ជាតិ
គ្រួសារ អ្នកស្រី លូ ចាន់ លក់នំគូឆាយតាំងពីឆ្នាំ១៩៩៧មក ដោយផ្តើមពីការរុញលក់តាមរទេះ
25, May 2021 , 9:29 am        
រូបភាព
ភ្នំពេញ៖ អ្នកស្រី លូ ចាន់ អាចលក់នំគូឆាយបានចន្លោះពី៦០០ ទៅ ៧០០នំ ក្នុងមួយថ្ងៃ។ របៀបធ្វើនំនេះ បន្តពីជីដូនរហូតដល់ចៅជំនាន់ទី៣។ នំគូឆាយនេះ មាន៤រសជាតិប្លែកពីគ្នាដូចជា រសជាតិស្នូលគូឆាយ ស្នូលត្រាវ ស្នូលប៉ិកួៈ និងស្នូលគូឆាយជ្រុង។



យីហោ «លូ ចាន់ នំគូឆាយ វាលមែន» ស្ថិតនៅខាងមុខវាលព្រះមេរុ ។។ យីហោនេះ មានអាយុ ៣៧ឆ្នាំមកហើយ។ ដំបូងឡើយ ជីដូនរបស់អ្នកស្រី ចាន់ រុញរទេះលក់តាមដងផ្លូវនៅក្នុងតំបន់វាលមេរុ។ រហូតដល់ឆ្នាំ ១៩៩៧ របរលក្ខណគ្រួសារមួយនេះ មានហាងលក់មួយកន្លែងក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
 
នំគូឆាយនេះ កាន់តែទទួលបានការគាំទ្រច្រើនដែលមកទិញផ្ទាល់នៅហាង។ រហូតដល់ឆ្នាំ២០១៦ ហាងនេះក៏បានចាប់ផ្តើមលក់តាមប្រព័ន្ធអនឡាញ និងមានអតិថិជនតាមបណ្ដាញសង្គមច្រើន។ ម្ចាស់ហាង អ្នកស្រី ចាន់ ប្រាប់ពីលក្ខណពិសេសនំដូច្នេះថា៖«ហាងខ្ញុំធ្វើមិនរិះស្នូលនំ និងធ្វើសំបកនំស្ដើង។ ភ្ញៀវគាត់ចូលចិត្តសំបកស្តើង ពេលចៀនទៅស្រួយឆ្ងាញ់។ នំចំហ៊ុយ ក៏ឆ្ងាញ់មួយបែបដែរ»។


 រូបភាពពី៖ លូ ចាន់ នំគូឆាយ វាលមែន 

ក្នុងវិបត្តិកូវីដ-១៩ ហាងនំ បានផ្អាកមួយរយៈ។ ម្ចាស់ហាងរូបនេះ បញ្ជាក់ថា៖ អំឡុងកូវីដ-១៩ រាលដាលខ្លាំង យើងពិបាកក្នុងការដឹកជញ្ជូនជូនភ្ញៀវ។ ពេលបើកលក់វិញ ការបញ្ជាទិញថយចុះបន្តិច។ យើងលក់បានចន្លោះពី ៦០០ ទៅ ៦៥០នំ ក្នុងមួយថ្ងៃ»។
 
អ្នកស្រី ចាន់ លក់នំគូឆាយក្នុងតម្លៃនំមួយតម្លៃ ២ពាន់រៀល។ ក្នុងចំណោមនំទាំង ៤រសជាតិ នំស្នូលគូឆាយ គឺជានំលក់ដាច់ជាងគេ។ ម្ចាស់ហាងរូបនេះ តែងធ្វើនំស្នូលគូឆាយច្រើនជាងនំស្នូលត្រាវ ប៉ិកគក់ និងគូឆាយជ្រុង៕
 


នំគូឆាយជ្រុង រូបភាពពី៖ លូ ចាន់ នំគូឆាយ វាលមែន

មីឆាយ រូបភាពពី៖ លូ ចាន់ នំគូឆាយ វាលមែន

លតឆា រូបភាពពី៖ លូ ចាន់ នំគូឆាយ វាលមែន 
 
 
 

Tag:
 អាជីវកម្មខ្នាតតូច
 
© រក្សាសិទ្ធិដោយ thmeythmey.com