ជាតិ
ក្រុមហ៊ុនអាជីវកម្មបូមខ្សាច់ស មានសិទ្ធិកែច្នៃក្នុងស្រុក តែមិនអាចនាំចេញទេ
18, May 2021 , 7:29 pm        
រូបភាព
ប្រភពរូបភាព៖ មន្ទីរទេសចរណ៍ខេត្តកោះកុង
ប្រភពរូបភាព៖ មន្ទីរទេសចរណ៍ខេត្តកោះកុង
ភ្នំពេញ៖ មន្ត្រីរដ្ឋាភិបាល អះអាងថា អាជីវកម្មបូមខ្សាច់ស របស់ក្រុមហ៊ុន KNPG មិនបង្កផលប៉ះពាល់ដល់បរិស្ថាន និងពលរដ្ឋឡើយ។ ហើយក្រុមហ៊ុនអាជីវកម្មខ្សាច់សមួយនេះ មានសិទ្ធិកែច្នៃក្នុងប្រទេស ដោយពុំអនុញ្ញាតឲ្យនាំចេញឡើយ។ ប៉ុន្តែអ្នកតស៊ូមតិលើធនធានធម្មជាតិ នៅតែបារម្ភខ្លាចលួចមានករណីនាំចេញ។

 
គម្រោងអាជីវកម្មរ៉ែខ្សាច់សនេះ ជាគម្រោងអាជីវកម្មចាស់ ដែលក្រុមហ៊ុន KNPG Investment ទទួលសិទ្ធិបន្តពី SIBELCO (Cambodia) Company Limited។ គម្រោងនេះ ស្ថិតក្នុងឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង។
 
លោក អ៊ុក ភ័ក្រ្តា អភិបាលរងខេត្តកោះកុង ដែលបានបើកកិច្ចប្រជុំជាមួយមន្ទីរបរិស្ថាននិងស្ថាប័នពាក់ព័ន្ធ កាលពីថ្ងៃទី១៣ ឧសភានោះ បានវាយតម្លៃវិជ្ជមានថា គម្រោងអាជីវកម្មបូមខ្សាច់សនេះ មិនមានផលប៉ះពាល់ដល់បរិស្ថាន និងពលរដ្ឋនោះទេ ។
 
«រាល់ការសាងសង់ និងអនុវត្តគម្រោងអាជីវកម្មរ៉ែខ្សាច់ស របស់ក្រុមហ៊ុនត្រូវគោរពតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល ក្រសួងបរិស្ថាន និងលិខិតបទដ្ឋាននានាដែលបានអនុញ្ញាតជូនក្រុមហ៊ុន»។ នេះបើតាមការចេញផ្សាយរបស់រដ្ឋបាលខេត្តកោះកុង។ 
 
ពាក់ព័ន្ធនឹងអាជីកម្មបូមខ្សាច់សនេះ លោក សាន ម៉ាឡា ជាអ្នកតស៊ូមតិលើផ្នែកធនធានធម្មជាតិ យល់ថា ការធ្វើអាជីវកម្មនេះ ត្រូវបើកចំហព័ត៌មាន ដើម្បីកុំឲ្យមានការព្រួយបារម្ភ ពិសេសការរត់ពន្ធខ្សាច់ខុសច្បាប់។ 
 
«ការផ្ដល់អាជ្ញាបណ្ណអាជីវកម្មខ្សាចប្រភេទហ្នឹង(ខ្សាច់ស) ខ្ញុំគិតថា បើសិនជាមិនមានបើចំហនូវព័ត៌មានឬទិន្នន័យដែលពាក់ព័ន្ធទេ យើងព្រួយបារម្ភថា អំពើរត់ពន្ធខ្សាច់អាចកើតឡើងម្ដងទៀត។ វានឹងធ្វើឲ្យផលប្រយោជន៍សង្គមនិងជាតិរបស់យើងត្រូវបាត់បង់»។ នេះបើតាមការលើឡើងរបស់លោក ម៉ាឡា ។
អ្នកតស៊ូមតិលើបញ្ហាធនធានធម្មជាតិរូបនេះ ក៏ទទួលស្គាលថា ខ្សាច់នៅកន្លែងខ្លះ គឺត្រូវយកធ្វើអាជីវកម្ម ដើម្បីជួយសេដ្ឋកិច្ចដែរ ប៉ុន្តែបើដកហូតយកខ្សាច់ច្រើនហួសហេតុ ដោយមិនគិតពីផលប៉ះពាល់បរិស្ថាននិងសង្គម រួមទាំងគ្មានតម្លាភាព គឺអាចនាំឲ្យមានការលួចលាក់រត់ពន្ធកើតឡើង។ លើសពីនេះ នឹងអាចបង្កមហន្តរាយដល់ពលរដ្ឋមូលដ្ឋាន និងសង្គមជាតិទាំងមូល។
 
លោក យស មុនីរ៉ាត់ អគ្គនាយកនៃនាយកដ្ឋានធនធានរ៉ែ នៃក្រសួងរ៉ែ និងថាមពល បាន ថា ក្រសួងបានផ្ដល់អាជ្ញាប័ណ្ណឲ្យក្រុមហ៊ុន KNPG បង្កើតអាជីវកម្មខ្សាច់សដំបូងនេះ សម្រាប់កែច្នៃប្រើប្រាស់ក្នុងស្រុក ដោយមិនអនុញ្ញាតឲ្យនាំចេញក្រៅប្រទេសឡើយ ។
 
ថ្លែងប្រាប់សារព័ត៌មានថ្មីៗ តាមទូរស័ព្ទ នៅថ្ងៃទី១៧ ឧសភា លោក យស មុនីរ៉ាត់ បានបញ្ជាក់ដូច្នេះថា៖ «អាជីវកម្មខ្សាច់សក្រសួងបានចេញអាជ្ញាប័ណ្ណ២ ប៉ុន្តែទើបចាប់ផ្ដើមដំណើរការមួយនេះ(របស់ក្រុមហ៊ុន KNPG)ដោយចាប់សាងសង់កន្លែងកែច្នៃ ហើយមួយទៀតអត់ទាន់ដំណើរការទេ គឺនូវសិក្សានៅឡើយ»។ 
 
សូមជម្រាបថា ក្រុមហ៊ុន KNPG Investment Co., Ltd.: ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កាលពីខែមេសា ឆ្នាំ២០២០ អនុម័តគម្រោងវិនិយោគរោងចក្របន្សុទ្ធ និងកែច្នៃខ្សាច់ស នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ស្រុកគីរីសាគរ ខេត្តកោះកុង ដែលមានទុនវិនិយោគជាង៦លានដុល្លារអាមេរិក និងអាចបង្កើតការងារប្រមាណ១៧០កន្លែង។ 
 
នៅដើមឆ្នាំ២០២១នេះ ក្រសួងរ៉ែ និងថាមពលបានប្រកាសដេញថ្លៃទីតាំងអាជីវកម្មខ្សាច់៧ទីតាំង នៅក្នុងខេត្តកោះកុងនិងព្រះសីហនុ ដែលមានទំហំជាង ២០០០ហិកតា។ បច្ចុប្បន្ន ក្រសួងរ៉ែ និងថាមពល បានផ្តល់អាជ្ញាប័ណ្ណអាជីវកម្មខ្សាច់គ្រប់ប្រភេទជាង ១០០អាជ្ញាប័ណ្ណនៅទូទាំងប្រទេស។ កាលឆ្នាំ ២០២០ កម្ពុជារកចំណូលមិនមែនសារពើពន្ធពីវិស័យរ៉ែប្រមាណ ២០លានដុល្លារ។ នេះបើតាមការលើកឡើងរបស់លោក មុនីរ៉ាត់។ 
 
 

Tag:
 ខ្សាច់ស
  កោះកុង
© រក្សាសិទ្ធិដោយ thmeythmey.com