណោះ ក្នុងមួយថ្ងៃ។ តែពេលនេះ ប្រមូលទិញមួយថ្ងៃត្រឹម ៥០០គីឡូក្រាមទេ»។
 
អ្នកខេត្តកណ្ដាលរូបនេះ បានបន្ថែមថា ទីផ្សារបន្លែក្នុងរាជធានីភ្នំពេញ ឡើងថ្លៃពិតមែន តែតម្លៃកសិផល មានតម្លៃទាប។ ដូច្នេះលោកមិនអាចផ្ដល់តម្លៃខ្ពស់ ជាងទីផ្សារទៅដល់កសិករនោះទេ។ លោកបានទិញខ្ទឹមស្លឹក តម្លៃ ១ ៥០០រៀល ទៅ ២ ០០០រៀល ក្នុងមួយគីឡូក្រាម។ ចំណែកស្ពៃចង្កឹះ តម្លៃ ២ ០០០រៀល ក្នុងមួយគីឡូក្រាម។ រីឯស្ពៃក្រញាញ់វិញ តម្លៃ ៨០០រៀល ក្នុងមួយគីឡូក្រាម។
 
និយាយដោយមិនលាក់លៀម លោក សុខគីម ក៏បានបន្ថែមថា តម្លៃដែលខ្លួនផ្ដល់ឲ្យកសិករសព្វថ្ងៃ នៅមានកម្រិតនៅឡើយ។ លោកបានពន្យល់បែបនេះ៖«បន្លែសព្វថ្ងៃ មានតម្លៃទាប ជាងមុនផ្ទុះកូវីដ-១៩។ ខ្ញុំយល់ថា វាជាតម្លៃដែលកសិករមិនទាន់ទទួលយកបាន។ តែស្ថិតក្នុងកាលៈទេសៈនេះ ខ្ញុំមិនអាចផ្ដល់តម្លៃដែលខ្ពស់ ជាងទីផ្សារនោះទេ»។ 


លោក តៃ សុង អ្នកដាំសាលាដក្នុងស្រុកស្អាង ខេត្តកណ្ដាល(រូបផ្ដល់ឲ្យ) 

បច្ចុប្បន្នរដ្ឋបាលរាជធានីភ្នំពេញ បានផ្អាកបណ្ដោះអាសន្នផ្សាររដ្ឋ និងផ្សារមិនរៀបរយទាំងអស់ នៅក្នុងរាជធានីភ្នំពេញ  ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។  ដោយឡែកការរឹតបន្តឹងការធ្វើចរាចរណ៍ នៅតែជាបញ្ហាសម្រាប់ឈ្មួញ ដែលត្រូវនាំបន្លែទាំងនោះចូលទីផ្សារក្នុងរាជធានីភ្នំពេញ។ 
 
ដ្បិតការធ្វើចរាចរណ៍ត្រូវរឹតបន្តឹង តែរដ្ឋាភិបាលបានអនុគ្រោះ រាល់ការដឹកជញ្ជូននូវគ្រឿងឧបភោគ បរិភោគ រួមមាន បន្លែ ត្រីសាច់ ដើម្បីផ្គត់ផ្គង់លើទីផ្សារ។ តែជាក់ស្ដែង លោក អាចដឹកបន្លែចូលបានត្រឹមតំបន់ជាយៗក្រុងប៉ុណ្ណោះ។ សំ សុខគីម បានរៀបរាប់ប្រាប់សារព័ត៌មាន ThmeyThmey25 ដូច្នេះ៖ «ទោះមានលិខិតត្រឹមត្រូវ តែយើងអាចលក់បានត្រឹមជាយរាជធានីប៉ុណ្ណោះ។ អំឡុងបិទខ្ទប់នេះ ខ្ញុំយកបន្លែមកលក់នៅម្ដុំកួរស្រូវ ដែលជាកន្លែងគេមិនបានហាមឃាត់ ដើម្បីលក់ឲ្យពលរដ្ឋនៅម្ដុំនោះ»។ 
 
ក្រៅពីការប្រមូលទិញបន្លែពីកសិករក្នុងតំបន់នោះ លោក សុខគីម ក៏ជាអ្នកដាំបន្លែចម្រុះម្នាក់ផងដែរ។ ជាអ្នកប្រមូលទិញបន្លែរយៈពេល១០ឆ្នាំ លោក សុខគីម ថា ទីផ្សារបន្លែក្នុងស្រុកបច្ចុប្បន្ន មិនទាន់មានស្ថិរភាពនៅឡើយ ព្រោះការនាំបន្លែពីខាងក្រៅ នៅតែមាន ហើយនេះក៏ជះឥទ្ធិពលដល់តម្លៃបន្លែនៅក្នុងស្រុកដេរ។


លោក សំ សុខគីម ឈ្មួញប្រមូលទិញបន្លែក្នុងស្រុកស្អាង ខេត្តកណ្ដាល(រូបផ្ដល់ឲ្យ) 

ជាក់ស្ដែងដោយសាររាជធានីភ្នំពេញត្រូវបិទខ្ទប់ ផ្សារជាច្រើនត្រូវបានផ្អាក ទើបធ្វើឲ្យឈ្មួញមិនមានលទ្ធភាពប្រមូលទិញកសិផលពីកសិករ។ កសិករប្រមាណ ១០០នាក់ ក្នុងស្រុកស្អាង ខេត្តកណ្ដាល បានជួបបញ្ហាទីផ្សារ បន្លែជាច្រើនតោនត្រូវសល់ក្នុងចម្ការ។ ហើយមានកសិករខ្លះត្រូវបង្ខំចិត្តភ្ជួរកសិផលចោលក៏មាន។ 
 
ជាក់ស្តែង លោក តៃ សុង អ្នកដាំសាលាដ ក្នុងស្រុកស្អាង ខេត្តកណ្ដាល បានបង្ខំចិត្តភ្ជួរសាលាដរបស់លោកកន្លះហិកតា ដោយសារគ្មានអ្នកទិញ។ លោក តៃ សុង ក៏បម្រុងភ្ជួរសាលាដ ដែលនៅសល់កន្លះហិកតាបន្ថែមទៀតដែរ បើស្ថានភាពបែបនេះនៅបន្ត។ 
 
បើតាមលោក តៃ សុង លោកត្រូវចំណាយទុនប្រមាណ ៨លានរៀល ក្នុងការចំណាយលើការដាំសាលាដមួយហិកតា។ កសិកររូបនេះបន្តថា បើគ្មានដំណោះស្រាយ កសិករច្រើននាក់ទៀត ក្នុងស្រុកស្អាង ខេត្តកណ្ដាល ត្រូវខាតដើមទុនដូចរូបលោក ព្រោះបច្ចុប្បន្នពួកគាត់កំពុងប្រឈមបញ្ហាទីផ្សារ។
 
បច្ចុប្បន្នកសិករក្នុងស្រុកស្អាង ខេត្តកណ្ដាល និយមដាំបន្លែចម្រុះច្រើនប្រភេទ ដូចជា សាលាដ ខាត់ណា  ស្ពៃ ខ្ទឹមស្លឹក ស្លឹកគ្រៃ ជាដើម៕ 


សាលាដរបស់លោក តៃ សុង 
 

Tag:
 កណ្ដាល
 បន្លែ
© រក្សាសិទ្ធិដោយ thmeythmey.com