ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក ប៉ុល ហំ​ម និង​លោក ផាន់ ច័ន្ទ​សាក់ អតីតមន្ត្រី​ជាន់ខ្ពស់​CNRP សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ​
18, May 2021 , 11:28 am        
រូបភាព
(ឆ្វេង)លោក ផាន់ ច័ន្ទ​សាក់ អតីត​សមាជិក​គណៈកម្មាធិការ​នាយក និងលោក ប៉ុល ហំ​ម អតីត​សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ នៃអតីតគណបក្សសង្គ្រោះជាតិ
(ឆ្វេង)លោក ផាន់ ច័ន្ទ​សាក់ អតីត​សមាជិក​គណៈកម្មាធិការ​នាយក និងលោក ប៉ុល ហំ​ម អតីត​សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ នៃអតីតគណបក្សសង្គ្រោះជាតិ
​ភ្នំពេញ​៖ អតីតមន្ត្រី​ជាន់ខ្ពស់​គ​ណ​បក្ស​សង្គ្រោះ​ជាតិ​២​រូប​ទៀត គឺ​លោក ប៉ុល ហំ​ម និង​លោក ផាន់ ច័ន្ទ​សាក់ បាន​ស្នើសុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ ក្រោយ​ជាប់​បម្រាម​ជាង​៣​ឆ្នាំ​មកនេះ​។ នេះ​បើតាម​លិខិត​ដោយឡែក​របស់​អ្នកនយោបាយ​បក្សប្រឆាំង​ទាំងពីរ កាលពី​ថ្ងៃទី​១៧ ឧសភា​។​


 
​លោក ប៉ុល ហំ​ម អតីត​សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ និង​លោក ផាន់ ច័ន្ទ​សាក់ អតីត​សមាជិក​គណៈកម្មាធិការ​នាយក កំពុង​ជាប់​បម្រាម​ហាម​ធ្វើ​សកម្មភាព​នយោបាយ​សម្រាប់​រយៈពេល​៥​ឆ្នាំ តាម​អំណាច​សាលដីកា​របស់​តុលាការ​កំពូល កាលពី​ថ្ងៃទី​១៦ វិច្ឆិកា ២០១៧​។​
 
​លិខិត​ដោយឡែក​របស់​មន្ត្រីជាន់ខ្ពស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ទាំងពីរ ដែល​បានដាក់​ស្នើ​ទៅ​សម្ដេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានបញ្ជាក់​ដូច្នេះ​ថា​៖«​ដោយ​ផ្អែក​តាម​មាត្រា​៤៥​ថ្មី (​ស្ទួន​ថ្មី​) នៃ​ច្បាប់​ស្តី​គណបក្សនយោបាយ ដែល​បង្កលក្ខណៈ​ឱ្យ​អ្នក​ដែល​ត្រូវបាន​ហាមឃាត់ មិនឱ្យ​ធ្វើ​សកម្មភាព​នយោបាយ អាច​ទទួលបាន​នីតិសម្បទា​ធ្វើ​នយោបាយ​ឡើងវិញ​។ ដូច្នេះ​ខ្ញុំបាទ​សូម​ស្នើសុំ​សម្ដេច​ក្រឡាហោម ឧបនាយករដ្ឋមន្ត្រី មេត្តា​ពិនិត្យ​តាម​នីតិវិធី ដើម្បី​ផ្ដល់​នីតិសម្បទា​នយោបាយ​ឡើងវិញ​ដល់​រូបខ្ញុំ ដោយ​ក្តី​អនុគ្រោះ​»​។​
 
​សារព័ត៌មាន​ថ្មីៗ មិនអាច​ទាក់ទង​លោក ប៉ុល ហំ​ម អតីត​សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ ដើម្បី​សុំ​ការអត្ថាធិប្បាយ​ជុំវិញ​ការសុំ​សិទ្ធិ​ធ្វើ​នយោបាយ​បានឡើយ​។ 
 
​ដោយឡែក​លោក ផាន់ ច័ន្ទ​សាក់ អតីត​សមាជិក​គណៈកម្មាធិការ​នាយក បាន​បញ្ជាក់ថា ការសុំ​សិទ្ធិ​ធ្វើ​នយោបាយ​វិញ​នេះ គឺ​ដើម្បី​ត្រៀមខ្លួន​ប្រកួតប្រជែង​សំឡេងឆ្នោត​ជាមួយ​គណបក្សកាន់អំណាច​បច្ចុប្បន្ន ដោយ​មិន​ចង់ឱ្យ​បក្ស​នេះ ក្ដោប​កៅអី​ទាំងអស់​ក្នុង​រដ្ឋសភា ដូច​ការបោះឆ្នោត​ឆ្នាំ​២០១៨ នៅ​អាណត្តិ​ទី​៦​នោះទេ​។​
 
​បើតាម​លោក ច័ន្ទ​សាក់ ក្រោយ​ទទួលបាន​សិទ្ធិ​ធ្វើ​នយោបាយ​វិញ​ហើយ រូបលោក​នឹងចូលរួម​ជាមួយ គណបក្ស​កែទម្រង់​កម្ពុ​ជា (Cambodian Reform Party) របស់លោក អ៊ូ ច័ន្ទ​រ័ត្ន ដើម្បី​រួម​កម្លាំង​នយោបាយ ប្រជែង​នឹង​គណបក្ស​ប្រជាជន​កម្ពុជា​។​
 
​គិត​មកដល់ពេលនេះ មន្ត្រីជាន់ខ្ពស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ជិត​២០​រូប​ហើយ ដែល​ស្នើសុំ និង​ទទួលបាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ ជា​បន្តបន្ទាប់​។ គួរ​បញ្ជាក់ថា មេដឹកនាំ និង​មន្ត្រី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ១១៨​នាក់ ត្រូវបាន​តុលាការ​ហាម​ធ្វើ​នយោបាយ​រយៈពេល​៥​ឆ្នាំ ស្របពេល​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​រំលាយ កាលពី​ថ្ងៃទី​១៧ វិច្ឆិកា ២០១៧៕

Tag:
 ប៉ុល ហំ​ម​
  CNRP
© រក្សាសិទ្ធិដោយ thmeythmey.com