COVID-19
ជាតិ
ចូរ​កុំ​ធ្វើ​បុរេវិនិច្ឆ័យ​រឿងហេតុ​ដោយ​ផ្អែក​ត្រឹមតែ​«​តម្រុយ​»​ព័ត៌មាន ឬ​ដំណឹង​!
13, May 2021 , 3:27 pm        
រូបភាព
​ខ្ញុំ​សូម​អធ្យាស្រ័យ​ទុកជាមុន ប្រសិនបើ​សំណេរ​ខ្ញុំ​ធ្វើ​ឲ្យ​រំខាន​អារម្មណ៍​អ្នកអាន​នៅក្នុង​អត្ថបទ​នេះ​។ យោងតាម​ឯកសារ កាសែត​សន្លឹក​បានកកើតឡើង​នៅ​ដើមឆ្នាំ​១៦០០ រីឯ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កបាន​បង្កើតឡើង​នៅ​ឆ្នាំ​២០០៤​ដោយ​ជនជាតិ​អាមេរិក​។



​ហ្វេ​ស​ប៊ុ​កបាន​ចូលមកក្នុង​ប្រទេស​កម្ពុ​ជា​ក្នុងអំឡុង​ឆ្នាំ​២០០៦ ឬ​២០០៧ ឬ​២០០៨​។ ហ្វេ​ស​ប៊ុ​កមាន​ប្រជាប្រិយ​ភាពខ្លាំង​នៅ​ឆ្នាំ​២០១៣​នៅក្នុង​ប្រទេស​កម្ពុជា និង​រហូតមក​ដល់ពេល​បច្ចុប្បន្ននេះ​។ ពេលខ្លះ រឿងរ៉ាវ​នយោបាយ ជំនួញ គ្រួសារ បុគ្គល សហគមន៍ និង​រឿងរ៉ាវ​សង្គម​ដទៃទៀត ទាំង​ល្អ ទាំង​អាក្រក់ ត្រូវបាន​គេ​យកមក​លាតត្រដាង​នៅលើ​បណ្តាញ​សង្គម​នៅក្នុង​សម័យកាល​ឌីជីថល​នេះ​នៅក្នុង​ប្រទេស​កម្ពុជា​។ ករណី​ថ្មី​បំផុត និង​ផ្ទុះ​ខ្លាំង​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​នៅពេលនេះ គឺ​រឿងរ៉ាវ​ប្តឹងផ្តល់​រវាង​លោក​ឧកញ៉ា​ម្នាក់ និង​កញ្ញា​ពិធី​ការិនី​ទូរទស្សន៍​មួយ​។ 
 
​កាលពី​ដើមឡើយ និង​ក្រោយ​របប​ប៉ុលពត​រហូតមក​ទល់នឹង​ការបង្ហាញ​វត្តមាន​ហ្វេ​ស​ប៊ុ​កនៅ​ក្នុងប្រទេស​កម្ពុជា ពលរដ្ឋ​ខ្មែរ​ភាគច្រើន​ទទួល​ព័ត៌មាន​តាមរយៈ​សេវា​រដ្ឋបាល​របស់​រដ្ឋ និង​តាម​បណ្តាញសារព័ត៌មាន​បែប​បុរាណ​ដែលជា​រួម​៖ វិទ្យុ កាសែត ទស្សនា​វ​ដ្តី ទូរទស្សន៍​។​ល​។  ​តែ​ចាប់ពី​ចុង​ទសវត្សរ៍​២០០០​មក ដំណឹង និង​ព័ត៌មាន​ជាច្រើន​ចរាចរ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ជាពិសេស ក្នុងករណី​ប្រទេស​កម្ពុជា​តែម្តង​។ គ្រប់​ប្រភេទ​ព័ត៌មាន​ស្ទើរតែ​ចរាចរ​ដោយ​ខានមិនបាន​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ព្រោះ ប្រជាពលរដ្ឋ​ខ្មែរ​ភាគច្រើន​ចំណាយពេល​ជាច្រើន​ម៉ោង​ស្ថិតនៅលើ​ទីលាន​បណ្តាញ​សង្គម​មួយ​នេះ​។ 
 
​នាពេល​បច្ចុប្បន្ននេះ គេ​សឹងតែ​អាច​ចែក​សង្គម​ជា​ពីរ​ទៅហើយ​។ សង្គម​ពិត​ស្ថិតនៅលើ​ផែនដី និង​សង្គម​ហ្វេ​ស​ប៊ុ​ក​ស្ថិតនៅលើ​លំហរ​អាកាស​។ ដោយសារតែ​មហាជន​ជ្រើសរើស​សង្គម​ហេ្វ​ស​ប៊ុ​ក​កាន់តែច្រើន ដូច្នេះ ដំណឹង ឬ​ព័ត៌មាន​ដែល​ហូរ ឬ​ចរាចរ​នៅលើ​បណ្តាញ​សង្គម​មួយ​នេះ កាន់​តែមាន​ឥទ្ធិពល​មកលើ​សង្គម​ពិត​ស្ថិតនៅលើ​ផែនដី មានន័យថា ព័ត៌មាន ឬ​ដំណឹង​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក បាន និង​កំពុង​ដាក់​សម្ពាធ​យ៉ាងខ្លាំង​មកលើ​ការគិត ឬ​ការសម្រេចចិត្ត​របស់​ថ្នាក់ដឹកនាំ ទាំង​ក្នុង​ស្ថាប័នរដ្ឋ ឯកជន អង្គការ សហគមន៍ គ្រួសារ​។​ល​។ 
 
​នេះ គឺជា​អ្វីដែល​បាន និង​កំពុង​កើតឡើង​នៅក្នុង​សង្គម​ខ្មែរ ទោះ​ក្នុង​កម្រិត​តិច ឬ​ច្រើន​ក៏ដោយ​។ បើតាម​យោបល់​ខ្ញុំ​, ទាំង​ខ្ញុំ និង​សង្គម​ទាំងមូល ប្រហែលជា​ពិបាក​គេច​ចេញពី​ចរន្ត​មួយ​នេះ​ណាស់​។ ចុះបើ​ពិបាក​គេច​ចេញពី​ចរន្ត​នេះ តើ​យើង​គួរ​ធ្វើ​ដូចម្តេច​? 
 
​បើ​ផ្អែកលើ​គំនិត​ខ្ញុំ​សុទ្ធសាធ ដើម្បី​កុំ​ឲ្យ​សង្គម​ហ្វេ​ស​ប៊ុ​ក ដាក់​សម្ពាធ​ខ្លាំង​មកលើ​សង្គម​ពិត​ពេក យើង​ម្នាក់ៗ​គួរ​ប្រយ័ត្នប្រយែង និង​ចាប់ផ្តើម​ពិចារណា​ថា រាល់​ព័ត៌មាន ឬ​ដំណឹង​ដែល​កំពុង​ហូរ​, ចរាចរ ឬ​ផ្ទុះ នៅលើ​បណ្តាញ​សង្គម ដែល​ពេលខ្លះ ប្រៀប​បីដូច​ជា​ទឹកបាក់​ទំនប់​នោះ វា​គ្រាន់តែ​ជា​«​តម្រុយ​»​នៃ​ដំណឹង ឬ​ព័ត៌មាន​ប៉ុណ្ណោះ​។
 
​បើ​វា​គ្រាន់តែ​ជា​តម្រុយ​នៃ​ដំណឹង ឬ​ព័ត៌មាន ដូច្នេះ យើង​គ្រប់គ្នា (​បើ​យើង​ចង់ដឹង​) គ្រាន់តែ​ប្រើប្រាស់​វា​ជា​ដំណឹង ឬ​ព័ត៌មាន​បឋម​សិន​ចុះ ពោល គឺ​យើង​មិនគួរ​ដាក់​អារម្មណ៍​ជឿ​ស៊ុប​ដូច​រឿង​មែនទែន​នោះឡើយ​។ យើង​គួរ​ត្រឹម​យក​តម្រុយ​ដំណឹង​នោះ មក​ពិចារណា​សិន​បាន​ហើយ​។ រីឯ​ការពិត​យ៉ាងណា​នោះ យើងទាំងអស់គ្នា​ដែល​ស្ថិតនៅលើ​សង្គម​ហ្វេ​ស​ប៊ុ​ក​នៅលើ​អាកាស​ដូចគ្នា​នោះ ពិតជា​មិនអាច​ដឹងបាន​ឡើយ​។ បើកាលណា​យើង​ធ្វើ​បុរេវិនិច្ឆ័យ​លឿន​ពេក ហើយ​ជាពិសេស បើ​យើង​ធ្វើ​បុរេវិនិច្ឆ័យ​រឿងហេតុ​ដែល​យើង​មិនដឹង​ឫសគល់​នៃ​ហេតុ ហើយ​ចៃដន្យ​រឿង​នោះ​វា​មិន​ត្រឹមត្រូវ​ទៀត ពេលនោះ ការវិនិច្ឆ័យ​របស់​យើង​កាន់តែ​ឃ្លាតឆ្ងាយ​ចេញពី​ការពិត​។ ខ្ញុំ​សូមបញ្ជាក់ថា សូម្បីតែ​ព័ត៌មាន​នៅលើ​បណ្តាញសារព័ត៌មាន​ក៏ដោយ ក៏​ពេលខ្លះ យើង​ជា​អ្នកអាន ត្រូវ​អាន និង​ជឿ​ដោយ​ការពិចារណា​ផងដែរ​។ 
 
-​ចូរ​កុំ​ធ្វើការ​វិនិច្ឆ័យ ឬ​បុរេវិនិច្ឆ័យ​រឿងរ៉ាវ​ដែល​យើង​មិនដឹង​ឫសគល់​! 
 
-​ចូរ​កុំ​បញ្ចូល​អារម្មណ៍​រំភើប ឬ​មួម៉ៅ​របស់ខ្លួន​ទៅលើ​រឿងរ៉ាវ​ដែល​យើង​មិនដឹង ទោះ​ក្នុងនាម​ជា​ប្រជាពលរដ្ឋ អ្នកច្បាប់ មន្ត្រី ឬ​អ្នកសារព័ត៌មាន​ក៏ដោយ​! 
 
-​ចូរ​រួមគ្នា​កាត់បន្ថយ​ឥទ្ធិពល​សង្គម​ហ្វេ​ស​លើ​អាកាស​មកលើ​សង្គម​ពិត​ដើម្បី​ស្វែងរក​ការពិត​!  
 
​លោក លឹម ពិសិដ្ឋ ប្រជាពលរដ្ឋ​រាជធានី​ភ្នំពេញ (​លិខិត​មិត្ត​អ្នកអាន​)​។ 
 

© រក្សាសិទ្ធិដោយ thmeythmey.com