COVID-19
ជាតិ
កម្មការិនីម្នាក់ទៀត នឹងបានប្រាក់១០លានរៀលពីរដ្ឋ ក្រោយចាក់វ៉ាក់សាំងកូវីដ-១៩
14, May 2021 , 10:48 am        
រូបភាព
ភ្នំពេញ៖ កម្មការិនីរោងចក្រម្នាក់ទៀត ជាមនុស្សទី២លាននាក់ ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ នឹងបានប្រាក់១០លានរៀលពីរដ្ឋាភិបាល។ នេះបើតាមសម្ដេច ហ៊ុន សែន សរសេរលើហ្វេសប៊ុក នៅថ្ងៃទី១៤ ឧសភានេះ។


 
តាមរយៈហ្វេសប៊ុកសម្ដេច ហ៊ុន សែន បានបញ្ជាឱ្យលោកស្រី ឱ វណ្ណឌីន ប្រធានគណៈកម្មការចំពោះកិច្ចលើការចាក់វ៉ាក់សាំង ប្រគល់ប្រាក់ឱ្យកម្មការិនីរូបនេះ។ «យើងរកឃើញមនុស្សទី២លាន ដែលបានទៅក្មួយស្រី ទិត ចិន្តា អាយុ២៣ឆ្នាំ ជាកម្មការិនីរោងចក្រ នឹងទទួលបានប្រាករង្វាន់លើកទឹកចិត្តចំនួនទឹកប្រាក់១០លានរៀល»។
 
កាលពីថ្ងៃទី១១ មេសា រដ្ឋាភិបាល ក៏បានប្រគល់ប្រាក់រង្វាន់១០លានរៀល ដល់លោក ប៉ាន់ សុវណ្ណរិទ្ធី ដែលជាមនុស្សទី១លាននាក់ បានចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ដែរ។

បច្ចុប្បន្ន​កម្ពុ​ជាមាន​វ៉ាក់សាំង ជាង​៤,៥​លាន​ដូ​ស​ដែល​កំពុង​ចាក់​ជូន​ពលរដ្ឋ ក្នុងនោះ​វ៉ាក់សាំង​Sinopharm ១,៧​លាន​ដូ​ស ,Sinovac ២,៥​លាន​ដូ​ស និង​AstraZeneca ជាង​៣២​ម៉ឺន​ដូ​ស​។ រដ្ឋាភិបាល បានកំណត់​ផែនការ​ចាក់​វ៉ាក់សាំង​ឱ្យ​ពលរដ្ឋ​យ៉ាងតិច​១០​លាន​នាក់​។​
 
​គិត​ត្រឹម​ថ្ងៃទី​១៣ ឧសភា កម្ពុជា មាន​អ្នក​ឆ្លង​កូ​វីដ​-១៩ សរុប​២១១៤១​នាក់​ហើយ ដោយ​ករណី​នាំចូល​មាន​៦០៦​ករណី​។ ចំណែក​អ្នកជា​សះស្បើយ​៩៥១៩​នាក់ ខណៈ​អ្នកស្លាប់ ១៤២​នាក់​៕
 

Tag:
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com