COVID-19
ជាតិ
កីឡាករគុនខ្មែរជួរមុខ ឡៅ ចិត្ត្រា វិជ្ជមានកូវីដ-១៩
19, May 2021 , 12:25 pm        
រូបភាព
ដោយ៖ នី ណារិទ្ធ
កីឡាករគុនខ្មែរជួរមុខ ឡៅ ចិត្ត្រា បានឆ្លងកូវីដ-១៩ ក្រោយរូបគេបំពេញការងារនៅក្នុងតំបន់បិទខ្ទប់។ បច្ចុប្បន្នកីឡាករប្រដាល់ក្លិបកងពលតូចទ័ពពិសេសឆត្រយោង៩១១រូបនេះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។


 
លោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុណខ្មែរ បានបញ្ជាក់ថា ឡៅ ចិត្ត្រា បានឆ្លងកូវីដ-១៩នេះ នៅគ្រាដែលរូបគេ និងកងកម្លាំងពិសេសបានដឹកជញ្ចូនស្បៀង ចែកជូនដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់បិទខ្ទប់ រាជធានីភ្នំពេញ។ បើតាមលោក តែម ម៉ឺន កីឡាករ ឡៅ ចិត្រ្តា អាចឆ្លងជំងឺកូវីដ-១៩នេះ អំឡុងពេល រូបគេលើកអំណោយ ហើយបានប៉ះពាល់ប្រជាពលរដ្ឋ ដែលមានផ្ទុកជំងឺនេះ នៅក្នុងខណ្ឌពោធិ៍សែនជ័យ ។
 
ថ្លែងប្រាប់សារព័ត៌មានថ្មីៗ តាមទូរសព្ទ ប្រធានសហព័ន្ធកីឡាប្រដាល់គុណខ្មែរ ៖«ខ្ញុំបានខលទៅសួរសុខទុក្ខគេដែរ មកដល់ពេលនេះ  ឡៅ ចិត្ត្រា មានសុខភាពល្អ មិនទាន់មានអ្វីប្រែលប្រួលទេ រូបគេកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ»។
 
ក្រៅពី ឡៅ ចិត្រ្តា ក៏មានបងប្រុសគេ ២រូបទៀត គឺកីឡាករ ឡៅ ចន្ទ្រា និង ឡៅ ស៊ីណាត គ្រូជំនួយ ដែលសង្ស័យឆ្លងផងដែរ។ អ្នកទាំងពីរនេះ បានប៉ះពាល់ផ្ទាល់ជាមួយ ឡៅ ចិត្ត្រា។ បច្ចុប្បន្នអ្នកទាំងពីរនេះ ត្រូវបានយកទៅធ្វើចត្តាឡីស័ក នៅខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ខណៈក្រុមគ្រូពេទ្យកំពុងសាកសួរ និងពិនិត្យរកអ្នកដែលពាក់ព័ន្ធបន្ថែម។ នេះបើតាមលោក តែម ម៉ឺន។
 
គួរបញ្ជាក់ថា ទាំងកីឡាករ ឡៅ ចិត្ត្រា,ឡៅ ចន្ទ្រា និង ឡៅ ស៊ីណាត គ្រូជំនួយ នៃក្លិបកីឡាប្រដាល់បញ្ចាការដ្ឋានទ័ពពិសេសនេះ សុទ្ធតែបានចាក់វ៉ាក់សាំងទាំងពីរលើករួចហើយ ៕

Tag:
 គុនខ្មែរ
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com