COVID-19
អន្តរជាតិ
រដ្ឋមន្ត្រីសុខាភិបាលឥណ្ឌូណេស៊ី៖ Sinovac ការពារ១០០ភាគរយមិនឲ្យស្លាប់
12, May 2021 , 8:59 pm        
រូបភាព
គ្រូពេទ្យម្នាក់ កាន់ប្រអប់ដាក់វ៉ាក់សាំងក្រុមហ៊ុន Sinovac។ រូបភាព៖ Xinhua
គ្រូពេទ្យម្នាក់ កាន់ប្រអប់ដាក់វ៉ាក់សាំងក្រុមហ៊ុន Sinovac។ រូបភាព៖ Xinhua
រដ្ឋមន្រ្តីសុខាភិបាលឥណ្ឌូណេស៊ី Budi Gunadi Sadikin នៅថ្ងៃទី១១ ខែឧសភា បានអះអាងថា វ៉ាក់សាំងបង្ការកូវីដ-១៩ របស់ក្រុមហ៊ុនចិន Sinovac Biotech មានប្រសិទ្ធភាពខ្ពស់ក្នុងការប្រឆាំងជាមួយកូវីដ-១៩។ ការអះអាងនេះ ផ្អែកលើការតាមដានបុគ្គលិកសុខាភិបាល ដែលបានចាក់វ៉ាក់សាំងនេះរួចរាល់។

 
ឥណ្ឌូណេស៊ី ជាប្រទេសមួយ នៅក្នុងតំបន់អាស៊ីដែលមានករណីឆ្លងកូវីដ-១៩ច្រើនជាងគេ។ ដើម្បីទប់ស្កាត់ករណីឆ្លងនៅក្នុងប្រទេស រដ្ឋាភិបាលឥណ្ឌូណេស៊ី បានសម្រេចប្រើប្រាស់វ៉ាក់សាំងរបស់ក្រុមហ៊ុន Sinovac Biotech សម្រាប់ចាក់ឱ្យប្រជាជន និងក្រុមគូ្រពេទ្យ។  
 
នៅក្នុងកិច្ចសម្ភាសមួយនៅថ្ងៃទី១១ ខែឧសភា រដ្ឋមន្រ្តីសុខាភិបាលឥណ្ឌូណេស៊ី លោក Budi Gunadi Sadikin បានអះអាងថា វ៉ាក់សាំងក្រុមហ៊ុន Sinovac មានប្រសិទ្ធភាពខ្ពស់ ក្នុងការបង្ការមិនឱ្យបាត់បង់ជីវិត និងចូលព្យាបាលក្នុងមន្ទីរពេទ្យ។ ការអះអាងរបស់លោករដ្ឋមន្រ្តីសុខាភិបាលបែបនេះ គឺសំអាងលើការតាមដានលើក្រុមគ្រូពេទ្យចំនួន ២៥៣៧៤នាក់ នៅក្នុងរដ្ឋធានីហ្សាការតា រយៈពេល ២៨ថ្ងៃ បន្ទាប់ពីចាក់វ៉ាក់សាំងរួច។ 
 
ក្នុងការតាមដាននោះ វ៉ាក់សាំង CoronaVac របស់ Sinovac បានការពារ១០០ភាគរយ ពីករណីស្លាប់ និងមានប្រសិទ្ធភាពចំនួន៩៦ភាគរយ មិនឱ្យចូលក្នុងមន្ទីរពេទ្យ។ ក្នុងកិច្ចសម្ភាសដដែល លោករដ្ឋមន្រ្តីបានបន្តទៀតថា លើសពីនេះ វ៉ាក់សាំងរបស់ Sinovac បានការពារក្រុមគ្រូពេទ្យចំនួន៩៤ភាគរយ នៃគ្រូពេទ្យទាំងជាង២ម៉ឺននាក់នោះ មិនឱ្យឆ្លងជំងឺផងដែរ។ ការតាមដាននេះ បានធ្វើឡើងតាំងពីចុងខែកុម្ភៈមក។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Bloomberg។ 
 
«យើងឃើញមានចំនួនធ្លាក់ចុះចំនួនចូលព្យាបាលនៅមន្ទីរពេទ្យ និងករណីស្លាប់លើក្រុមគ្រូពេទ្យ»។ លោក Budi Gunadi Sadikin បានសង្កត់ធ្ងន់បែបនេះ។ យ៉ាងណាមិញ លោករដ្ឋមន្រ្តី មិនបានបញ្ជាក់ឡើយ ថា ឥណ្ឌូណេស៊ី បានតាមដានលើករណីឆ្លង ដែលមិនចេញរោគសញ្ញាឬយ៉ាងណា។
 
ទិន្នន័យខាងលើនេះ បង្ហាញថា វ៉ាក់សាំងSinovac មានប្រសិទ្ធភាពខ្ពស់នៅក្នុងលក្ខខណ្ឌជាក់ស្តែង ដែលផ្ទុយពីលទ្ធផលពិសោធន៍ (Clinical Trials)។ តាមការធ្វើពិសោធន៍ល្អិតល្អន់ នៅក្នុងដំណាក់ទី៣ នៃការអភិវឌ្ឍវ៉ាក់សាំងនៅក្នុងប្រទេសប្រេស៊ីល វ៉ាក់សាំង Sinovac បានបង្ហាញប្រសិទ្ធភាពត្រឹមតែជាង៥០ភាគរយប៉ុណ្ណោះ ដែលអត្រានេះ គឺទាបជាងគេបំផុត បើធៀបនឹងវ៉ាក់សាំងប្រឆាំងកូវីដ-១៩ ដទៃ។ 
 
ទាក់ទិននឹងភាពខុសគ្នា នៃអត្រាប្រសិទ្ធភាពបែបនេះ អ្នកនាំពាក្យក្រុមហ៊ុន Sinovac សុំមិនបញ្ចេញយោបល់អ្វីឡើយ ដោយរង់ចាំការទទួលបានព័ត៌មានបន្ថែមជាច្រើនទៀតសិន។ 
 
នៅក្នុងកិច្ចសម្ភាសដោយឡែកមួយទៀតនៅក្នុងថ្ងៃដដែលជាមួយសារព័ត៌មាន Bloomberg  ប្រធានប្រតិបត្តិក្រុមហ៊ុន Sinovac លោក Yin Weidong បានការពារភាពខុសគ្នានៃទិន្នន័យរបស់វ៉ាក់សាំងនៅក្នុងដំណាក់កាលពិសោធន៍ល្អិតល្អន់។ បើតាមលោក Yin Weidong ភស្តុតាងកាន់តែច្រើនបង្ហាញថា វ៉ាក់សាំង CoronaVac របស់ក្រុមហ៊ុន Sinovac កាន់តែមានប្រសិទ្ធភាពជាងមុន នៅក្នុងការអនុវត្តជាក់ស្តែង។ 
 
មកទល់ពេលនេះ វ៉ាក់សាំងក្រុមហ៊ុន Sinovac ត្រូវបានប្រើប្រាស់នៅក្នុងប្រទេសជាច្រើន ដូចជាចិន ឡាវ កម្ពុជា ម៉ាឡេស៊ី ឥណ្ឌូណេស៊ី ថៃ ហ្វីលីពីន ប៉ាគីស្ថាន អាហ្ស៊ីប តួកគី ប្រេស៊ីល និងបណ្តាប្រទេសជាច្រើនផ្សេងទៀត នៅតំបន់អាមេរិកខាងត្បូង អឺរ៉ុបកណ្តាល និងអឺរ៉ុបខាងកើត និងតំបន់អាហ្រ្វិកផងដែរ៕ 
 

Tag:
 ចិន
  ឥណ្ឌូណេស៊ី
  Sinovac
  វ៉ាក់សាំង
© រក្សាសិទ្ធិដោយ thmeythmey.com