កីឡាអន្តរជាតិ
អន្តរជាតិ
ជាប់បំណុលរាប់ពាន់លានដុល្លារ ត្រកូល Glazer កាន់តែរងសម្ពាធ ក្រោយអ្នកគាំទ្រ Man Utd អុកឡុក Old Trafford
03, May 2021 , 1:55 pm        
រូបភាព
ក្រុមអ្នកគាំទ្រ Manchester United បានសម្រុកចូលទីលាន Old Trafford មុនការប្រកួត Premier League ជាមួយ Liverpool ដើម្បីតវ៉ាប្រឆាំងនឹងម្ចាស់ក្លិបរបស់គ្រួសារ Glazer។ ដោយសារបាតុកម្មនេះ ជំនួបលីគសប្តាហ៍ទី៣៤របស់ក្រុមទាំងពីរនៅយប់ថ្ងៃទី២ ខែឧសភាត្រូវពន្យារពេល។


 
បើទោះត្រូវបានហាមមិនឱ្យចូលកីឡដ្ឋានដើម្បីបង្កាការឆ្លងជំងឺកូវីដ-១៩ ប៉ុន្តែអ្នកគាំទ្រប្រមាណ ២០០ នាក់បានចូលអុកឡុកដល់ក្នុងទីលាននៅប៉ុន្មានម៉ោងប៉ុណ្ណោះមុនការប្រកួតចាប់ផ្តើមនៅម៉ោង១០ និង៣០នាទីយប់ [ម៉ោងនៅកម្ពុជា]។ នេះជាការវ៉ាប្រឆាំងដ៏ធំមិនធ្លាប់មានដើម្បីបញ្ចប់ភាពជាកម្មសិទ្ធិរបស់ត្រកូល Glazer លើក្លិបយក្សអង់គ្លេសមួយនេះ។
 
នេះជាលើកទី១ផងដែរ ដែលការប្រកួតក្របខណ្ឌ Premier League ត្រូវបានពន្យារពេលដោយសារការតវ៉ារបស់អ្នកគាំទ្រ។ មន្ត្រីប៉ូលិសនៅក្រុង Manchester ឱ្យដឹងថា ការពន្យារនេះមានការយល់ព្រមពីក្រុមទាំងសងខាង ក្រោយមានមន្ត្រីពីរនាក់រងរបួសអំឡុងពេលតវ៉ានោះ។ នេះបើតាមការផ្សាយរបស់កាសែត BBC។
 
ការតវ៉ានេះកើតឡើងដោយសារក្លិបបិសាចក្រហមរួមជាមួយក្លិប៥ទៀតរបស់ Premier League ប្រកាសចូលរួមគម្រោងបង្កើតពានរង្វាន់ថ្មី European Super League (ESL) កាលពីខែមុន បើទោះពួកគេបានដកខ្លួនចេញដ៏ដោយ។
 
គ្រួសារមហាសេដ្ឋីអាមេរិក Glazer បានទិញយកភាគហ៊ុនធំរបស់ក្លិប Man Utd មកកាន់កាប់កាលពីឆ្នាំ ២០០៥ ក្នុងតម្លៃ ៧៩០ លានផោន (១,០៩៨ ពាន់លានដុល្លារ)។ រយៈពេល១៦ឆ្នាំមកនេះ ត្រកូល Glazer ទទួលបានភាគលាភប្រចាំឆ្នាំរាប់រយលាន ប៉ុន្តែបំណុលកាន់តែកើនខ្ពស់។
 


 យ៉ាងណាក៏ដោយ ស្របពេលក្លិបកំពុងរងវិបត្តិហិរញ្ញវត្ថុដែលបង្កដោយជំងឺកូវីដ-១៩ Man Utd ក៏សម្រេចចូលរួមគម្រោង Super League ដែលក្លិប និងក្រុមគ្រួសារ Glazer ជឿងជាក់ថានឹងទទួលបានប្រាក់ក្នុងចំនួនច្រើនពីព្រឹត្តិការណ៍នេះ។ ប៉ុន្តែការចូលរួមនេះ មិនបានសម្រេចឡើយ ដ្បិតស្ថាប័នគ្រប់គ្រងកីឡាបាល់ទាត់ធំៗថ្កោលទោស ហើយអ្នកគាំទ្រផ្ទាល់របស់គេ ចេញតវ៉ាយ៉ាងខ្លាំងក្លាជុំវិញការចូលរួមនេះ។
 
អ្នកគាំទ្រតវ៉ាចង់ឱ្យគ្រួសារ Glazer ចាកចេញពីតំណែងម្ចាស់ភាគហ៊ុនរបស់ក្លិបបិសាចក្រហមថែមទៀត ដោយរិះគន់ថាក្លិបមានចំណូលច្រើនតែមិនអភិវឌ្ឍក្រុម តែមានជាយកលុយទៅដោះបំណុលក្រៅពីបាល់ទាត់ទៅវិញ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។
 
តាមរយៈការតវ៉ាទ្រង់ទ្រាយធំនេះ ថាតើត្រកូល Glazer អាចឈរជើងជាប្រធានក្លិប Man Utd បន្តទៀតឬក៏អត់ ស្របពេលគ្រួសារមហាសេដ្ឋីមួយនេះ ក៏ធ្លាប់បង្ហាញបំណងចង់លក់ភាគហ៊ុនធំរបស់ក្លិបផងដែរក្នុងតម្លៃជាង ៥ ពាន់លានដុល្លារអាមេរិក៕
 

Tag:
 Glazer
  Manchester United
© រក្សាសិទ្ធិដោយ thmeythmey.com