ជាតិ
សង្គមជាតិ
តុលាការសម្រេចដោះលែងកញ្ញា មាន ពេជ្ររីតា ឱ្យនៅក្រៅឃុំ តាមសំណើមេធាវីស្ម័គ្រចិត្តរដ្ឋាភិបាល កញ្ញា មាន ពេជ្ររីតា ពិធីការិនីទូរទស្សន៍ MYTV ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី៩ ឧសភា តាមបណ្ដឹងរបស់លោកឧកញ៉ា ហេង សៀ ដែលបានប្ដឹងចោទកញ្ញាថា បានលួចទូរសព្ទ និងប៉ងចាក់សម្លាប់។ (រូបពីហ្វេសប៊ុក)
× ភ្នំពេញ៖ តុលាការសម្រេចដោះលែង កញ្ញា មាន ពេជ្ររីតា ពិធីការិនីទូរទស្សន៍ MYTV ឱ្យនៅក្រៅឃុំបណ្ដោះអាសន្នវិញ តាមសំណើរបស់មេធាវីស្ម័គ្រចិត្ត របស់រដ្ឋាភិបាល។ នេះបើតាមលិខិតបង្គាប់ឱ្យដោះលែងរបស់លោក កួយ សៅ អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ និងជាចៅក្រមស៊ើបសួរ នៅថ្ងៃទី១៣ ឧសភា។
លោក កួយ សៅ បានបញ្ជាក់ក្នុងលិខិតថា ក្រោយពីបានពិនិត្យលើសំណុំរឿង និងពាក្យសុំសព្វគ្រប់មក តំណាងអយ្យការបានឯកភាព សម្រេចឱ្យជនត្រូវបានចោទនៅក្រៅឃុំបណ្ដោះអាសន្ន តាមការស្នើសុំរបស់មេធាវីការពារសិទ្ធិឱ្យ កញ្ញា មាន ពេជ្ររីតា ។
អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ និងជាចៅក្រមស៊ើបសួរ បានបញ្ជាក់ដូច្នេះ ៖«ការឱ្យនៅក្រៅឃុំបណ្ដោះអាសន្ន ពុំប៉ះពាល់ដល់នីតិវិធីនៃការស៊ើបសួរឡើយ។ ដូច្នេះតុលការគប្បីអនុញ្ញាតឱ្យជនត្រូវបានចោទនៅក្រៅឃុំបណ្ដោះអាសន្ន ដោយជំនួសមកវិញដាក់ជនត្រូវបានចោទោ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ»។
សមត្ថកិច្ច បានចាប់ខ្លួនកញ្ញា មាន ពេជ្ររីតា កាលពីថ្ងៃទី៩ ឧសភា តាមបណ្ដឹងរបស់លោកឧកញ៉ា ហេង សៀ ដែលបានចោទកញ្ញាថា បានលួចទូរសព្ទ និងប៉ងចាក់សម្លាប់ខ្លួន។ បណ្ដឹងរបស់លោកឧកញ៉ានេះ ធ្វើឡើងក្រោយពីអ្នកទាំងពីរ ផ្ទុះជម្លោះគ្នានៅក្នុងរថយន្ត ស្ថិតនៅក្នុងខណ្ឌទួលគោគ រាជធានីភ្នំពេញ កាលពីថ្ងៃទី៤ ឧសភា។
ក្រោយស្ថិតនៅក្នុងបន្ទប់ឃុំខ្លួន និងសួរចម្លើយអស់រយៈពេល៣ថ្ងៃមក កញ្ញា មាន ពេជ្ររីតា ពិធីការិនីទូរទស្សន៍ My TV និងជាអតីតបេក្ខនារី Miss Grand Cambodia ក៏បានប្តឹងលោកឧកញ៉ា ហេង សៀ ពីបទ «ប៉ុនប៉ងរំលោភសេពសន្ថវៈ» នៅក្នុងរថយន្តវិញ។ ក្នុងពាក្យបណ្ដឹងនេះ កញ្ញា ពេជ្ររីតា ក៏ទាមទារសំណងជំងឺចិត្ត ចំនួន១០ម៉ឺនដុល្លា និងទាមទារការខាតបង់ និងខូចខាតពេលវេលា និងសេវាផ្លូវច្បាប់ចំនួន ១ម៉ឺនដុល្លារ ទៀតផង។
ក្នុងលិខិតបណ្ដឹងនោះ ពិធីការិនីទូរទស្សន៍ My TVរូបនេះ ក៏បានរៀបរាប់លម្អិតពីដំណើរដើមទងនៃការស្គាល់គ្នាជាមួយឧកញ៉ា ហេង សៀ នេះ រហូតដល់មានការប្ដឹងផ្ដល់ពីបទ«ប៉ុនប៉ងរំលោភសេពសន្ថវៈ»នេះ៕
Tag:
មាន ពេជ្ររីតា
យុត្តិធម៌
ហិង្សាលើស្ត្រី
© រក្សាសិទ្ធិដោយ thmeythmey.com