COVID-19
ជាតិ
យកជំនួយចែកពលរដ្ឋនៅតំបន់ក្រហមហើយ លោក កឹម សុខា ថា«ខ្ញុំមិនមានសិទ្ធិធ្វើនយោបាយក្តី តែខ្ញុំមិនបិទភ្នែកសម្ងំសុខតែឯង» ឡើយ
12, May 2021 , 6:59 pm        
រូបភាព
លោក កឹម សុខា មេដឹកនាំអតីតគណបក្សសង្គ្រោះជាតិ រៀបចំអំណោយចែកជូនប្រជាពលរដ្ឋរងគ្រោះដោយសារកូវីដ-១៩ នៅតំបន់ក្រហម ក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ នៅថ្ងៃទី១២ ឧសភា ឆ្នាំ២០២១
លោក កឹម សុខា មេដឹកនាំអតីតគណបក្សសង្គ្រោះជាតិ រៀបចំអំណោយចែកជូនប្រជាពលរដ្ឋរងគ្រោះដោយសារកូវីដ-១៩ នៅតំបន់ក្រហម ក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ នៅថ្ងៃទី១២ ឧសភា ឆ្នាំ២០២១
ភ្នំពេញ៖ អតីតប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បានយកជំនួយមនុស្សធម៌ ទៅចែកពលរដ្ឋ១០០គ្រួសារ ដែលរងគ្រោះដោយសារកូវីដ-១៩ នៅតំបន់ក្រហម ក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ នាថ្ងៃទី១២ ឧសភា។ លោក កឹម សុខា អះអាងថា ខ្លួនមិនសម្ងំសុខតែឯងឡើយ។

 
ជំនួយមនុស្សធម៌ ដែលលោក កឹម សុខា ប្រមូលបានពីសប្បុរសជនខ្មែរក្នុងស្រុក និងក្រៅប្រទេស ទៅចែកជូនពលរដ្ឋរងគ្រោះទាំងនេះ មានស្បៀងអាហារ ដូចជា អង្ករ ត្រីខ ឆៃប៉ូវផ្អែម ទឹកស៊ីអ៊ីវ ម៉ាស់ អាល់កុល សាប៊ូ និងថវិកា ២០០០០រៀល ក្នុងមួយគ្រួសារ។
 
អមជាមួយរូបភាពចែកអំណោយនេះ លោក កឹម សុខា ឆ្លៀតលើកឡើងថា ខ្លួនមិនសម្ងំសុខតែឯង ដោយទុកឱ្យពលរដ្ឋនោះទេ ទោះខ្លួនមិនទាន់មានសិទ្ធិធ្វើនយោបាយវិញក្តី។ «ជំនួយនេះពិតជាតិចតួចណាស់ ក៏ប៉ុន្តែនេះជាសទ្ធា(ជាជំនឿ) ដែលខ្ញុំជឿថាបើខ្មែរមានទុក្ខ ត្រូវតែខ្មែរជួយខ្មែរ បើខ្មែរមានបញ្ហាក៏ត្រូវតែមានដំណោះស្រាយរវាងខ្មែរនិងខ្មែរដែរ ទោះបីកន្លងមកតែងតែមានអន្តរជាតិជួយយើងក៏ដោយ។ ដូច្នេះហើយ ទោះបីនៅពេលនេះ ខ្ញុំមិនមានសិទ្ធិធ្វើនយោបាយក្តី តែខ្ញុំមិនបិទភ្នែកសម្ងំសុខតែឯង មិនគិតតែបក្សពួកស្វែងរកបុណ្យស័ក្តិលាភសក្ការៈ មិនក្បត់ឆន្ទៈរាស្ត្រ មិនបង្ករជម្លោះ មិនធ្វើអ្វីឲ្យប៉ះពាល់ដល់ប្រទេសជាតិឡើយ»។ នេះជាការលើកឡើងរបស់លោក កឹម សុខា។


 
មិនតែប៉ុណ្ណោះមេដឹកនាំអតីតបក្សប្រឆាំងរូបនេះ បានព្រលយសម្តីក្នុងន័យនេះថា លោកតែងតែធ្វើការទូតជាមួយអន្តរជាតិ និងខ្មែរគ្នាឯង ដើម្បីប្រយោជន៍រួម នៅក្នុងអំឡុងពេលលំបាកនេះ។ លោក កឹម សុខា បានសរសេរលើហ្វេសប៊ុកដូច្នេះថា៖«ខ្ញុំធ្វើអ្វីៗដើម្បីខ្មែរ ជាក់ស្តែងគឺ ទន្ទឹមនឹងធ្វើទំនាក់ទំនងការទូត និងទំនាក់ទំនងជាមួយមេដឹកនាំខ្មែរ និងខ្មែរនៅក្នុងប្រទេសកម្ពុជាដើម្បីប្រយោជន៍ខ្មែរ ខ្ញុំក៏តែងតែចុះជួបសួរសុខទុក្ខប្រជាពលរដ្ឋតាមមូលដ្ឋានផ្ទាល់ និងចូលរួមជួយជាជំនួយមនុស្សធម៌ដល់បងប្អូនជនរួមជាតិដែលរងគ្រោះកន្លងមកក៏ដូចជាបច្ចុប្បន្ន និងបន្តទៅថ្ងៃមុខទៀតផងដែរ»។
 
រដ្ឋបាលរាជធានីភ្នំពេញ សម្រេចបន្តអនុវត្តវិធានការរដ្ឋបាលរយៈពេល ១ សប្តាហ៍ទៀត ពោលគឺបន្តដល់ថ្ងៃទី១៩ ឧសភា ជាមួយនឹងការបន្តបែងចែកតំបន់ក្រហម លឿងទុំ និងលឿងដដែល។ ទោះយ៉ាងណាក៏ដោយ តំបន់ក្រហមរួមតូចជាងមុនជាងពាក់កណ្តាល ដូចគ្នាការរួមតូចនៃតំបន់លឿងទុំដែរ។ តំបន់លឿង មានលំហកាន់តែធំជាមុន។
សេចក្តីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ តំបន់ក្រហម ជាតំបន់ដែលមានការរាលដាលជំងឺកូវីដ-១៩ខ្លាំង កាន់តែរួមតូចជាមុន ដោយបច្ចុប្បន្ននៅសល់តែ១១ភូមិ និងទីតាំងប៉ុណ្ណោះ។
សូមបញ្ជាក់ថា បច្ចុប្បន្ន កម្ពុជាមានអ្នកឆ្លងកូវីដ-១៩ សរុប ២០ ២២៣នាក់ហើយ ដោយករណីនាំចូលមាន៥៨៨ករណី។ ចំណែកអ្នកជាសះស្បើយ៨ ១៧០នាក់ ខណៈអ្នកស្លាប់កើនដល់ ១៣១នាក់៕
 

Tag:
 កឹម សុខា
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com