COVID-19
ជាតិ
កូវីដ-១៩៖ ភ្នំពេញមាន២៧៩នាក់ ក្នុងនោះ៣១នាក់ជាទារក និងកុមារ
12, May 2021 , 9:29 pm        
រូបភាព
កុមារីម្នាក់ត្រូវបានពេទ្យអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះ ក្រោយពីបានជាសះស្បើយជំងឺកូវីដ-១៩ រូបភាពពីTYDA
កុមារីម្នាក់ត្រូវបានពេទ្យអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះ ក្រោយពីបានជាសះស្បើយជំងឺកូវីដ-១៩ រូបភាពពីTYDA
ដោយ:
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញនាថ្ងៃទី១២ ខែឧសភា បានបង្ហាញអត្តសញ្ញាណអ្នកវិជ្ជមានកូវីដ-១៩ ចំនួន២៧៩នាក់នៅរាជធានីភ្នំពេញ ដែលរកឃើញកាលពីថ្ងៃទី១១ឧសភា។ បើតាមរបាយការណ៍ ក្នុងចំណោមអ្នកឆ្លងជំងឺកូវីដ-១៩ទាំងអស់ មានទារក និងកុមារសរុប ៣១នាក់ ដែលមានអាយុចន្លោះ៣ខែ ទៅ១៥ឆ្នាំ។


ទារក និងកុមារ អាយុចន្លោះ៣ខែ ដល់១៥ឆ្នាំ ចំនួន ៣១នាក់ ស្ថិតក្នុងចំណោមអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ២៧៩នាក់ ដែលត្រូវបានរកឃើញនៅរាជធានីភ្នំពេញ នៅថ្ងៃទី ១១ ខែឧសភា។ តាមរបាយការណ៍របស់រដ្ឋបាលរាជធានីភ្នំពេញ ក្នុងចំណោមអ្នកឆ្លងជំងឺកូវីដ-១៩ទាំងនោះ គឺមានមន្ត្រីនគរបាល, កម្មកររោងចក្រ,ជាងសំណង់, អ្នកលក់ដូរ,បុគ្គលិកតាមក្រុមហ៊ុនឯកជន, ចុងភៅ, បុគ្គលិកអង្គការ, គ្រូបង្រៀន,សិស្ស អ្នករត់ម៉ូតូកង់បី,អ្នកបើកឡានដឹកដី,អ្នកដឹកជញ្ជូន,ជាងជួសជុលទូរសព្ទ និងឡាន,ជាងភ្លើង,អ្នកលក់អនឡាញ,សន្តិសុខផ្សារ, និងបុគ្គលិករថយន្តក្រុង។ 
 
បើតាមរបាយការណ៍ដដែល ខណ្ឌដែលមានអ្នកឆ្លងជំងឺកូវីដ-១៩ច្រើនជាងគេ ក្នុងរបាយការណ៍នាថ្ងៃនេះ គឺមានខណ្ឌឫស្សីកែវ ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌមានជ័យ។ ខណ្ឌដង្កោ ខណ្ឌដូនពេញ ខណ្ឌជ្រោយចង្វារ ខណ្ឌច្បារអំពៅ ខណ្ឌ៧មករា ខណ្ឌសែនសុខ ខណ្ឌទួលគោក ខណ្ឌកំបូល និងខណ្ឌបឹងកេងកង ក៏ជាខណ្ឌដែលរកឃើញអ្នកជំងឺកូវីដ-១៩នៅថ្ងៃនេះផងដែរ។ 
បច្ចុប្បន្នកម្ពុជាមានអ្នកឆ្លងកូវីដ-១៩ សរុប ២០៦៩៥នាក់ហើយ ដោយករណីនាំចូលមាន៥៩១ករណី។ ចំណែកអ្នកជាសះស្បើយ៨៥៣៩នាក់ ខណៈអ្នកស្លាប់កើនដល់ ១៣៦នាក់៕
 
 
 

Tag:
 កុមារ
 ទារក
 ភ្នំពេញ
© រក្សាសិទ្ធិដោយ thmeythmey.com