ជាតិ
ពលរដ្ឋខេត្តកំពង់ស្ពឺ ចាប់ផ្តើមដកផ្ទាំងផ្សាយគ្រឿងស្រវឹង ដោយពេញចិត្ត
23, May 2021 , 5:04 pm        
រូបភាព
ភ្នំពេញ៖ ពលរដ្ឋដែលស្ម័គ្រចិត្តរុះរើផ្ទាំងផ្សព្វផ្សាយគ្រឿងស្រវឹងក្នុងខេត្តកំពង់ស្ពឺ យល់ថាចំណាត់ការរបស់អភិបាលខេត្ត គឺជារឿងដ៏ល្អ ដែលលែងមានផ្ទាំងផ្សព្វផ្សាយគ្រឿងស្រវឹង នៅតាមបណ្ដោយផ្លូវ ពិសេសកុំឲ្យក្មេងៗជំនាន់ក្រោយយល់ដឹងតែគ្រឿងស្រវឹង។


បន្ទាប់ពីអភិបាខេត្តកំពង់ស្ពឺបញ្ជាឲ្យរុះរើផ្ទាំងផ្សព្វផ្សាយគ្រឿងស្រវឹងគ្រប់ប្រទេភនៅតាមដងផ្លូវសាធារណៈ តាមផ្ទះ និង តាមភោជនីយដ្ឋាន  លោក បូរិន ភារាម ដែលពលរដ្ឋនៅក្នុងក្រុងច្បារមន ខេត្តកំពង់ស្ពឺ ក៏ស្ម័គ្រចិត្តចូលរួមរុះរើផ្ទាំងប៉ាណូផ្សាព្វផ្សាយគ្រឿងស្រវឹងនៅខាងមុខផ្ទះដោយខ្លួនឯង។ លោកប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទថា ដោយសារពិចារណាឃើញថា ចំណាត់ការរបស់អភិបាលខេត្តល្អហើយមានប្រយោជន៍ដល់សង្គមផងនោះ លោកមិនបង្អង់រង់ចាំយូរក៏សម្រេចរុះរើដោយខ្លួនឯង។ 
 
«ស្លាកហ្នឹង(ផ្ទាំងប៉ាណូផ្សាយគ្រឿងស្រវឹង) មើលទៅវាអត់ទំនងដែរ ឃើញតែស្រាបៀគ្រប់កន្លែងទាំងអស់ គាត់ (លោកអភិបាលខេត្ត) ឲ្យធ្វើអ៊ីចឹងវាល្អដែរ។ ហើយយើងក៏អាចដាក់រូបភេសជ្ជៈទឹកផ្លែឈើវិញក៏បាន។ គិតឃើញអ៊ីចឹង ខ្ញុំក៏ធ្វើមុនគេឲ្យហើយតែម្ដងទៅ ដើម្បីជាគំរូដល់គេផ្សេងផងដែរ»។ នេះបើតាមការលើកឡើងរបស់លោក ភារាម ដោយបន្ថែមថា ពលរដ្ឋក្នុងខេត្តកំពង់ស្ពឺ មានការជជែកគ្នាច្រើនអំពើរឿងរាវរុះរើស្លាកនេះ ហើយក៏មានពលរដ្ឋមួយចំនួនតូចមិនយល់ស្របផងដែរ។ 
 
លោក ស្នើបន្ថែមថា៖ «ពេលនេះ ខ្ញុំចង់សូមពរមួយ ទៅតាមទូរទស្សន៍ និងតាមកន្លែងផ្សាយផ្សេងៗទៀតគួរកាត់បន្ថយខ្លះទៅ វាក៏ល្អម្យ៉ាងដែរ»។ 
 
ព្រោះមិនចង់ឃើញក្មេងជំនាន់ក្រោយ យល់ដឹងតែគ្រឿងស្រវឹង លោកស្រី សុ ផានណា ដែលរស់នៅក្រុងច្បារមនដែរនោះ ក៏ស្ម័គ្រចិត្តរុះរើផ្ទាំងប៉ាណូផ្សាយគ្រឿងស្រវឹងដែរ។ លោកស្រី អះអាងថា បញ្ជារបស់អភិបាលខេត្តប្រកបដោយការគិតគូរ ដូច្នេះក្នុងនាមជាពលរដ្ឋត្រូវតែចូលរួម។ 
 
លោកស្រី ផានណា ថ្លែងប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទថា៖«រុះរើ (ផ្ទាំងផ្សព្វផ្សាយគ្រឿងស្រវឹង) អ៊ីចឹងជារឿងល្អ បើដាក់តាមមុខផ្ទះចឹង ក្មេងៗជំនាន់ក្រោយ យល់តែពីការលក់គ្រឿងស្រវឹង»។ 
 
ការប្រកាសបញ្ជាឲ្យអាជ្ញាធរពាក់ព័ន្ធចុះរុះរើស្លាកផ្សព្វផ្សាយគ្រឿងស្រវឹងក្នុងខេត្តកំពង់ស្ពឺកាលពីថ្ងៃទី២១ឧសភា មកដល់ថ្ងៃទី២៣ឧសភា ឆ្នាំ២០២១នេះ ឃើញសកម្មភាពប្រជាពលរដ្ឋចូលរួមស្ម័គ្ររុះរើដោយខ្លួនឯងយ៉ាងផុសផុល។ លើសពីនេះ ក៏ឃើញមានមហាជន សង្គមស៊ីវិល និង ឧកញ៉ាខ្លះ បានបង្ហាញការគាំទ្រចំណាត់ការរបស់អភិបាលខេត្តកំពង់ស្ពឺ និងសកម្មភាពពលរដ្ឋ ក្នុងខេត្តកំពង់ស្ពឺ រុះរើផ្ទាំងផ្សព្វផ្សាយគ្រឿងស្រវឹងជាហូរហែផងដែរ៕ 
 
អត្ថបទទាក់ទង
 

Tag:
 កំពង់ស្ពឹ
  គ្រឿងស្រវឹង
© រក្សាសិទ្ធិដោយ thmeythmey.com