COVID-19
ជាតិ
លោកស្រី មាសសាឯម ដានី រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី វិជ្ជមានកូវីដ-១៩
13, May 2021 , 6:59 pm        
រូបភាព
លោកស្រី មាសសាឯម ដានី អាយុ៧១ឆ្នាំ រដ្ឋលេខាធិការនៃទីស្តីការគណៈរដ្ឋមន្ត្រី មានលទ្ធផលតេស្តវិជ្ជមានកូវីដ-១៩។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ទីស្តីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី១៣ ខែឧសភា។

 
កាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១ លោកស្រី មាសសាឯម ដានី បានទៅចាក់វ៉ាក់សាំងកូវីដ-១៩ AstraZeneca (Covishield) ដូសទី២នៅមន្ទីរពេទ្យកាល់ម៉ែត។ លោកស្រីចាប់ផ្តើមមិនស្រួលក្នុងខ្លួននៅថ្ងៃទី៦-៧ ខែឧសភា ហើយឈានដល់ថ្ងៃទី១២ ខែឧសភា បានតេស្តរកកូវីដ-១៩ នៅគេហដ្ឋានខ្លួនក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ហើយលទ្ធផលគឺ វិជ្ជមាន។
 
សេចក្តីប្រកាសព័ត៌មាន បានបញ្ជាក់ថា ចាប់តាំងពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ លោកស្រី មាសសាឯម ដានី មិនបានទៅបំពេញការងារនៅទីស្តីការគណៈរដ្ឋមន្ត្រីឡើយ។
 
លោក សយ សុខា រដ្ឋលេខាធិការដែលចុះហត្ថលេខាលើសេចក្តីប្រកាសព័ត៌មាន បានក្រើនណែនាំដល់អ្នកទាក់ទងផ្ទាល់ជាមួយលោកស្រី មាសសាឯម ដានី ទៅយកសំណាកនៅតាមទីតាំងដែលក្រសួងសុខាភិបាលបានកំណត់ រីឯអ្នកទាក់ទងដោយប្រយោល ត្រូវធ្វើចត្តាឡីស័កនៅផ្ទះ១៤ថ្ងៃ និងតាមដានសុខភាពខ្លួនឯង៕
 

© រក្សាសិទ្ធិដោយ thmeythmey.com