ជាតិ
បរិស្ថានបៃតង និងផ្កាចម្រុះពណ៌បង្កើនសម្រស់អង្គរវត្ត បេតិកភណ្ឌពិភពលោក
24, May 2021 , 9:59 pm        
រូបភាព
ដោយ៖ ឡុង តូន
 
 
សៀមរាប៖ ប្រាសាទអង្គរវត្ត ដែលជាសម្បត្តិមនុស្សជាតិនៃបេតិកភណ្ឌពិភពលោក បានប្រែមុខមាត់ថ្មីមួយកម្រិតថែមទៀតបន្ទាប់ពីបានកែលម្អនូវហេដ្ឋារចនាសម្ព័ន្ធនិងបរិស្ថានពណ៌បៃតងនៃទីធ្លាខាងមុខប្រាសាទប៉ែកខាងលិចនៃកសិណខាងលិច។ សមិទ្ធិទាំងនេះគឺពិតជាបានចូលរួមលើកតម្លៃផ្នែកសោភណ្ឌដល់ប្រាសាទនេះយ៉ាងក្រៃលែង។

 
 
កន្លងមកនេះ ដ្បិតតែជំងឺកូវីដ-១៩ បានរាតត្បាតក៏ពិតមែន តែដោយសារភាពល្បីល្បាញផ្នែកជំនឿ សាសនា សិល្បៈ និងស្ថាបត្យកម្ម ប្រាសាទអង្គរវត្តមើលទៅហាក់បីដូចជានៅតែបន្តទទួលស្វាគមន៍ភ្ញៀវក្នុងស្រុកជារឿយៗ។ ចាប់តាំងពីផ្លូវចូលពីខាងលិច និងកំណាត់ផ្លូវប្របកសិន្ធុខាងលិចជាបរិវេណដែលបានរៀបចំទុកសម្រាប់ថ្មើរជើងនិងអ្នកជិះកង់។ ជាមួយសួនផ្កា ស្មៅរុក្ខជាតិតូចធំ ដាំលម្អចម្រុះគ្នាបន្ថែមទៀតនោះ បានធ្វើឲ្យអ្នកដែលមកដល់ទីនេះ ពិបាកនឹងបោះបង់ចោលនូវការផ្ដិតយករូបភាពទាំងនេះណាស់។
 



ទេសចរ ដែលមកកម្សាន្តនៅរមណីយដ្ឋាននេះ មានទាំងក្រុមអ្នកដែលមកទស្សនាប្រាសាទ និងក្រុមអ្នកមកលំហែរបៀបកីឡា។ ក្នុងចំណោមពួកគេ ក្រុមខ្លះ ខំរំកិលខ្លួនស្រូតរូតតម្រង់ឆ្ពោះទៅរកប្រាសាទ។ រីឯក្រុមខ្លះទៀត ជាពិសេសកីឡាករជិះកង់ក៏តែងជ្រើសរើសទីនេះ ជាកន្លែងសម្រាកដើម្បីអង្គុយស្រូបយកខ្យល់អាកាស ពិភាក្សា ថតរូបកម្សាន្ត និងមួយចំនួនផ្សេងទៀតក៏បន្តដំណើរទៅតាមទិសដៅរៀងៗខ្លួន។
 
នៅពេលព្រលឹមស្រាងៗ សម្រាប់អ្នកដែលមានជំនាញខាងកីឡាជិះកង់ មួយចំនួនធំ ពួកគាត់តែងតែប្រើប្រាស់តំបន់ប្រាសាទនេះជាទីសំចតសម្រាប់សម្រាកយកកម្លាំង និងឆ្លៀតពេលគយគន់ទេសភាពប្រាសាទ ពេលអរុណោទ័យមុននឹងបន្តដំណើរឆ្លងកាត់កន្លែងផ្សេងៗក្នុងតំបន់បេតិកភណ្ឌវប្បធម៌ដ៏ធំមួយនេះ។ 


 
ដ្បិតសកម្មភាពនៃពេលលំហែនេះមើលទៅដូចជាមានសភាពប្រក្រតី និងហាក់បីដូចជាពិភពមួយដែលនៅសែនឆ្ងាយពីទុក្ខអំពល់ទាំងពួងក៏ពិតមែន តែដោយសារស្ថិតក្នុងអំឡុងពេលនៃជំងឺរាតត្បាត កំពុងទន្ទ្រានពិភពលោក បានធ្វើឲ្យភាពខ្លាចរអាក៏នៅតែអន្ទោលតាមឥតឈប់ឈរ។ ទេសចរ ដែលមកកម្សាន្តនៅទីនេះ ម្នាក់ៗពាក់ម៉ាស់ និងរក្សាគម្លាតទៅតាមក្រុមនីមួយៗរៀងៗខ្លួន។  ការណ៍នេះ ជាប្រការមួយដែលល្អក្នុងការអនុវត្តគោលការណ៍ការពារដើម្បីគេចផុតពីរោគកាចសាហាវកូវីដ-១៩ ៕




 
 

Tag:
 អង្គរវត្ត
  Angkor Wat
© រក្សាសិទ្ធិដោយ thmeythmey.com