អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
កូរ៉េខាងជើងថា គោលនយោបាយការបរទេសអាមេរិកនៅតែមានលក្ខណៈបែបសត្រូវ
02, May 2021 , 8:30 pm        
រូបភាព
មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន។ រូបភាព៖ KCNA
មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន។ រូបភាព៖ KCNA
 
អាមេរិក នៅតែមានបំណង រក្សាការអនុវត្តគោលនយោបាយបែបសត្រូវមកលើកូរ៉េខាងជើង។ មន្រ្តីជាន់ខ្ពស់កូរ៉េខាងជើង បានលើកឡើងបែបនេះ នៅថ្ងៃទី២ ខែឧសភា ដោយព្រមានបន្ថែមថា ប្រសិនបើក្រុងវ៉ាស៊ីនតោន នៅតែបន្តគោលនយោបាយបែបនោះទៀត ក្រុងព្យុងយ៉ាងនឹងឆ្លើយតបទៅវិញ។


អត្ថបទទាក់ទង

នៅថ្ងៃទី៣០ ខែមេសា កន្លងទៅ មន្រ្តីអាមេរិក បានលើកឡើងថា ក្រុងវ៉ាស៊ីនតោន នឹងអនុវត្តគោលនយោបាយបែបជាក់ស្តែង និងស្វែងរកទំនាក់ទំនងការទូតជាមួយកូរ៉េខាងជើង ដើម្បីឈានទៅដល់ការរំសាយកម្មវិធីនុយក្លេអ៊ែរកូរ៉េខាងជើង។

ទាក់ទិននឹងបញ្ហានេះ មន្រ្តីកូរ៉េខាងជើង បានចេញមុខមកឆ្លើយតបវិញថា គោលនយោបាយការបរទេសអាមេរិកមកលើកូរ៉េខាងជើង នៅតែមានលក្ខណៈបែបសត្រូវ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ អ្នកនាំពាក្យក្រសួងការបរទេសកូរ៉េខាងជើង បានចោទអាមេរិកថា ក្រុងវ៉ាស៊ីនតោន តែងប្រមាថថ្នាក់ដឹកនាំកូរ៉េខាងជើង តាមរយៈការរិះគន់ស្ថានភាពសិទ្ធិមនុស្សនៅកូរ៉េខាងជើង។ បើតាមកូរ៉េខាងជើង ការរិះគន់នេះ គឺជាសកម្មភាពបង្ករឿង។

ស្របគ្នាដែរ នៅក្នុងសេចក្តីថ្លែងការណ៍ដោយឡែកមួយទៀត លោក Kwon Jong Gun អគ្គនាយកនៃនាយកដ្ឋានកិច្ចការអាមេរិក នៃក្រសួងការបរទេស បានសង្កត់ធ្ងន់ថា សុន្ទរកថារបស់ប្រធានាធិបតីអាមេរិក នៅចំពោះមុខសមាជិកសភាកន្លងមក បានលើកឡើងពីកម្មវិធីនុយក្លេអ៊ែរកូរ៉េខាងជើង និងអ៊ីរ៉ង់ បានបង្កឱ្យមានការគំរាមកំហែងសម្រាប់អាមេរិក ដែលទាមទារចំណាត់ការតាមផ្លូវទូត និងការប្រឆាំងត្រលប់វិញ។ បើតាមលោកអគ្គនាយករូបនេះ ការអះអាងរបស់លោកបៃឌិន គឺជារឿងមិនសមហេតុផលតែសោះ និងជាគោលនយោបាយបែបសត្រូវមកលើកូរ៉េខាងជើង។

បើតាមលោក Kwon Jong Gun ពេលនេះ គោលនយោបាយអាមេរិក បានបង្ហាញច្បាស់ហើយ ដែលតម្រូវឱ្យកូរ៉េខាងជើង ចាត់វិធានការឆ្លើយតប ហើយអាមេរិកនៅពេលនោះ នឹងប្រឈមស្ថានភាពធ្ងន់ធ្ងរ។

សូមបញ្ជាក់ថា ភាពជាប់គាំងនៃកិច្ចចរចារវាងអាមេរិក និងកូរ៉េខាងជើងលើការរំសាយកម្មវិធីនុយក្លេអ៊ែរ គឺមានតាំងពីឆ្នាំ២០១៩ មកម្លេះ។ ប៉ុន្តែលោកចូ បៃឌិន ប្រធានាធិបតីអាមេរិកថ្មី កន្លងមក ធ្លាប់បានអះអាងថា កូរ៉េខាងជើង គឺជារបៀបវារៈអាទិភាពមួយរបស់អាមេរិក៕


Tag:
 កូរ៉េខាងជើង
  អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com