ជាតិ
សន្តិសុខផ្សារកំពង់ស្ពឺ ដែលទាត់កញ្ច្រែងក្មេងស្រីអ្នកលក់ព្រីងម្នាក់ ត្រូវបណ្ដេញពីការងារ
20, May 2021 , 9:59 pm        
រូបភាព
ដោយ:
កំពង់ស្ពឺ៖ កាលពីថ្ងៃទី១៩ ខែឧសភា មានការចែករំលែករូបភាពមួយសន្លឹកលើបណ្ដាញសង្គមហ្វេសប៊ុក ពីករណីសន្តិសុខផ្សារកំពង់ស្ពឺ ទាត់កញ្ច្រែងក្មេងស្រីលក់ព្រីងម្នាក់ នៅមុខផ្សារកំពង់ស្ពឺ។ ទង្វើនេះ បានធ្វើឱ្យអ្នកលេងហ្វេសប៊ុកមួយចំនួន រិះគន់យ៉ាងខ្លាំងៗ រួមទាំងអភិបាលខេត្តកំពង់ស្ពឺផង ថាជាទង្វើអសីលធម៌ និងបានបណ្ដេញសន្តិសុខនោះចេញពីការងារ។



ដ្បិតសកម្មភាពរបស់សន្តិសុខរូបនោះ ដើម្បីរៀបចំសណ្ដាប់ធ្នាប់សាធារណៈ ប៉ុន្តែទង្វើបែបនេះ មិនត្រូវបានទទួលការគាំទ្រឡើយ។ អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង មិនគាំទ្រនូវទង្វើដែលសន្តិសុខផ្សាររូបនោះ បានធ្វើចំពោះអ្នកលក់ដូរឡើុយ ដោយត្រូវណែនាំអាជីវករឲ្យបានត្រឹមត្រូវ។
 
លោក វ៉ី សំណាង បានរៀបរាប់ប្រាប់សារព័ត៌មានThmeyThmey25 តាមទូរសព្ទដូច្នេះ៖«សន្តិសុខផ្សាររូបនោះ ត្រូវខ្ញុំបណ្ដេញចេញពីការងារហើយ។ នេះជាទង្វើអសីលធម៌បំផុតដែលមិនអាចទទួលយកបាន។ យើងមិនកាន់ជើងអ្នកលក់នោះទេ ព្រោះគាត់ពិតជាបំពានផ្លូវសាធារណៈ តែក្នុងនាមជាមន្រ្តីសណ្ដាប់ធ្នាប់ត្រូវណែនាំពួកគាត់ដោយសន្តិវិធី»។
 
យ៉ាងណាលោកអភិបាលខេត្តកំពង់ស្ពឺ ក៏បានអំពាវនាវដល់បងប្អូនអាជីវករនៅតាមផ្សារទាំងអស់ ចូលរួមរក្សាឲ្យបាននូវសណ្ដាប់ធ្លាប់សាធារណៈ មិនត្រូវគិតពីផលប្រយោជន៍ខ្លួន ភ្លេចគិតពីផលប៉ះពាល់ប្រយោជន៍អ្នកដទៃឡើយ។ ក្រោយកើតហេតុនៅថ្ងៃទី២០ ខែឧសភា លោក វ៉ី សំណាង ក៏បាននាំយកសម្ភារមួយចំនួនផ្ដល់ជូនអ្នកលក់ព្រីង និងបានសូមអភ័យទោស ចំពោះទង្វើមិនគប្បីរបស់សន្តិសុខផ្សារកំពង់ស្ពឺ ដែលមិនអាចលើកលែងឲ្យបាន៕
 

Tag:
 កំពង់ស្ពឺ
  សន្តិសុខ
  អ្នកលក់ព្រីង
© រក្សាសិទ្ធិដោយ thmeythmey.com