ជាតិ
លោក គឹម សន្តិភាព៖ ក្រសួងយុត្តិធម៌ មិនដែលបោះពុម្ពសៀវភៅលក់នោះទេ
24, May 2021 , 7:47 pm        
រូបភាព
លោក គឹម សន្តិភាព ជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ នៅថ្ងៃទី២៤ ខែឧសភានេះ បានអះអាងថា ក្រសួងមិនដែលបោះពុម្ពសៀវភៅលក់នោះទេ។ អ្នកនាំពាក្យរូបនេះ ឆ្លើយតបដូច្នេះ ក្រោយមេធាវីឈ្មោះ កង ឬទ្ធិគីរី បានបង្ហោះសារលើបណ្តាញសង្គមថា ក្រសួងយុត្តិធម៌លក់សៀវភៅព្រហ្មទណ្ឌ និងក្រមនីតិវិធីព្រហ្មទណ្ឌ ក្នុងតម្លៃ១០០ដុល្លារក្នុងមួយក្បាល។

 
«ការផ្សព្វផ្សាយរបស់លោកមេធាវី លើករណីទិញសៀវភៅព្រហ្មទណ្ឌ និងក្រមនីតិវិធីព្រហ្មទណ្ឌ ពីក្រសួងយុត្តិធម៌ក្នុងតម្លៃ ១០០ដុល្លារក្នុងក្បាលនោះ គឺជាការផ្សព្វផ្សាយមួលបង្កាច់លើក្រសួងយុត្តិធម៌ទាំងស្រុង»។ នេះជាការអះអាងរបស់លោក គឹម សន្ដិភាព ដែលបន្ថែមថា រឿងលោក កង ឬទ្ធិគីរី ទិញសៀវភៅពីបុគ្គលណាមួយនោះ ជារឿងរបស់លោក និងបុគ្គលនោះ មិនពាក់ព័ន្ធនឹងក្រសួងឡើយ។ 
 
ក្រសួងយុត្តិធម៌ បានបោះពុម្ភផ្សាយតែម្តងកន្លងមក ក្នុងឆ្នាំ២០១៣ ដោយប្រើប្រាស់ថវិកាជំនួយរបស់ភាគីបារាំង និងថវិការបស់ជាតិ។ ក្រសួង បានចែកផ្សាយទូទាំងប្រទេសដោយឥតគិតថ្លៃ ដល់អ្នកពាក់ព័ន្ធទាំងអស់ជាអាទិ៍ មន្ត្រីអនុវត្តច្បាប់ និងគ្រូបង្រៀនផងដែរ រួចរាល់ហើយ ដោយពុំមានការចែកផ្សាយសៀវភៅនេះបន្តទៀតទេ។
 
ដំបូងឡើយ លោក ឬទ្ធិគីរី បានបង្ហោះសារលើបណ្ដាញសង្គមហ្វេសប៊ុកដូច្នេះ៖ «ខ្ញុំអានក្រមនីតិ[វិធី]រដ្ឋប្បវេណីស្រាប់តែរកប្រការកំណត់អំពីភស្តុតាង  វិមតិសង្ស័យមិនឃើញសោះ  ក៏ទៅរកក្រមនីតិវិធីនេះនៅក្រសួងយុត្តិធម៌ ដើម្បីអោយប្រាកដថាវាមិនមានកំហុសក្នុងការបោះពុម្ព។ ដោយសារ ក្រម ទិញនៅក្រៅបោះពុម្ពរំលងពីរបីមាត្រាឯណោះ។ តើអ្នកដឹងទេ វាថ្លៃប៉ុន្មាន?  ចម្លើយលឿនទេ  គឺ១០០ ដុល្លារ សម្រាប់មួយក្បាល»៕ 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com