ជាតិ
កម្ពុជារងឥទ្ធិពលមូសុងខ្លាំងដល់ថ្ងៃទី២៥ ឧសភា ដោយតំបន់សមុទ្រមានខ្យល់ខ្លាំង និងរលកខ្ពស់
19, May 2021 , 8:29 am        
រូបភាព
នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ រសៀល មានភ្លៀងធ្លាក់កម្រិតមធ្យមក្នុងស្រុកស្រែអំបិល ខេត្តកោះកុង។ រូបថត ក្រសួងធនធានទឹក
នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ រសៀល មានភ្លៀងធ្លាក់កម្រិតមធ្យមក្នុងស្រុកស្រែអំបិល ខេត្តកោះកុង។ រូបថត ក្រសួងធនធានទឹក
ដោយ៖ ប៉ូ សុភា 

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយមបានជូនដំណឹង ចាប់ពីថ្ងៃទី ១៩-២៥ ខែឧសភា កម្ពុជានឹងទទួលឥទ្ធិពលខ្យល់មូសុងនិរតីខ្លាំង The Strong Monsoon។ស្ថានភាពបែបនេះ នឹងធ្វើឱ្យតំបន់មួយចំនួន មានភ្លៀងធ្លាក់រាយប៉ាយនិងតំបន់មួយចំនួនមានភ្លៀងធ្លាក់ខ្លាំង។ រីឯ តំបន់ជាប់មាត់សមុទ្រអាចនឹងមានខ្យល់បក់ខ្លាំងនិងរលកសមុទ្រខ្ពស់ៗ។



សេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក ចេញផ្សាយនៅថ្ងៃទី១៨ខែឧសភានេះ បានឱ្យដឹងថា រយៈពេល៦ថ្ងៃនៅពាក់កណ្ដាលខែឧសភានេះ តាមបណ្ដាខេត្តនៅតំបន់វាលទំនាបកណ្ដាលអាចនឹងមានភ្លៀងធ្លាក់រាយប៉ាយ ក្នុងកម្រិតពីមធ្យមទៅច្រើន និងផ្នែកមួយចំនួនមានភ្លៀងធ្លាក់ខ្លាំង។ ចំណែកឯ បណ្ដាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន នឹងអាចមានភ្លៀងរាយប៉ាយក្នុងកម្រិតមធ្យមទៅច្រើន។ 
 
ដោយឡែក សម្រាប់តំបន់មាត់សមុទ្រវិញ អាចនឹងមានភ្លៀងធ្លាក់ពីកម្រិតមធ្យមទៅខ្លាំង។ ជាមួយគ្នានេះ នៅលើផ្ទៃសមុទ្រ នឹងមានភ្លៀងធ្លាក់ខ្លាំង ជាមួយនឹងខ្យល់បក់ខ្លាំង និងរលកសមុទ្រខ្ពស់។ ក្រសួងធនធានទឹក និងឧតុនិយម ក៏បានអំពាវនាវ ដល់ពលរដ្ឋឱ្យប្រុងប្រយ័ត្នទៅលើបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ ចំណែកប្រជានេសាទ និងអ្នកធ្វើដំណើរតាមផ្លូវទឹក ត្រូវប្រុងប្រយ័ត្ន ចំពោះល្បឿនខ្យល់ខ្លាំង និងរលកសមុទ្រខ្ពស់៕
 
 

Tag:
 អាកាសធាតុ
  ខ្យល់
  មូសុង
  The Strong Monsoona
© រក្សាសិទ្ធិដោយ thmeythmey.com