ជាតិ
របរ «ចិញ្ចឹម និងភ្ញាស់កូនមាន់សិប្បនិមិត្ត» កែប្រែជីវភាពគ្រួសារកសិករ ស្រីនិត ឱ្យកាន់តែប្រសើរ
19, May 2021 , 8:59 am        
រូបភាព
រូបភាពពី អ្នកស្រី ណុល ស្រីនិត ម្ចាស់កសិដ្ឋានចិញ្ចឹមមាន់ស្រែ។
រូបភាពពី អ្នកស្រី ណុល ស្រីនិត ម្ចាស់កសិដ្ឋានចិញ្ចឹមមាន់ស្រែ។
ដោយ៖ ស៊ុល រ៉វី

ភ្នំពេញ៖ ក្រៅពីធ្វើចម្ការកៅស៊ូ គ្រួសារអ្នកស្រី ណុល ស្រីនិត បានចាប់ផ្ដើមប្រកបរបរចិញ្ចឹមមាន់ស្រែ និងបង្កាត់កូនមាន់សិប្បនិមិត្ត ដើម្បីបន្ថែមចំណូលគ្រួសារ។ រយៈពេលជិតមួយឆ្នាំនៃរបរថ្មីនេះ បានធ្វើឲ្យកសិកររស់នៅក្នុងស្រុកតំបែរ ខេត្តត្បូងឃ្មុំរូបនេះ អាចរកចំណូលជាមធ្យមបាន ៣លានរៀលក្នុងមួយខែ ដែលជួយជីវភាពកាន់តែប្រសើរថែមទៀត។



មានចំណូលចិត្ត និងឃើញប្អូនប្រុសរកចំណូលបានគួរសមពីការចិញ្ចឹមមាន់ អ្នកស្រី ណុល ស្រីនិត បានងាកមកចិញ្ចឹម និងបង្កាត់កូនមាន់សិប្បនិមិត្ត នៅពាក់កណ្ដាលឆ្នាំ២០២០ បន្ថែមលើមុខរបរធ្វើចម្ការកៅស៊ូ។ អ្នកស្រី ស្រីនិត បានរៀនពីបច្ចេកទេសចិញ្ចឹម-មើលថែមាន់ ពីប្អូនប្រុសរបស់ខ្លួន និងមន្ទីរកសិកម្មខេត្តត្បូងឃ្មុំ។
 


រូបភាពពី អ្នកស្រី ណុល ស្រីនិត ម្ចាស់កសិដ្ឋានចិញ្ចឹមមាន់ស្រែ។

ក្រោយសម្ភីរៀនសូត្រពីអ្នកមានបទពិសោធន៍ នឹងជំនាញ អ្នកស្រី ស្រីនិត រួមនឹងគ្រួសារ អាចមានសមត្ថភាពចិញ្ចឹម និងភ្ញាស់កូនមាន់ បានដោយខ្លួនឯង។ អ្វីដែលកាន់តែសំខាន់គឺ ការចិញ្ចឹម និងភ្ញាស់កូនមាន់លក់នេះ មានតម្រូវការលើទីផ្សារ និងមានឈ្មួញមកទិញដល់ផ្ទះ ដោយមិនមានការព្រួយបារម្ភអ្វីឡើយ។
 
«ចិញ្ចឹមមាន់លក់ វាស្រួលដែរសម្រាប់ខ្ញុំ មានម៉ូយមកទិញដល់ផ្ទះ»។ នេះជាការបញ្ជាក់របស់ កសិករស្រ្តីវ័យ ៣៣ឆ្នាំ រស់នៅភូមិត្រពាំងព្រីង ដោយបន្ថែមថា អាចរកចំណូលជាមធ្យមប្រមាណ ៣លានរៀល ដែលបានពីការលក់ទាំងមាន់សាច់ និងកូនមាន់ ក្នុងកសិដ្ឋានរបស់ខ្លួន។ 
 
នៅក្នុងរោងចិញ្ចឹមមាន់ ដែលមានបណ្ដោយ១២ម៉េត្រ និងទទឹង៦ម៉ែត្រ អ្នកស្រី ស្រីនិត អាចចិញ្ចឹមមាន់ បានប្រមាណជា ៣០០ក្បាល។ ម្ចាស់កសិដ្ឋានចិញ្ចឹម និងភ្ញាស់កូនមាន់ជោគជ័យរូបនេះ បញ្ជាក់ថា៖ «មាន់អាចចាប់លក់បាន ក្រោយចិញ្ចឹមបានជាង ៣ខែ ហើយក្នុងមួយគីឡូក្រាម អាចលក់បានចន្លោះពី ១៦,០០០រៀល ដល់ ១៧,០០០រៀល»។ 
 
មុខរបរចិញ្ចឹម និងភ្ញាស់មាន់លក់នេះ បានធ្វើឲ្យជីវភាពគ្រួសាររបស់ អ្នកស្រី ណុល ស្រីនិត កាន់តែប្រសើរថែមទៀត។ ដោយមើលឃើញពីចំណុចនេះ បច្ចុប្បន្នម្ចាស់កសិដ្ឋានវ័យ៣៣ឆ្នាំរូបនេះ ក៏នឹងមានគម្រោងពង្រីកការចិញ្ចឹម ហើយអ្នកស្រីក៏បើកចិត្តទូលាយក្នុងការផ្ដល់ជាបទពិសោធន៍ សម្រាប់កសិករដែលមានបំណង ចង់ចិញ្ចឹមមាន់ផងដែរ៕
 
 

Tag:
 ThmeyThmey25
  ចិញ្ចឹមមាន់ស្រែ
  ផេង ថារី
  ណុល ស្រីនិត
  ត្បូងឃ្មុំ
© រក្សាសិទ្ធិដោយ thmeythmey.com