ជាតិ
ទង្វើខុសឆ្គងរបស់ឧកញ៉ាមួយចំនួន បានទាញគោរមងារឧកញ៉ាឲ្យធ្លាក់តម្លៃ?
19, May 2021 , 10:31 am        
រូបភាព
ការប្រព្រឹត្តអំពើមិនត្រឹមត្រូវរបស់ឧកញ៉ាមួយចំនួន អាចធ្វើឲ្យតម្លៃគោរមងារឧកញ៉ាធ្លាក់ចុះ។ យ៉ាងណា គេ គួរពិចារណាថា បុគ្គលណា ប្រព្រឹត្តអាក្រក់ បុគ្គលនោះ ជាអ្នកទទួលខុសត្រូវ ដោយពុំគួរយកកំហុសរបស់បុគ្គលម្នាក់ ទៅវាយតម្លៃអវិជ្ជមានលើបុគ្គលដទៃឡើយ។

 

 
ឧកញ៉ាមួយចំនួន បានប្រព្រឹត្តអំពើមិនត្រឹមត្រូវ ដូចជា ប្រើអាវុធបាញ់បោះ ប្រើអំពើហិង្សា គំរាមកំហែងអ្នកដទៃ លួចកាប់ឈើ ជួញដូរគ្រឿងញៀន ឆក់យកដីប្រជាពលរដ្ឋ និង ប្រើលុយ ដើម្បីបានខ្លួនប្រាណអ្នកណាម្នាក់ ជាដើម។ អំពើទាំងនេះ មិនត្រឹមតែធ្វើឲ្យឧកញ៉ា ដែលជាអ្នកប្រព្រឹត្ត ខូចកេរ្តិ៍ឈ្មោះនោះទេ តែនៅជះឥទ្ធិពលអាក្រក់ទៅលើឧកញ៉ាទូទៅថែមទៀត ពោលគឺ អំពើទាំងនេះ ធ្វើឲ្យប្រជាពលរដ្ឋខ្មែរ បាត់សុទិដ្ឋិនិយមចំពោះគោរមងារឧកញ៉ាតែម្តង។ 
 
មនុស្សភាគច្រើន យល់ថា បុគ្គលណាម្នាក់ បានឡើងជាឧកញ៉ា ព្រោះបុគ្គលនោះ មានលុយ និងបានបរិច្ចាគលុយទៅរដ្ឋាភិបាល។ កម្រណាស់ ដែលមានអ្នកគិតថា បុគ្គលម្នាក់ បានឡើងជាឧកញ៉ា ដោយសារបុគ្គលនោះ មានសីលធម៌ មានគុណធម៌ មានមនុស្សធម៌ និង មានគុណសម្បត្តិជួយជាតិ ក្រៅតែពីការមានលុយ។ 
 
កម្ពុជា មិនទាន់មានច្បាប់ឬគោលការណ៍ ដែលកំណត់ពីគុណសម្បត្តិឬលក្ខណសម្បត្តិ ក្នុងការផ្តល់គោរមងារឧកញ៉ាដល់បុគ្គលណាម្នាក់ឡើយ។ ផ្អែកលើអនុក្រឹត្យ ដែលបង្កើតឡើងនៅថ្ងៃទី៥ ខែមេសា ឆ្នាំ១៩៩៤ បុគ្គលម្នាក់ គ្រាន់តែបរិច្ចាគថវិកា១សែនដុល្លារចូលទៅរដ្ឋ បុគ្គលនោះ នឹងទទួលបានគោរមងារឧកញ៉ា។ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧ ប្រមុខរដ្ឋាភិបាល បានចេញអនុក្រឹត្យថ្មី ដោយដំឡើងថវិកា សម្រាប់អ្នក ដែលចង់បានគោរមងារឧកញ៉ា។ អនុក្រឹត្យថ្មី តម្រូវឲ្យបុគ្គលម្នាក់ បរិច្ចាគថវិកាយ៉ាងតិច៥សែនដុល្លារចូលរដ្ឋ ដើម្បីបានឡើងជាឧកញ៉ា។ 
 
លុះ២៧ឆ្នាំក្រោយ គឺគិតពីឆ្នាំ១៩៩៤មក ទើបរដ្ឋាភិបាល សម្រេចបង្កើតវិធានការគ្រប់គ្រងឧកញ៉ា។ នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានចេញសេចក្តីសម្រេចស្តីពីការបង្កើតក្រុមការងារអន្តរក្រសួង រៀបចំលិខិតបទដ្ឋានគតិយុត្ត សម្រាប់គ្រប់គ្រង ផ្តល់គោរមងារ និង ដកគោរមងារឧកញ៉ា។ សេចក្តីសម្រេចនេះ ទើបនឹងត្រូវបានផ្សព្វផ្សាយនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១។
 
ក្រុមការងារនេះ មានលោក ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជាប្រធាន និងមានតំណាងពីបណ្តាក្រសួងមួយចំនួនជាសមាជិក។ ក្រុមការងារនេះ នឹងចែងពីសិទ្ធិនិងកាតព្វកិច្ចរបស់ឧកញ៉ា ក្នុងការចូលរួមកិច្ចការសង្គម ដែលពីមុនមិនមានចែង។ តាមរយៈក្រុមការងារនេះ រដ្ឋាភិបាល នឹងមានគោលការណ៍ជាក់លាក់ ក្នុងការគ្រប់គ្រងឧកញ៉ា ការផ្តល់គោរមងារឧកញ៉ា និង ការដកគោរមងារឧកញ៉ា។ 
 
ការចាប់ផ្តើមបង្កើតវិធានការគ្រប់គ្រងឧកញ៉ានេះ ទំនងជាដោយសាររដ្ឋាភិបាល សង្កេតឃើញ ឧកញ៉ាមួយចំនួន ចេះតែប្រព្រឹត្តអំពើផ្តេសផ្តាសជាបន្តបន្ទាប់ ដែលបង្កជាបញ្ហាដល់សង្គមជាតិនិងធ្វើឲ្យប៉ះពាល់កិត្តិយសរដ្ឋាភិបាល។
 
បណ្ឌិត សេក សុជាតិ នាយកប្រតិបត្តិអង្គការអភិវឌ្ឍន៍ផ្នត់គំនិត (MDO) បង្ហាញការយល់ឃើញលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួន នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ ថា ឧកញ៉ា ជាមនុស្ស ដែលមានតម្លៃថ្លៃថ្នូរ និងមានធនធានយ៉ាងច្រើនសន្ធឹកសន្ធាប់ ហើយចូលចិត្តជួយសង្គមជាងធ្វើទុក្ខទោសដល់សង្គម។ ដូច្នេះ សម្រាប់លោក ការបង្កើតលិខិតបទដ្ឋានគតិយុត្តឬវិធានការគ្រប់គ្រងឧកញ៉ានេះ មានន័យថា ឧកញ៉ា បានបាត់បង់សេចក្ដីថ្លៃថ្នូរអស់ហើយ។
 
បណ្ឌិតរូបនេះ សរសេរថា៖«លិខិតបទដ្ឋានគតិយុត្តភាគច្រើន បង្កើតឡើងដើម្បីគ្រប់គ្រងភាពអនាធិបតេយ្យ (គ្មានសណ្ដាប់ធ្នាប់) និងអំពើទុច្ចរិតរបស់មនុស្ស។ បើឧកញ៉ា បាត់បង់គុណសម្បត្តិដល់ថ្នាក់នេះហើយ អាចបញ្ជាក់បានកាន់តែច្បាស់ថែមទៀតថា តម្លៃឧកញ៉ា មិនស្មើប្រជាពលរដ្ឋសាមញ្ញម្នាក់ផង»។ 
 
នៅពេលខាងមុខ ទោះរដ្ឋាភិបាល មានគោលការណ៍គ្រប់គ្រងឧកញ៉ាក្តី តែកត្តាសំខាន់ គឺត្រូវពឹងផ្អែកលើបុគ្គល ជាឧកញ៉ាខ្លួនឯងផងដែរ។ ឧកញ៉ា ជាគោរមងារខ្ពង់ខ្ពស់ណាស់។ គោរមងារឧកញ៉ា មិនមែនសំដៅតែទៅលើការមានទ្រព្យសម្បត្តិហូរហៀរនោះទេ តែក៏សំដៅទៅលើសីលធម៌ គុណធម៌ ចរិយាធម៌ សុចរិតភាព និង ការជួយសង្គ្រោះអ្នកដទៃផងដែរ។ 
 
ពីសម័យដើម ឧកញ៉ា គឺជាអ្នកកាន់អំណាចក្នុងស្ថាប័នរដ្ឋ។ សម្តេចព្រះសង្ឃរាជ ជួន ណាត ពន្យល់ក្នុងវចនានុក្រមខ្មែរថា ឧកញ៉ា ជាអ្នកចេះត្រួតត្រាមុខការក្នុងក្រសួងឬនាទីរបស់ខ្លួន។ ព្រះអង្គ ពន្យល់ទៀតថា អត្ថកោវិទខ្លះ សំដៅលើឧកញ៉ា ជាអ្នកស្គាល់ការគោរពព្រះព្រហ្មឬព្រះឥសូរ។ 
 
ផ្ទុយពីសម័យដើម សម័យបច្ចុប្បន្ន ឧកញ៉ាភាគច្រើន ជាអ្នករកស៊ី ជាឈ្មួញ និង ជាអ្នកមានទ្រព្យស្តុកស្តម្ភ។ មុខឆ្នាំ២០១៩ កងកម្លាំងប្រដាប់អាវុធ អាចមានគោរមងារឧកញ៉ា តែក្រោយមក គឺក្នុងអំឡុងខែសីហា ឆ្នាំ២០១៩ រដ្ឋាភិបាល បានសម្រេចលុបគោរមងារឧកញ៉ាចេញពីជួរកងកម្លាំងប្រដាប់អាវុធ។ ពេលនោះ មានកងកម្លាំងប្រដាប់អាវុធជាន់ខ្ពស់រាប់រយនាក់ បានបោះបង់គោរមងារឧកញ៉ា។ សព្វថ្ងៃ ឧកញ៉ា មិនសូវមានមុខងារក្នុងជួររដ្ឋាភិបាលឡើយ តែពួកគេ នៅតែមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាល។ 
 
ឧកញ៉ា មានតម្លៃខ្ពស់ណាស់ ក្នុងសង្គមខ្មែរពីដើម។ ឧកញ៉ាខ្លះ ដូចជា ឧកញ៉ាក្រឡាហោមគង់ ជាដើម បានក្លាយជាវីរបុរសខ្មែរ ហើយត្រូវប្រជាពលរដ្ឋខ្មែរគោរពបូជាមកដល់ឥឡូវ។ ប៉ុន្តែ ឧកញ៉ាមួយចំនួន ក្នុងសម័យបច្ចុប្បន្ន ហាក់ធ្លាក់តម្លៃ ក្នុងសតិអារម្មណ៍ប្រជាពលរដ្ឋ។ មាន មានឧកញ៉ាខ្លះ រកស៊ីទុច្ចរិត និងកេងយកទ្រព្យសម្បត្តិជាតិ។
 
លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងក្នុងពិធីតុមូលមួយ នៅរាជបណ្ឌិត្យសភា កាលពីចុងខែមករា ឆ្នាំ២០២១ ថា៖«ក្រពះអ្នកស្រែ ខូចតែរូងក្តាមទេ បានតែក្តាមមួយមក បេះម្អម ត្រកួនមួយដៃមក រួច។ [តែ] មួយក្រពះឧកញ៉ា អាចអស់បឹង អាចអស់ភ្នំ អាចអស់ព្រៃឈើ….»។
 
ឲ្យតែមានជម្លោះម្តងៗរវាងឧកញ៉ាជាមួយប្រជាពលរដ្ឋ ឬបុគ្គលសាមញ្ញណាម្នាក់ គេ មិនងាយនឹងគិតក្នុងផ្លូវវិជ្ជមានលើឧកញ៉ាឡើយ។ ជាទូទៅ គេ តែងវិនិច្ឆ័យជាមុនថា ដោយសារឧកញ៉ា អាងលុយអាងអំណាច ហើយប្រព្រឹត្តអំពើមិនត្រឹមត្រូវ ទើបជម្លោះកើតឡើង។ គេ វិនិច្ច័យអវិជ្ជមានជាមុនបែបនេះទៅលើឧកញ៉ា ក៏ព្រោះតែគេ ឧស្សាហ៍ឃើញរឿងរបៀបនេះ កើតឡើងជាញឹកញាប់ពិតមែន។  
 
ជាក់ស្តែង ដូចជា រឿងអាស្រូវរវាងលោកឧកញ៉ា ហេង សៀ ជាមួយកញ្ញា មាន ពេជ្ររីតា ពិធីការិនីទូរទស្សន៍ម៉ាយធីវី (MYTV) និងជាអតីតបេក្ខនារីបវរកញ្ញាម្នាក់នៅកម្ពុជា កាលពីឆ្នាំ២០២០ (Miss Grand Phnom Penh 2020) ដែលបានផ្ទុះឡើងថ្មីៗ ក្នុងអំឡុងខែឧសភា ឆ្នាំ២០២១នេះ និងកំពុងស្ថិតក្នុងការស៊ើបអង្កេតរបស់តុលាការ។ ថ្វីបើតុលាការ មិនទាន់សម្រេចថា ឧកញ៉ា ហេង សៀ ជាអ្នកខុសក្តី តែរឿងអាស្រូវនេះ ចង់មិនចង់ គឺជាការប៉ះពាល់មួយផ្នែកទៅលើគោរមងារជាឧកញ៉ា។ ម្យ៉ាងទៀត មហាជន នាំគ្នាឈរខាងកញ្ញា មាន ពេជ្ររីតា ទាំងដែលមិនទាន់ដឹង១០០ភាគរយថា ភាគីណាខុស ភាគីណាត្រូវ។  
 
រឿងអាស្រូវនេះ បានរាលដាលដល់លោក ឃន ឈុនតារា ជាកូនប្រសារបស់ឧកញ៉ា ហេង សៀ។ លោក ឃន ឈុនតារា ដែលមានគោរមងារជាឧកញ៉ាដែរនោះ និងភរិយារបស់លោក ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្រោមការសង្ស័យថា ពាក់ព័ន្ធនឹងការផលិតវីដេអូអាសអាភាស ដើម្បីបង្ខូចកេរ្តិ៍ឈ្មោះរបស់កញ្ញា មាន ពេជ្ររីតា។ លោក ឃន ឈុនតារា និងភរិយា ត្រូវបានដោះលែងវិញ ក្រោយតុលាការ រកមិនឃើញថា ពាក់ព័ន្ធនឹងការផលិតវីដេអូអាសអាភាស។ 
 
គេ បានឃើញរូបអាសអាភាស នៅលើបណ្តាញសង្គម ដោយមានការអះអាងថា ជារូបរបស់ឧកញ៉ា ហេង សៀ ជាមួយកញ្ញា មាន ពេជ្ររីតា។ កញ្ញា មាន ពេជ្ររីតា បានបដិសេធថា រូបអាសអាភាសនោះ មិនមែនជារូបរបស់កញ្ញាឡើយ។ 
 
លោក ឃន ឈុនតារា ត្រូវសង្ស័យថា ជាអ្នក យកមនុស្ស ដែលមានភិនភាគដូចឧកញ៉ា ហេង សៀ និងដូចកញ្ញា មាន ពេជ្ររីតា ដើម្បីថតជាវីដេអូអាសអាភាស។ ពេលតុលាការដោះលែងវិញ លោកឧកញ៉ាវ័យក្មេង ឃន ឈុនតារា បានចេញលិខិតបកស្រាយថា លោក បានទទួលរូបអាសអាភាសតាមទូរស័ព្ទ ដែលអ្នកដទៃផ្ញើឲ្យ តែលោក មិនដឹងប្រភពដើមនៃរូប ដែលគេ អះអាងថា ជារូបរបស់កញ្ញា មាន ពេជ្ររីតា នោះទេ។ 
 
លោក សារភាពថា លោក ពិតជាបានចែករំលែករូបនោះ ទៅមនុស្ស៧នាក់ តាមបណ្តាញទំនាក់ទំនងតេឡេក្រាម (Telegram) និងបណ្តាញទំនាក់ទំនងវាត់ស្អាប់ (WhatsApp)។ លោក បានសូមទោសកញ្ញា មាន ពេជ្ររីតា បើរូប ដែលចែករំលែកនោះ ធ្វើឲ្យប៉ះពាល់កិត្តិយសរបស់កញ្ញា។ 
 
លោក សារភាពទៀតថា លោក បានជ្រើសរើសយកមនុស្សប្រុសស្រី២នាក់ ដែលភិនភាគស្រដៀងនឹងឧកញ៉ា ហេង សៀ និង កញ្ញា មាន ពេជ្ររីតា ប៉ុន្តែការជ្រើសរើសមនុស្សប្រុសស្រីទាំង២នាក់នោះ គឺដើម្បីយកទៅធ្វើតម្រាប់តាមព្រឹត្តិការណ៍ ដែលឧកញ៉ា ហេង សៀ និង កញ្ញា មាន ពេជ្ររីតា ទាស់គ្នាក្នុងរថយន្ត។ លោក បដិសេធថា ការជ្រើសរើសមនុស្សប្រុសស្រី២នាក់នោះ មិនមែនដើម្បីយកទៅថតវីដេអូអាសអាភាស បង្ខូចកេរ្តិ៍ឈ្មោះរបស់កញ្ញា មាន ពេជ្ររីតា ឡើយ។
 
ទោះលោក ឃន ឈុនតារា បកស្រាយយ៉ាងនេះក្តី តែទង្វើរបស់លោក ហាក់បានធ្វើឲ្យមហាជន ស្រងាកចិត្តបាត់ទៅហើយថា ហេតុអ្វី លោក ចែករំលែករូបអាសអាភាសដូច្នេះ ដែលធ្វើឲ្យគេ យល់ច្រឡំលើកញ្ញា មាន ពេជ្ររីតា។ ទង្វើរបស់លោក ហាក់ធ្វើឲ្យប៉ះពាល់ដល់គោរមងារឧកញ៉ាមួយកម្រិតទៀត។ 
 
ក្រៅពីករណីរបស់ឧកញ៉ា ហេង សៀ ដែលទើបនឹងកើតឡើងនាពេលថ្មីៗនេះ នៅមានករណីរបស់ឧកញ៉ាផ្សេងទៀត ដែលកើតមានពីមុន។ កាលពីឆ្នាំ២០១៥ លោកឧកញ៉ា សុខ ប៊ុន បានប្រើអំពើហិង្សាលើកញ្ញា ឯក សុជាតា ហៅ សាសា ជាអតីតពិធីការិនីទូរទស្សន៍ស៊ីធីអិន (CTN) បណ្តាលឲ្យកញ្ញា ជាំមុខជាំមាត់។ កាលនោះ តុលាការភ្នំពេញ ឲ្យលោកជាប់ពន្ធនាគារ១០ខែ។ នៅចុងខែកក្កដា ឆ្នាំ២០២០ តុលាការភ្នំពេញ បានផ្តន្ទាទោសឧកញ៉ារូបនេះម្តងទៀត ដោយឲ្យលោក ជាប់ពន្ធនាគារ៧ឆ្នាំ ក្រោមបទរំលោភយកដីសាធារណៈរបស់រដ្ឋ និងក្លែងលិខិតបន្លំយកដីប្រជាពលរដ្ឋ នៅសង្កាត់កោះរ៉ុង ខេត្តព្រះសីហនុ។ 
 
នៅពីខែកក្កដា ឆ្នាំ២០២០ លោកឧកញ៉ា សង ថន និង លោក ស៊ូ អារ៉ាហ្វាត់ អភិបាលរងខេត្តបាត់ដំបង ត្រូវអង្គភាពប្រឆាំងអំពើពុករលួយ ចាប់បញ្ជូនទៅតុលាការភ្នំពេញ ហើយត្រូវតុលាការភ្នំពេញ ឃុំខ្លួន ពាក់ព័ន្ធនឹងអំពើពុករលួយក្នុងរឿងដីធ្លី នៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។ រឿងក្តីរបស់អ្នកទាំង២ មិនទាន់ឈានដល់ការជំនុំជម្រះទេ។ 
 
កាលពីខែសីហា ឆ្នាំ២០១៩ លោកឧកញ៉ា គង់ គ្រឹង ត្រូវតុលាការខេត្តក្រចេះឃុំខ្លួន ពីបទនាំចេញឈើដោយខុសច្បាប់។ ឧកញ៉ា គង់ គ្រឹង ត្រូវបានដោះលែងវិញកាលពីកុម្ភៈ ឆ្នាំ២០២១។ ឧកញ៉ា សឹង សំអុល ត្រូវបានតុលាការខេត្តមណ្ឌលគិរី ឃុំខ្លួន កាលពីខែកក្កដា ឆ្នាំ២០១៩ ដោយពាក់ព័ន្ធនឹងបទល្មើសព្រៃឈើដែរ។ 

រឿងអាស្រូវរបស់ឧកញ៉ាខាងលើ គ្រាន់តែជាឧទាហរណ៍មួយចំនួនតូចប៉ុណ្ណោះ ដោយនៅមានរឿងអាស្រូវរបស់ឧកញ៉ាច្រើនគរគោកទៀត ដែលបានកើតឡើងកន្លងមក។  
 
យ៉ាងណាក៏ដោយ មនុស្សមានល្អ មានអាក្រក់។ ក្នុងចំណោមឧកញ៉ាក៏ដូច្នេះដែរ គឺមានល្អ មានអាក្រក់។ មានឧកញ៉ាជាច្រើន បានប្រកាន់យកភាពត្រឹមត្រូវ និងចេះជួយសង្គមជាតិ។ ជាក់ស្តែង នៅចុងឆ្នាំ២០២០ បណ្តាឧកញ៉ា បាននាំគ្នាបរិច្ចាគថវិកាជូនរដ្ឋាភិបាល ដើម្បីយកទៅជួយសង្គ្រោះប្រជាពលរដ្ឋខ្មែរ ដែលរងគ្រោះដោយសារទឹកជំនន់ដ៏ធំ។ ឧកញ៉ាខ្លះ មិនត្រឹមតែបរិច្ចាគថវិកាជូនរដ្ឋាភិបាលទេ តែបានដឹកនាំក្រុមការងារ យកអំណោយទៅជូនប្រជាពលរដ្ឋតាមតំបន់ដែលលិចទឹកដោយផ្ទាល់ថែមទៀត។
 
លើសពីនេះ បណ្តាឧកញ៉ាទាំងនោះ ក៏បានបរិច្ចាគថវិកាជូនរដ្ឋាភិបាលផងដែរ សម្រាប់ប្រើប្រាស់លើការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ចាប់តាំងពីដើមឆ្នាំ២០២០ មកដល់ជិតពាក់ដល់ឆ្នាំ២០២១នេះ។ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ឧកញ៉ាខ្លះ ហ៊ានបរិច្ចាគថវិកាដល់ខ្ទង់លានដុល្លារជូនទៅរដ្ឋាភិបាល ហើយមិនមែនបរិច្ចាគតែម្តងនោះទេ គឺបរិច្ចាគដល់ទៅ២-៣ដងក៏មាន។ 
 
តើឧកញ៉ាទាំងនោះ បរិច្ចាគថវិកាជូនរដ្ឋាភិបាល ដោយចិត្តសប្បុរសពិតមែន ឬបរិច្ចាគ ដើម្បីបានប្រយោជន៍អ្វីមួយទៅពួកគេវិញ? ការពិចារណាឃើញយ៉ាងណានោះ គឺអាស្រ័យលើអ្នក។ 
 
បើឧកញ៉ាទាំងនោះ ពិតជាបរិច្ចាគថវិកាដោយចិត្តសប្បុរសមែន ពួកគាត់ គួរតែទទួលបានការសរសើរនិងការគោរព។ មិនគួរព្រោះតែឧកញ៉ាមួយចំនួន ប្រព្រឹត្តអំពើមិនត្រឹមត្រូវ គេ ក៏មើលរំលងអំពើល្អរបស់ឧកញ៉ាដទៃឡើយ។ ឧកញ៉ាណា ប្រព្រឹត្តអំពើមិនត្រូវ គួរតែត្រូវរិះគន់ ឯឧកញ៉ាណា ប្រព្រឹត្តអំពើល្អ គួរតែត្រូវបានលើកតម្កើង។     
 
ដើម្បីស្តារតម្លៃគោរមងារឧកញ៉ាឡើងវិញ ឧកញ៉ា គួរធ្វើខ្លួនឲ្យស័ក្តិសមនឹងឋានៈឬងារជាឧកញ៉ា។ សីលធម៌ គុណធម៌ មនុស្សធម៌ ការជួយសង្គ្រោះអ្នកក្រខ្សត់ និង ការចៀសវាងធ្វើបាបអ្នកទន់ខ្សាយ គឺជាលក្ខណសម្បត្តិ ដែលឧកញ៉ា ត្រូវមានក្នុងខ្លួន។ គេ មិនគួរគ្រាន់តែបង់ថវិកាចូលរដ្ឋ ដើម្បីប្តូរយកគោរមងារឧកញ៉ាទៅរកស៊ី ដោយមិនគិតពីការប៉ះពាល់ដល់ប្រជាពលរដ្ឋនិងសង្គមជាតិឡើយ។ 
 
ទន្ទឹមនឹងនេះ រដ្ឋាភិបាល គួរសម្រិតសម្រាំងនិងពិនិត្យពិច័យឲ្យល្អិតល្អន់ មុនថ្វាយសំណើទៅព្រះមហាក្សត្រ ដើម្បីក្រាបបង្គំទូលសុំឲ្យព្រះអង្គ ប្រោសព្រះរាជប្រទានគោរមងារឧកញ៉ាដល់បុគ្គលណាម្នាក់។ រដ្ឋាភិបាល មិនគួរសម្រេចផ្តល់គោរមងារឧកញ៉ាដល់បុគ្គលណាម្នាក់ ដោយគ្រាន់តែបរិច្ចាគថវិកាចូលរដ្ឋឡើយ បើបុគ្គលនោះ នៅខ្វះលក្ខណសម្បត្តិផ្សេងទៀត។ បន្ថែមពីនេះ រដ្ឋាភិបាល គួរលើកទឹកចិត្តឲ្យតុលាការ ឲ្យកាត់ទោសឧកញ៉ា ដែលប្រព្រឹត្តខុសច្បាប់ ដោយមិនលើកលែង ដូចការកាត់ទោសមនុស្សទូទៅដែរ៕ 
 
 
 

Tag:
 ឧកញ៉ា
© រក្សាសិទ្ធិដោយ thmeythmey.com