ជាតិ
សុខភាព
ពលរដ្ឋនៅតំបន់ក្រហមជិត៧០ម៉ឺននាក់ ចាក់វ៉ាក់សាំងដូសទី១រួចហើយ
17, May 2021 , 9:29 pm        
រូបភាព
 ក្រុមគ្រូពេទ្យរបស់ក្រសួងការពារជាតិ កំពុងចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ដល់ពលរដ្ឋនៅតំបន់ក្រហម កាលពីថ្ងៃទី១៦ឧសភា ឆ្នាំ២០២១។ រូបថត៖នាយកដ្ឋានព័ត៌មានក្រសួងការពារជាតិ
ក្រុមគ្រូពេទ្យរបស់ក្រសួងការពារជាតិ កំពុងចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ដល់ពលរដ្ឋនៅតំបន់ក្រហម កាលពីថ្ងៃទី១៦ឧសភា ឆ្នាំ២០២១។ រូបថត៖នាយកដ្ឋានព័ត៌មានក្រសួងការពារជាតិ
ក្រុមគ្រូពេទ្យរបស់ក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩  ដូសទី១ ដល់ប្រជាពលរដ្ឋរស់នៅក្នុងតំបន់ក្រហម នៃរាជធានីភ្នំពេញ បានចំនួន៦៩៤,២១៣នាក់ហើយ ក្នុងរយៈពេល១៦ថ្ងៃ ដោយចាប់អនុវត្តពីថ្ងៃទី១ ដល់១៦ឧសភា។ បច្ចុប្បន្ន ក្រុមគ្រូពេទ្យ កំពុងបន្តសកម្មភាពចាក់វ៉ាក់សាំង ដូសទី២ ដល់ពលរដ្ឋទាំងនោះ បាន៣,៥៩៦នាក់ ហើយ។ នេះបើតាមតួលេខរបស់នាយកដ្ឋានព័ត៌មានរបស់ក្រសួងការពារជាតិ។

 
ពលរដ្ឋដែលរស់នៅតំបន់ក្រហមទាំងនោះ មាននៅក្នុងខណ្ឌកំបូល ខណ្ឌពោធិ៍សែនជ័យ ខណ្ឌដង្កោ ខណ្ឌមានជ័យ ខណ្ឌទួលគោក និងខណ្ឌឫស្សីកែវ។ 
លោក ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ និងជាប្រធានប្រតិបត្តិក្រុមការងារចាក់វ៉ាក់សាំងនៅតំបន់ក្រហម បានកត់សម្គាល់ថា ដំណើរការចាក់វ៉ាក់សាំងដូសទី២ចាប់ពីថ្ងៃទី១៥ឧសភា ឆ្នាំ២០២១មក  គឺមានភាពល្អប្រសើរ ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីក្រុមការងារ។
 
លោក ឥត សារ៉ាត់ បន្តក្រើនរំលឹកដល់ក្រុមការងារទាំងអស់ ត្រូវពិនិត្យឯកសារពាក់ព័ន្ធឱ្យបានល្អិតល្អន់បំផុត ក្នុងការចាក់វ៉ាក់សាំងដល់ពលរដ្ឋ ដោយធ្វើយ៉ាងត្រូវប្រាកដពីគម្លាត រវាងការចាក់នូវដូសទី១ មកដូសទី២ ក្នុងរយៈពេល១៤ថ្ងៃ។ ជាមួយគ្នានេះ លោកក៏បានអំពាវនាវដល់ពលរដ្ឋដែលទៅចាក់វ៉ាក់សាំងដូសទី២ ត្រូវយកឯកសារ និងបំពេញលក្ខខណ្ឌមួយចំនួន ផងដែរ។ ដូចជា៖ ត្រូវយកឯកសារចាក់វ៉ាក់សាំងដូសទី១មកជាមួយ, អ្នកចាក់វ៉ាក់សាំងដូសទី១នៅកន្លែងណា គឺត្រូវចាក់ដូសទី២ នៅកន្លែងដដែល ហើយត្រូវដឹងពេលវេលាកំណត់នៃថ្ងៃចាក់ដូសទី២(គ្រប់១៤ថ្ងៃ)ឱ្យបានបច្បាស់លាស់ ដើម្បីចៀសវាងការមកកកកុញនៅកន្លែងចាក់វ៉ាក់សាំង  និងប៉ះពាល់ដល់ប្រសិទ្ធភាពរបស់វ៉ាក់សាំង។ 


លោក ឥត សារ៉ាត់ អគ្គមេបញ្ជាការរងនាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ និងជាប្រធានប្រតិបត្តិក្រុមការងារចាក់វ៉ាក់សាំងនៅតំបន់ក្រហម។ រូបថត៖នាយកដ្ឋានព័ត៌មានក្រសួងការពារជាតិ 

ប្រធានប្រតិបត្តិក្រុមការងារចាក់វ៉ាក់សាំងនៅតំបន់ក្រហមរូបនេះ បានបញ្ជាក់ថា ចំពោះអ្នកដែលមានជំងឺកូវីដ-១៩ គឺមិនអនុញ្ញាតឱ្យទៅចាក់វ៉ាក់សាំងនូវដូសទី២ឡើយ។ សម្រាប់ពលរដ្ឋដែលបានចាក់វ៉ាក់សាំងកូវីដ-១៩រួចហើយ ត្រូវរក្សាទម្រង់បណ្ណចាក់វ៉ាក់សាំងឱ្យបានត្រឹមត្រូវ ដើម្បីប្តូរយកបណ្ណចាក់វ៉ាក់សាំងថ្មី ដែលក្រុមការងារកំពុងផលិត។ នេះជាស្នើសុំយ៉ាងទទូចពីលោក ឥត សារ៉ាត។ 
 
គិតត្រឹមថ្ងៃទី១៦ឧសភា កម្ពុជាចាក់វ៉ាក់សាំងដល់ពលរដ្ឋនៅទូទាំងប្រទេស បានសរុប២,០៨២,២៨២នាក់ ដោយក្នុងនោះ មានជិត១,២លាននាក់ ចាក់នូវដូសទី២រួចហើយ។ សូមជម្រាបថាមកដល់នេះ កម្ពុជាមានវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជាង៥លានដូស ខណៈ១លានដូសទៀត នឹងមកដល់ថ្ងៃទី២៦ឧសភា ឆ្នាំ២០២១៕ 
 
 
 
 
 

Tag:
 វ៉ាក់សាំង
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com