COVID-19
ជាតិ
ភ្នំពេញរកឃើញអ្នកផ្ទុកកូវីដ-១៩ចំនួន១៧២នាក់ទៀត ដោយ២៥នាក់ជាទារក និងកុមារ
20, May 2021 , 5:39 pm        
រូបភាព
ដោយ: ថ្មីៗ
រាជធានីភ្នំពេញ បានរកឃើញមនុស្សចំនួន ១៧២នាក់ទៀត មានតេស្តវិជ្ជមានកូវីដ-១៩ កាលពីនៅថ្ងៃទី១៩ឧសភា ដោយក្នុងនោះមាន ២៥នាក់ជាទារក និងកុមារអាយុក្រោម១៥ឆ្នាំ។

 
 
តាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២០ ឧសភា ក្នុងចំណោមអ្នកឆ្លងថ្មីទាំង១៧២នាក់នេះ ភាគច្រើនជាកម្មកររោងចក្រ និងជាកម្មករសំណង់។ ក្នុងចំណោមអ្នកដែលទើបរកឃើញថាមានវិជ្ជមាននោះ គឺខណ្ឌពោធិ៍សែនជ័យមានអ្នកឆ្លងច្រើនជាងគេង ដល់ទៅ៤១នាក់ ដែលស្ថិតក្នុងសង្កាត់ចោមចៅ១, ចោមចៅ២ និងសង្កាត់ត្រពាំងក្រសាំង។ 
 
៣១នាក់ នៅសង្កាត់ស្រះចក និងសង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ។ ២៤នាក់ សង្កាត់ទួលសង្កែ១, ច្រាំងចំរេះ ២, ស្វាយប៉ាក,ចុងខ្សាច់ និងគីឡូម៉ែត្រ៦ ក្នុងខណ្ឌឫស្សីកែវ។  ២៣នាក់នៅសង្កាត់ភ្លើងឆេះរទេះ និងសង្កាត់កន្ទោក ខណ្ឌកំបូល។ ១៨នាក់ នៅសង្កាត់ស្ទឹងមានជ័យ២, ស្ទឹងមានជ័យ៣ ,ចាក់អង្រែលើ និងសង្កាត់ដំណាក់ធំ២ ខណ្ឌមានជ័យ និងមាន១៣នាក់ នៅសង្កាត់បឹងកក់២ ទឹកល្អក់២ និងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក។ 
 
ចំណែកខណ្ឌច្បារអំពៅ មាន៦នាក់ ,សែនសុខ ៧នាក់, ខណ្ឌព្រែកព្នៅ៣នាក់, ខណ្ឌបឹងកេងកង និងចំការមន មាន២នាក់រៀងខ្លួន ខណៈខណ្ឌដង្កោ និងជ្រោយចង្វារក៏មាន១នាក់រៀងខ្លួនដែរ។  ស្ត្រីវ័យ ២៨ឆ្នាំម្នាក់រស់នៅឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល ក៏ត្រូវបានរកឃើញវិជ្ជមានកូវីដ-១៩ នៅរាជធានីភ្នំពេញកាលពីថ្ងៃទី១៩ ឧសភាដែរ។
 
គិតមកដល់ពេលនេះ កម្ពុជាមានអ្នកកើតកូវីដ-១៩ ចំនួន ២៣៦៩៧នាក់ ដោយសះស្បើយមាន ១៥៧០០នាក់ និងស្លាប់កើនដល់ ១៦៤នាក់៕
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com