អន្តរជាតិ
ចិនសោកស្តាយ បន្ទាប់ពីអាមេរិកជំទាស់សេចក្តីថ្លែងការណ៍លើអ៊ីស្រាអែលនិងប៉ាឡេស្ទីនជាថ្មី
17, May 2021 , 10:39 am        
រូបភាព
លោកវ៉ាង យី រដ្ឋមន្រ្តីការបរទេសចិន។ រូបភាព៖ ក្រសួងការបរទេសចិន
លោកវ៉ាង យី រដ្ឋមន្រ្តីការបរទេសចិន។ រូបភាព៖ ក្រសួងការបរទេសចិន
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) នៅថ្ងៃទី១៦ ខែឧសភា បានបើកកិច្ចប្រជុំជាលើកទីបី ដើម្បីជជែកពីបញ្ហាប៉ាឡេស្ទីន និងអ៊ីស្រាអែល។ ជាថ្មីម្តងទៀត អាមេរិក បានជំទាស់មិនឱ្យចេញសេចក្ដីថ្លែងការណ៍លើវិបត្តិនេះឡើយ ដោយសំអាងថា ខ្លួនកំពុងដោះស្រាយជម្លោះទាំងនោះ។ ចិន បានត្រឹមបង្ហាញការសោកស្តាយលើការជំទាស់របស់អាមេរិក និងជំរុញឱ្យអ៊ីស្រាអែល និងប៉ាឡេស្ទីន មានបទឈប់បាញ់មួយ។


 
 
ការបាញ់ផ្លោងគ្រាប់រ៉ុក្កែត និងការវាយប្រហារផ្លូវអាកាសរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន ហាក់មិនធូរស្រាលឡើយ ខណៈចំនួនអ្នកស្លាប់ នៅតែបន្តកើនឡើង។ អ្នកស្លាប់យ៉ាងហោចណាស់ ១៩២នាក់ មាននៅតំបន់កាហ្សា ស្របពេលអ៊ីស្រាអែលមានអ្នកស្លាប់ចំនួន ១០នាក់។ នាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោកបេនចាមីន នេតាន់យ៉ាហ៊ូ បានប្រកាសក្តែងៗថា ការវាយប្រហារ នឹងមិនបញ្ឈប់ភ្លាមៗឡើយ។ 
 
ខណៈជម្លោះនៅតំបន់មជ្ឈិមបូព៌ាមួយនេះ កាន់តែធ្ងន់ធ្ងរឡើង ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានបើកកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ ដែលរៀបចំដោយចិន ជាប្រធានឆ្លាស់វេនរបស់ក្រុមប្រឹក្សាសន្តិសុខ។ 
 
ប៉ុន្តែ កិច្ចប្រជុំដើម្បីជជែកពីបញ្ហាប៉ាឡេស្ទីន និងអ៊ីស្រាអែលជាលើកទី៣នេះ ត្រូវបានអាមេរិកជំទាស់ម្តងទៀត ដោយរដ្ឋបាលលោកចូ បៃឌិន ប្រធានាធិបតីអាមេរិក បានការពារថា ខ្លួនកំពុងដោះស្រាយជាសម្ងាត់លើបញ្ហានោះ ហើយសេចក្តីថ្លែងការណ៍UNSC មានតែធ្វើឱ្យស្ថានការណ៍ក្នុងតំបន់កាន់តែធ្ងន់ធ្ងរជាងមុន។ នេះបើតាមការចុះផ្សាយររបស់ទីភ្នាក់ងារព័ត៌មាន AFP។ 
 
ជាការឆ្លើយតបនឹងការជំទាស់នោះ រដ្ឋមន្រ្តីការបរទេសចិន វ៉ាង យី ដែលដឹកនាំកិច្ចប្រជុំ បានបង្ហាញការសោកស្តាយ និងទាមទារឱ្យអាមេរិកត្រូវចេះទទួលខុសត្រូវលើបញ្ហាខ្លួន។ «យើងអំពាវនាវឱ្យអាមេរិកទទួលខុសត្រូវលើបញ្ហាខ្លួនឱ្យបានត្រឹមត្រូវ»។ លោក វ៉ាង បានលើកឡើងបែបនេះ។ 
 
ការជំទាស់របស់អាមេរិក លើបញ្ហាខាងលើគ្មានអ្វីចម្លែកឡើយ ព្រោះរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ជាសម្ព័ន្ធមិត្តដ៏សំខាន់មួយរបស់រដ្ឋាភិបាលអ៊ីស្រាអែល។ កន្លងមក អាមេរិក ក៏បានជំទាស់កិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខពីរលើករួចមកហើយ និងថែមទាំងទាមទារឱ្យក្រុមប្រឹក្សាមួយនេះពន្យារពេលបើកកិច្ចប្រជុំថែមទៀត។ UNSC ដំបូងឡើយ ត្រូវបើកកិច្ចប្រជុំនៅថ្ងៃទី១៤ ខែឧសភាទេ ប៉ុន្តែត្រូវលើកពេលមកថ្ងៃទី១៦ ខែឧសភាវិញ។ 
 
ក្នុងនាមជាប្រធាននៃកិច្ចប្រជុំ រដ្ឋមន្រ្តីការបរទេសចិន បានអំពាវនាវឱ្យមានបទឈប់បាញ់ភ្លាមៗ និងអំពាវនាវឱ្យក្រុមប្រឹក្សាសន្តិសុខចាត់វិធានការខ្លាំងៗ ដើម្បីដោះស្រាយបញ្ហានៅក្នុងតំបន់។ ជាមួយគ្នានេះ លោកវ៉ាង ក៏បានស្នើឱ្យមានការផ្តល់ជំនួយមនុស្សធម៌ទៅតំបន់កាហ្សា ស្រ្ទីប ការស្វែងរកដំណោះស្រាយរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន និងស្នើធ្វើជាអ្នកសម្របសម្រួល ក្នុងកិច្ចចរចារវាងអ៊ីស្រាអែល និងប៉ាឡេស្ទីនផងដែរ។ 
 
ក្នុងអំឡុងពេលកិច្ចប្រជុំក្រុមប្រឹក្សាដ៏មានឥទ្ធិពលនេះដែរ លោកអាន់តូនីញ៉ូ ហ្គូតេរ៉េស អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) បានទាមទារឱ្យមានការឈប់បាញ់ប្រហារភ្លាមៗ ដើម្បីបញ្ឈប់ការបង្ហូរឈាមរវាងដែនដីទាំងពីរ។ លើសពីនេះ ប្រមុខUN ក៏បានរិះគន់លើការវាយប្រហាររបស់អ៊ីស្រាអែលផងដែរ ដែលធ្វើឱ្យប្រជាជនប៉ាឡេស្ទីន ៤០នាក់ បាត់បង់ជីវិត នៅថ្ងៃទី១៦ ខែឧសភា។ 
 
លោក ហ្គូតេរ៉េស ក៏បានលើកពីបញ្ហាអ្នកសារព័ត៌មាន នៅចំពោះមុខប្រទេសមហាអំណាច ក្នុងអំឡុងពេលសុន្ទរកថាបើកកិច្ចប្រជុំផងដែរ។ បើតាមលោក ហ្គូតេរ៉េស អ្នកសារព័ត៌មាន ត្រូវតែអនុញ្ញាតឱ្យធ្វើការដោយសេរី និងមិនមានការភ័យខ្លាច និងការរំខាន។ ការលើកឡើងរបស់ប្រមុខ UN ធ្វើឡើង បន្ទាប់ពីអ៊ីស្រាអែល បានបាញ់កម្ទេចអាគារស្នាក់នៅរបស់អ្នកសារព័ត៌មានមកពីទីភ្នាក់ងារព័ត៌មានធំៗ៕ 
 

Tag:
 អាមេរិក
  UNSC
  អ៊ីស្រាអែល
  ប៉ាឡេស្ទីន
© រក្សាសិទ្ធិដោយ thmeythmey.com