ជាតិ
បន្តរកឃើញអាល់កុលក្លែងក្លាយនៅភ្នំពេញ ស្វាយរៀង បន្ទាយមានជ័យ ឧត្តរមានជ័យ និងព្រះវិហារ
20, May 2021 , 7:59 am        
រូបភាព
ដោយ: ថ្មីៗ
ដោយ៖ ស៊ុល រ៉វី

អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ(ក.ប.ប.) រកឃើញ អាល់កុលក្លែងក្លាយប្រមាណ ៥,៩៤០លីត្រ ក្នុងខេត្តស្វាយរៀង បន្ទាយមានជ័យ ឧត្ដរមានជ័យ ព្រះវិហារ និងរាជធានីភ្នំពេញ។ ក្រៅពីអាល់កុលក្លែងក្លាយ មន្ត្រីអគ្គនាយក ក.ប.ប. ក៏បង្រ្កាបបានទំនិញខូចគុណភាពមួយចំនួនផងដែរ។



អគ្គនាយកដ្ឋាន ក.ប.ប កាលពីថ្ងៃទី១៨ ខែឧសភា បានចុះត្រួតពិនិត្យទីតាំងលក់អាល់កុលអនឡាយ ស្ថិតក្នុងភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ការចុះត្រួតពិនិត្យនេះ បានរកឃើញ និងរឹបអូស អាល់កុលក្លែងក្លាយ (មេតាណុល) ប្រមាណ ៥,៤៩០លីត្រ។ រីឯមេតាណុលចំនួន ៣៣០លីត្រទៀត ត្រូវបានរឹបអូស និងបំផ្លាញចោលភ្លាមៗក្នុងខេត្តស្វាយរៀង បន្ទាយមានជ័យ និងព្រះវិហារ។ ក្រៅពីអាល់កុល មន្ត្រីជំនាញក៏បានរកឃើញនូវគ្រឿងឧបភោគបរិភោគ ផុតកំណត់រួមមាន ទឹកដោះគោចំនួន ៣៧ដប (១០,៤លីត្រ), នំកញ្ចប់ ៦៤កញ្ចប់ (០,៩៧គីឡូក្រាម) និងទឹកក្រូចដបចំនួន ១៩ដប (៦,៦៥លីត្រ)។
 
ដោយឡែក កាលពីថ្ងៃទី១៧ឧសភា អាជ្ញាធរខេត្តឧត្ដរមានជ័យ ត្រួតពិនិត្យឃើញអាល់កុលក្លែងក្លាយចំនួន ១២០លីត្រ និងម្សៅស៊ុបខ្នរ ហួសកំណត់ប្រើប្រាស់ ០,៥៨គីឡូក្រាម នៅចំណុចផ្សារសំរោង តាមម៉ាត និងឱសថស្ថាន ក្នុងសង្កាត់សំរោង ក្រុងសំរោង។  
 
សូមជម្រាបថា កាលពីសប្ដាហ៍មុន មន្ត្រីជំនាញ ក.ប.ប ក៏បានចុះបង្ក្រាបបាន អាល់កុលក្លែងក្លាយប្រមាណជិត ២៤តោន រួចមកហើយ ដែលបានរកឃើញពីទីផ្សារ ឃ្លាំងស្តុក និងឱសថស្ថាននានា ក្នុងក្រុងភ្នំពេញ៕
 
 
 

Tag:
 អាល់កុល
© រក្សាសិទ្ធិដោយ thmeythmey.com