អន្តរជាតិ
ប្រមុខUN បង្ហាញក្តីកង្វល់លើការវាយប្រហាររបស់អ៊ីស្រាអែលលើអាគារអ្នកសារព័ត៌មាន
16, May 2021 , 10:47 am        
រូបភាព
រូបភាព៖ Reuters និង U.S. Mission Photo
រូបភាព៖ Reuters និង U.S. Mission Photo
អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោកអាន់តូនីញ៉ូ ហ្គូតេរ៉េស បានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំង ជុំវិញការវាយប្រហាររបស់អ៊ីស្រាអែលលើអាគារស្នាក់នៅរបស់អ្នកសារព័ត៌មានអន្តរជាតិ។ នេះបើតាមការអះអាងរបស់អ្នកនាំពាក្យអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Stephane Dujarric  នៅថ្ងៃទី១៥ ខែឧសភា។

 
 
អត្ថបទទាក់ទង
 
ជម្លោះរវាងអ៊ីស្រាអែល និងក្រុមយុទ្ធជនប៉ាឡេស្ទីនហាម៉ាស ដែលមានវត្តមាននៅដែនដី កាហ្សា ស្រ្ទីប នៅតែបន្ត។ ក្នុងថ្ងៃទី១៥ ខែឧសភា អ៊ីស្រាអែល បានវាយប្រហារលើអាគារ ១២ជាន់ ដែលជាកន្លែងស្នាក់នៅរបស់អ្នកសារព័ត៌មាន Al Jazeera និងអ្នកសារព័ត៌មានទីភ្នាក់ងារ AP ។ យ៉ាងណាមិញ អ្នកសារព័ត៌មាន មិនរងគ្រោះអ្វីឡើយ ដោយសារមានការជម្លៀសប៉ុន្មានម៉ោងមុន។ 
 
ទាក់ទិននឹងបញ្ហាខាងលើនេះ អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោកអាន់តូនីញ៉ូ ហ្គូតេរ៉េស បានបង្ហាញការព្រួយបារម្ភ ដោយសារតែការវាយប្រហាររបស់ក្រុមអ៊ីស្រាអែលលើអាគារនោះ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ អ្នកនាំពាក្យអគ្គលេខាធិការUN លោក Stephane Dujarric បានលើកឡើងថា លោក ហ្គូតេរ៉េស មានការខ្វល់ចិត្តជាខ្លាំង ដោយសារអ៊ីស្រាអែល បានបំផ្លាញអាគារកម្ពស់ ១២ជាន់ ដែលជាកន្លែងស្នាក់នៅរបស់អ្នកសារព័ត៌មានជាច្រើននាក់។ 
 
ក្នុងន័យនេះ ប្រមុខUN បានអំពាវនាវឱ្យភាគីទាំងអស់ កុំវាយប្រហារមិនរើសមុខរួមទាំងអ្នកសារព័ត៌មានផង ព្រោះវាជាការបំពានច្បាប់អន្តរជាតិ។ «អគ្គលេខាធិការអង្គការសហប្រជាជាតិ បានប្រាប់គ្រប់ភាគីទាំងអស់ថា ការវាយប្រហារមិនរើសមុខរួមទាំងរចនាសម្ព័ន្ធសារព័ត៌មាន គឺជាការបំពានច្បាប់អន្តរជាតិ និងត្រូវតែបញ្ចៀសឱ្យបាន»។ លោក Dujarric បានបន្ថែមបែបនេះ។ 
 
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ត្រូវបើកកិច្ចប្រជុំលើកទី៣ នៅថ្ងៃទី១៦ ខែឧសភា ដោយមានចិនជាប្រធានផ្លាស់វេន និងត្រូវប្រព្រឹត្តទៅតាមប្រព័ន្ធវីដេអូ។ មុនក្រុមប្រឹក្សាសន្តិសុខបើកកិច្ចប្រជុំមុនមួយថ្ងៃ ម៉ាឡេស៊ី និងឥណ្ឌូណេស៊ី បានអំពាវនាវទៅក្រុមប្រឹក្សាដ៏មានឥទ្ធិពលមួយនេះ ចាត់វិធានការ ដើម្បីឱ្យគ្រប់ភាគីទាំងអស់មានបទឈប់បាញ់ និងបញ្ឈប់ការវាយប្រហារលើតំបន់កាហ្សា ស្រ្ទីប។ 
 
មកទល់ពេលនេះ មនុស្សយ៉ាងហោចណាស់ ១៣៦នាក់ ក្នុងនោះរួមទាំង កុមារចំនួន ៣៤នាក់ និងស្រ្តី២១នាក់ បានបាត់បង់ជីវិតនៅក្នុងតំបន់កាហ្សា ស្រ្ទីប ខណៈអ៊ីស្រាអែលមានអ្នកស្លាប់ចំនួន ៨នាក់៕ 
 

Tag:
 UN
  អ៊ីស្រាអែល
  ប៉ាឡេស្ទីន
© រក្សាសិទ្ធិដោយ thmeythmey.com