COVID-19
ជាតិ
កូវីដ-១៩៖ តាកែវ៤១នាក់ បាត់ដំបង៧នាក់ ពោធិ៍សាត់៥នាក់ ប៉ៃលិន៣នាក់
20, May 2021 , 3:39 pm        
រូបភាព
រូបភាពពីហ្វេសប៊ុករដ្ឋបាលខេត្តតាកែវ
រូបភាពពីហ្វេសប៊ុករដ្ឋបាលខេត្តតាកែវ
ដោយ:
ខេត្តតាកែវ ពោធិ៍សាត់ បាត់ដំបង និងប៉ៃលិន បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ សរុប៥៦នាក់ នៅថ្ងៃទី១៩ ខែឧសភា។ ក្នុងនោខេត្តតាកែវ៤១នាក់,បាត់ដំបង៧នាក់,ពោធិ៍សាត់៥នាក់ និងប៉ៃលិន៣នាក់។ ខាងក្រោមនេះ គឺជារបាយការណ៍នៃអ្នកឆ្លងប្រចាំថ្ងៃទី១៩ ឧសភា នៅក្នុងខេត្តទាំង៤នេះ។

 
តាកែវ៖ ៤១នាក់បន្ថែម ភាគច្រើនជាកម្មករ
 
៤១ករណីវិជ្ជមានកូវីដ-១៩ ត្រូវបានរកឃើញនៅថ្ងៃទី១៩ ឧសភា ក្នុងខេត្តតាកែវ ដោយភាគច្រើន គឺជាកម្មករ-កម្មការិនីរោងចក្រសាន់បូ។ ពលរដ្ឋខ្មែរទើបមកពីថៃ ចំនួន៨នាក់ ក៏ស្ថិតក្នុងចំណោមអ្នកវិជ្ជមានកូវីដ-១៩ នៅតាកែវ នាថ្ងៃទី១៩ ឧសភាដែរ។ តាមរដ្ឋបាលខេត្តតាកែវ ក្នុងចំណោមអ្នកវិជ្ជមានកូវីដ-១៩ ទាំង៤១នាក់ មាន ២៧នាក់ រស់នៅស្រុកបាទី,ស្រុកព្រៃកប្បាស៤នាក់, ស្រុកកោះអណ្ដែត៤នាក់,ស្រុកអង្គរបូរី៣នាក់,ស្រុកសំរោង១នាក់,ស្រុកត្រាំកក់១នាក់ និងស្រុកបូរីជលសារ១នាក់។ ដោយសារករណីឆ្លងមានជាបន្តបន្ទាប់ដូច្នេះ កាលពីថ្ងៃទី ១៩ ឧសភា រដ្ឋបាលខេត្តក៏បានសម្រេចបិទបណ្តោះអាសន្នផ្សារសំរោងយ៉ោង និងបិទខ្ទប់ផ្នែកខ្លះនៃភូមិភូមិស្មៅខ្ញី ភូមិចក ភូមិពូនភ្នំ និងភូមិរលាំងគ្រើល ក្នុងភូមិសាស្ត្រស្រុកបាទី។ សូមជម្រាបថា  ចាប់ពីថ្ងៃទី៩ឧសភា ឆ្នាំ២០២១ មកដល់ថ្ងៃទី១៩ ឧសភា ខេត្តតាកែវ រកឃើញឆ្លងកូវីដ-១៩ ចំនួន៣៩២នាក់ ដែលច្រើនតែជាកម្មកររោងចក្រ ក្នុងនោះមនុស្ស២នាក់ក៏បានស្លាប់ដោយសារកូវីដ-១៩ផងដែរ។
 
បាត់ដំបង៖ ឆ្លងថ្មី៧នាក់ ដោយ៣នាក់ចាពលករមកពីថៃ
 
ខេត្តបាត់ដំបង បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន៧នាក់ទៀត ដោយក្នុងនោះ៣នាក់ជាពលករមកពីប្រទេសថៃ និង៤នាក់ឆ្លងបន្តគ្នាក្នុងសហគមន៍។។ មនុស្ស ២នាក់ មានអាសយដ្ឋាននៅស្រុកបាណន់, ស្រុកគាស់ក្រឡ ,ស្រុករុក្ខគិរី មាន១នាក់រៀងខ្លួន, ២នាក់ មានអាសយដ្ឋាននៅបន្ទាយមាជនជ័យ និងម្នាក់ទៀតនៅរាជធានីភ្នំពេញ។ នេះបើតាមការបញ្ជាក់របស់រដ្ឋបាលខេត្ត។ គិតមកដល់ពេលនេះខេត្តបាត់ដំបង មានអ្នកឆ្លងសរុប១១០នាក់ អ្នកកំពុងសម្រាកព្យាបាលចំនួន៦៩នាក់ ខណៈអ្នកជាសះស្បើយ ៣៨នាក់ និងអ្នកស្លាប់១នាក់។
 
ពោធិ៍សាត់៖ មាន៥នាក់ ដែលនាំចូលពីភ្នំពេញ,បាត់ដំបង,ព្រះសីហនុ និងស្វាយរៀង
 
ខេត្តពោធិ៍សាត់ ក៏បានរកឃើញមនុស្ស ៥នាក់បន្ថែមទៀតដែរ មានកូវីដ-១៩ ក្នុងនោះមានស្រី៤នាក់។ តាមរបាយការណ៍របស់មន្ទីរសុខាភិបាលខេត្តពោធិ៍សាត់ ក្នុងចំណោមអ្នកវិជ្ជមានថ្មីទាំង៥នាក់ មាន១នាក់ជាអ្នកដំណើរពីរាជធានីភ្នំពេញ, ២នាក់ពីខេត្តបាត់ដំបង, ១នាក់ពីខេត្តព្រះសីហនុ និង១នាក់ទៀតជាអ្នកដំណើរពីខេត្តស្វាយរៀង។ ខេត្តពោធិ៍សាត់ មានអ្នកឆ្លងកូវីដ-១៩ សរុបចំនួន ៧២នាក់ ក្នុងនោះ៦នាក់បានសះស្បើយ ៣នាក់បានស្លាប់ និង ៦៣នាក់កំពុងសម្រាកព្យាបាល។ នេះបើតាមរបាយការណ៍ដដែល។
 
ប៉ៃលិន៖ រកឃើញ៣ករណី ក្នុងនោះមានទារិកាអាយុជាង២ខែម្នាក់
 
ទារិកាអាយុជាង ២ខែម្នាក់ ស្ថិតក្នុងចំណោមអ្នកវិជ្ជមានកូវីដ-១៩ ទាំង៣ករណីដែលត្រូវបានរកឃើញនៅក្នុងខេត្តប៉ៃលិន នាថ្ងៃទី១៩ ឧសភា។ នេះបើតាមរដ្ឋបាលខេត្តប៉ៃលិន ដែលបញ្ជាក់ទៀតថា ទារិការូបនេះ ឆ្លងពីម្តាយដែលទើបត្រឡប់មកពីប្រទេសកាលពីថ្ងៃទី៣ ខែឧសភា កន្លងទៅ។  ចំណែក២ករណីទៀត គឺជាអ្នកដំណើរពីរាជធានីភ្នំពេញ។
 
ក្រោពីបញ្ចេញតួលេខអ្នកឆ្លងហើយ អាជ្ញាធរខេត្តនីមួយៗ ក៏បានអំពាវនាវឲ្យអ្នកដែលបានប្រាស្រ័យទាក់ទងដោយផ្ទាល់ និងប្រយោល ជាមួយអ្នកមានវិជ្ជមានកូវីដ-១៩ ទាំងអស់រួសរាន់ទៅយកសំណាក និងពិនិត្យសុខភាព នៅមន្ទីរពេទ្យបង្អែកដែលនៅជិតផ្ទះ និងដាក់ខ្លួនឲ្យនៅដាច់ដោយឡែក  ១៤ថ្ងៃ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ទៅសហគមន៍ផ្សេង។
 
គិតត្រឹមព្រឹកថ្ងៃទី២០ ខែឧសភា កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ២៣៦៩៧នាក់ អ្នកជាសះស្បើយសរុបចំនួន ១៥៧០០នាក់ ខណៈអ្នកស្លាប់កើនដល់ ១៦៤នាក់៕
 

© រក្សាសិទ្ធិដោយ thmeythmey.com