ជាតិ
លីហួរ មានជំងឺមហារីកគ្រាប់ឈាមតាំងពីតូច ប៉ុន្តែមិនដែលបោះបង់ការតស៊ូព្យាយាម...
19, May 2021 , 12:38 pm        
រូបភាព
ហេង លីហួរ ជាមួយលោក ច័ន្ទ ប៊ុនហេងដែលជាឪពុក និងរូប លីហួរ ពេលបម្រើការអ្នកដឹកអាហារ
ហេង លីហួរ ជាមួយលោក ច័ន្ទ ប៊ុនហេងដែលជាឪពុក និងរូប លីហួរ ពេលបម្រើការអ្នកដឹកអាហារ
ភ្នំពេញ៖ ហេង លីហួរ តស៊ូប្រយុទ្ធប្រឆាំងនឹងជំងឺមហារីកឈាមតាំងពីអាយុ១ខួបមកម្ល៉េះ។ បច្ចុប្បន្នវ័យ២០ឆ្នាំ  យុវជនអ្នកសៀមរាបរូបនេះ មានស្ថានភាពជំងឺមិនទៀងទាត់ ដោយគេត្រូវការបញ្ចូលឈាមជា ប្រចាំ។ ពេលនេះ បើលីហួរ មិនស្ថិតនៅលើគ្រែពេទ្យទេនោះ គេច្បាស់កំពុងបំពេញបេសកកម្មស្វែងរកចំណូលចិញ្ចឹមគ្រួសារដោយធ្វើជា អ្នកបម្រើសេវាដឹកជញ្ជូន ម្ហូបអាហារដូចឪពុករបស់ខ្លួន ជាមិនខានឡើយ។



«ពេលខ្ញុំនៅក្មេង ខ្ញុំសម្រាកព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា ដោយមិនអស់ប្រាក់នោះឡើយ។ តាំងពីអាយុ៥ឆ្នាំមក ខ្ញុំត្រូវទៅពេទ្យរៀងរាល់៣ខែម្តងដើម្បីពិនិត្យគ្រាប់ឈាម បើខ្វះ គេបញ្ចូលឲ្យ។ ពេលនេះ ខ្ញុំហួសអាយុជាកុមារហើយ ពេលខ្វះឈាម ខ្ញុំត្រូវសុំឲ្យគេបរិច្ចាគ បើមិនមាន ពិតជាពិបាកណាស់សម្រាប់ខ្ញុំ»។ លីហួរ បាននិយាយទាំងក្តុកក្តួលតាមទូរសព្ទប្រាប់សារព័ត៌មានថ្មីៗ ខណៈកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។


កន្លងមក ហេង លីហួរ តែងតែទៅពេទ្យពិនិត្យតាមដានជំងឺជាប្រចាំរៀងរាល់៣ខែម្តង ប៉ុន្តែដោយសារបញ្ហាជីវភាព ជាពិសេសការបាត់បង់ចំណូលគ្រួសារដោយសារវិបត្តិកូវីដ-១៩ យុវជនរូបនេះ ទៅកាន់មន្ទីរពេទ្យ តែនៅពេលដែលខ្លួនមានអាការៈមិនស្រួលប៉ុណ្ណោះ ដូចជា ស្ពឹកដៃ ស្ពឹកជើង ស្ពឹកមាត់ ជាដើម។

រស់នៅភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប លីហួរ ជាកូនច្បងក្នុងគ្រួសារដែលមានកូន៣នាក់។ ទោះបីជាញាំញីដោយសារជំងឺមហារីកឈាមតាំងពីក្មេងមកក៏ដោយ ក៏ហេង លីហួរ គឺជាបង្អែកដ៏សំខាន់ម្នាក់ក្នុងគ្រួសារ រួមជាមួយឪពុករបស់ខ្លួន។

លីហួរ និងឪពុក ជាអ្នកបម្រើសេវាកម្មដឹកជញ្ជូនម្ហូបអាហារឲ្យក្រុមហ៊ុនហ្វ៊ូតផេនដា ដោយកន្លងមក  គេអាចរកចំណូលបានពី៩០ទៅ១០០ដុល្លារអាមេរិកក្នុង១សប្តាហ៍។ ទោះមានស្ថានភាពលំបាកយ៉ាងនេះក្តី លីហួរ មិនដែលប្រកាសសុំជំនួយពីសាធាណរជនឡើយ។ លោកបានលើកឡើងថា៖«ក្រៅពីត្រូវការឈាមជាប្រចាំ ខ្ញុំមិនបាននឹកឃើញរឿងសុំជំនួយទេ ដោយគិតថាទុកឲ្យគេអ្នកត្រូវការមែនទែនទៅ។ ខ្ញុំរស់បាន ចេះតែប្រឹងទៅ»។

ក្រោយមានអ្នកដឹកកាន់តែច្រើន ចំណូលរបស់ឪពុកកូនទាំងពីរក៏បានថយចុះដែរ ដោយអាទិត្យខ្លះបាន ៤០ដុល្លារ ទៅ ៦០ដុល្លារប៉ុណ្ណោះ។ ពេលនេះ ដោយសារតែលីហួរ ត្រូវបន្តសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប លោក ច័ន្ទ ប៊ុនហេង ដែលជាឪពុក ជាមនុស្សតែម្នាក់គត់ដែលត្រូវរកចំណូលប្រចាំថ្ងៃសម្រាប់គ្រួសារ ដោយសារភរិយាទទួលបន្ទុកមើលប្អូនតូចៗរបស់ លីហួរ ពីរនាក់ទៀត។

វ័យ៥៨ឆ្នាំ លោក ច័ន្ទ ប៊ុនហេង បានរៀបរាប់ប្រាប់សារព័ត៌មានថ្មីៗ តាមទូរសព្ទថា ពីមុនលោកមានចំណូលគ្រាន់បើដោយសារការរត់រ៉ឺម៉កកង់បីដឹកភ្ញៀវទេសចរណ៍ ប៉ុន្តែក្រោយការរាលដាលកូវីដ-១៩ លោក និងលីហួរ ដែលជាកូនប្រុសច្បងប្តូររបរធ្វើជាអ្នកបម្រើសេវាកម្មដឹកម្ហូបអាហារវិញ។



«ជាមេគ្រួសារ ត្រូវតែប្រឹងប្រែងរកដើម្បីចិញ្ចឹមក្រុមគ្រួសារ ទោះវាមានការលំបាក ហើយចំណូលបានទាបក៏ដោយ។ ខ្ញុំគ្មានលទ្ធភាពរកអ្វីផ្សេងក្រៅពីនេះទេ ណាមួយចាស់ផង គ្មានចំណេះផង មានតែធ្វើជាអ្នកដឹកជញ្ជូនម្ហូបអាហារហ្នឹង»។ លោក ប៊ុនហេង បានរៀបរាប់យ៉ាងដូច្នេះ។

មុខរបរនេះ បានជួយដោះស្រាយបញ្ហាជីវភាពរបស់គ្រួសារលោក ប៊ុនហេង មួយគ្រាមួយដែរ ព្រោះថាត្រូវបង់លុយធនាគារផង និងការហូបចុកប្រចាំថ្ងៃផង។ លោកបានបន្តថា៖ «ស្ថានភាពគ្រួសារមិនសូវជាធូរធារ រកបានមួយថ្ងៃ រស់មួយថ្ងៃ។ បញ្ហាធំបំផុត គឺកូនច្បងរបស់ខ្ញុំ ឈឺជំងឺមហារីកគ្រាប់ឈាម ហើយមានតែគេទេដែលមានអាយុច្រើនជាងគេ អាចជួយរកចំណូលបាន ក្រៅពីនេះនៅក្មេងទាំងអស់»។

ទោះដឹងថា ស្ថានភាពជំងឺមិនអាចព្យាបាលជាសះស្បើយ លោក ប៊ុនហេង នៅតែខិតខំព្យាបាលកូន ដោយសង្ឃឹមថា កូនរបស់លោកអាចបានធូរស្បើយពីជំងឺនេះខ្លះ។ រីឯលីហួរឯណោះវិញ គេក៏មិនចង់ត្រាំត្រែងសម្រាកនៅមន្ទីរពេទ្យយូរនោះដែរ គេពិតចង់សម្រាកការលំបាករបស់ឪពុកខ្លួនខ្លាំងណាស់។

ទោះបីជាក្រុមគ្រួសាររបស់លីហួរ មិនបានអំពាវនាវរកជំនួយក្តី ប៉ុន្តែរឿងរ៉ាវគ្រួសាររបស់ពួកគាត់ទទួលបាននូវការអាណិតអាសូរយ៉ាងខ្លាំងពីអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក។ ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Ly Kimseang បានកោតសរសើរ លីហួរ ដែលប្រឹងប្រែងរកស៊ីដោយកម្លាំងញើសឈាមខ្លួនទោះមានកាយសម្បទាមិនប្រក្រតី។

«ប្អូនធ្លាក់ខ្លួនឈឺម្តងទៀត បងមានអារម្មណ៍ថាអាណិតប្អូនខ្លាំងណាស់ ជីវភាពក៏ខ្វះខាត លោកឪពុកក៏ចាស់ជរា បងមានទឹកចិត្ត បន្តិចបន្តួច ជួយប្អូនក្នុងគ្រាលំបាក និងសំណូមពរដល់ សប្បុរសធម៌ និងមិត្តក្នុងហ្វេសប៊ុក ទាំងអស់ជួយដល់ប្អូនផង»។ ម្ចាស់គណនី Ly Kimseang បានសរសេរយ៉ាងដូច្នេះ ដោយភ្ជាប់លេខទូរសព្ទផ្ទាល់របស់ ហេង លីហួរ (០៧៧ ៩៥០ ៤៦៧ និង០៨១ ៩៣២ ៦២៦) ហើយជាលេខដែលសារព័ត៌មានថ្មីៗបានទាក់ទងសម្ភាសផងដែរ៕






© រក្សាសិទ្ធិដោយ thmeythmey.com