COVID-19
ជាតិ
ខេត្តកំពង់ចាម មានអ្នកសះស្បើយពីកូវីដ-១៩ សរុប២៨នាក់ ខណៈអ្នកឆ្លងថ្មីមាន១០នាក់
17, May 2021 , 10:23 am        
រូបភាព
អ្នកសះស្បើយពីកូវីដ-១៩ រង់ចាំទទួលលិខិតបញ្ជាក់ពីគ្រូពេទ្យ មុននឹងអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យមេគង្គកំពង់ចាម កាលពីថ្ងៃទី១៤ឧសភា។ រួបភាព៖ហ្វេសប៊ុករដ្ឋបាលខេត្តកំពង់ចាម
អ្នកសះស្បើយពីកូវីដ-១៩ រង់ចាំទទួលលិខិតបញ្ជាក់ពីគ្រូពេទ្យ មុននឹងអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យមេគង្គកំពង់ចាម កាលពីថ្ងៃទី១៤ឧសភា។ រួបភាព៖ហ្វេសប៊ុករដ្ឋបាលខេត្តកំពង់ចាម
ដោយ: ថ្មីៗ
រដ្ឋបាលខេត្តកំពង់ចាម បានរកឃើញមនុស្ស១០នាក់ទៀត តេស្តវិជ្ជមានកូវីដ-១៩ នៅថ្ងៃទី១៦ ឧសភា ក្នុងចំណោមមនុស្ស ១៩៣នាក់ដែលបានយកសំណាកតេស្ត។ ក្នុងចំណោមអ្នកវិជ្ជមានថ្មីទាំង១០នាក់នោះ មាន៦នាក់ជាពលរដ្ឋរស់នៅឃុំសំបូរ ស្រុកបាធាយ, ខណៈស្រុកស្រីសន្ធរ ស្ទឹងត្រង់ ព្រៃឈរ និងស្រុកកងមាស មាន១ករណីរៀងខ្លួន។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ចាម ចេញផ្សាយនៅព្រឹកថ្ងៃទី១៧ ឧសភានេះ ដែលបន្តថាអ្នកជំងឺដែលបានរកឃើញ  ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ មេគង្គកំពង់ចាម។

 
ក្រៅពីរកឃើញអ្នកឆ្លងថ្មី រដ្ឋបាលខេត្តកំពង់ចាម ក៏បានប្រកាសថា មានអ្នកជំងឺកូវីដ-១៩ ចំនួន ២៨នាក់បន្ថែមដែរ បានជាសះស្បើយពីកូវីដ-១៩ កាលពីថ្ងៃទី១៦ ឧសភា។ តួលេខនេះ បានធ្វើឱ្យអ្នកជាសរុបកើនដល់ ១០៥នាក់។ យ៉ាងណាក៏ដោយ រដ្ឋបាលខេត្តមិនបានបង្ហាញអត្តសញ្ញាណអ្នកសះស្បើយនោះទេ។ 
 
គួរជម្រាបថា មិនមែនមានតែខេត្តកំពង់ចាមនោះទេ ដែលមានករណីឆ្លងថ្មីកូវីដ-១៩ ខេត្តកំពង់ស្ពឺ ក៏បានរកឃើញអ្នកកើតកូវីដ-១៩បន្ថែមចំនួន២៤នាក់ដែរ កាលពីថ្ងៃទី១៦ ឧសភា ខណៈខេត្តកំពង់ធំ រកឃើញ៦ករណី ហើយខេត្តកំពត ក៏មាន៣ករណីថ្មីដែរ។
 
 
តាមរបាយការណ៍របស់ក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី១៥ ឧសភា កម្ពុជា មានអ្នកកើតកូវីដ-១៩ ចំនួន២២ ១៨៤នាក់ ដោយសះស្បើយមាន ១២ ១២០នាក់ និងស្លាប់១៥០នាក់៕
 
 
 

Tag:
 កូវីដ-១៩
 កំពង់ចាម
© រក្សាសិទ្ធិដោយ thmeythmey.com