COVID-19
ជាតិ
កូវីដ-១៩៖ ភ្នំពេញមានអ្នកវិជ្ជមាន១៩១នាក់ទៀត ក្នុងនោះជាង៨០នាក់ជាកម្មករសំណង់
19, May 2021 , 4:59 pm        
រូបភាព
ដោយ: ថ្មីៗ
មនុស្ស១៩១នាក់ទៀត វិជ្ជមានកូវីដ-១៩ នៅរាជធានីភ្នំពេញ ដែលភាគច្រើនជាកម្មករសំណង់ និងកម្មករ-កម្មការិនីរោងចក្រកាត់ដេរ។ នេះបើតាមរបាយការណ៍អ្នកឆ្លងប្រចាំថ្ងៃទី១៨ ឧសភា របស់រដ្ឋបាលរាជធានីភ្នំពេញ។ 

 
ក្នុងចំណោមអ្នកវិជ្ជមាននៅថ្ងៃទី១៨ ឧសភានោះ មានជាង៨០នាក់ គឺជាកម្មករសំណង់ និងអ្នកធ្វើការនៅការដ្ឋានសំណង់ ២កន្លែង ក្នុងសង្កាត់ឃ្មួញ និងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។  របាយការណ៍នៃអ្នកឆ្លងប្រចាំថ្ងៃ របស់រដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងទៀតថា ក្រុមកម្មករ-កម្មការិនី ក្នុងខណ្ឌមានជ័យ និងខណ្ឌពោធិ៍សែនជ័យ នៅតែមានអត្រាឆ្លងខ្ពស់ដដែល។ 
 
ក្រៅពីនេះអ្នកឆ្លងគឺជាអាជីវករ, អ្នកបើកបរ, បុគ្គលិកក្រុមហ៊ុន មន្ត្រីកងរាជអាវុធហត្ថ,សន្តិសុខ, គ្រូបង្រៀន និងមាន៤នាក់ជាជនជាតិចិន ដែលក្នុងនោះមាន៣នាក់ ត្រូវបានរកឃើញតេស្តវិជ្ជមានកូវីដ-១៩ នៅពេលដាក់ស្នើសុំលិខិតធ្វើដំណើរទៅក្រៅប្រទេស ។
 
គិតមកដល់ពេលនេះ កម្ពុជាមានអ្នកកើតកូវីដ-១៩ ចំនួន ២៣២៨២នាក់ ដោយសះស្បើយមាន ១៤៩៥៥នាក់ និងស្លាប់កើនដល់ ១៥៩នាក់៕
 

Tag:
 សែនសុខ
 កម្មករសំណង់
 កម្មកររោងចក្រ
© រក្សាសិទ្ធិដោយ thmeythmey.com