ជាតិ
ខ្នងផ្សា! សង់បន្ទប់ទឹកបន្ថែមដើម្បីពង្រឹងអនាម័យ ប៉ុន្តែកង្វល់ខ្វះអ្នកថែទាំ
25, May 2021 , 6:04 pm        
រូបភាព
ដោយ:
ប្រធានសហគមន៍ និងក្រសួងបរិស្ថាន បានចុះពិនិត្យទីតាំងសម្រាប់សាងសង់បន្ទប់ទឹកចំនួន ២០ទៀតនៅភ្នំខ្នងផ្សា បន្ថែមលើបន្ទប់ទឹកដែលមានស្រាប់។ ស្របពេលគម្រោងសាងសង់បន្ទប់ទឹកចាប់ផ្ដើម ការខ្វះមនុស្សសម្រាប់ថែរក្សាអនាម័យ នៅតែជាក្ដីបារម្ភរបស់ប្រធានសហគមន៍។


អ្នកមានបំណងដើរកម្សាន្តលក្ខណៈផ្សងព្រេងទៅកាន់ភ្នំខ្នងផ្សា នឹងលែងសូវបារម្ភទៀតហើយពីការខ្វះខាតបន្ទប់ទឹក។ ក្រសួងបរិស្ថាន គ្រោងសាងសង់បន្ទប់ទឹកចំនួន២០បន្ថែមទៀត ដែលធ្វើឱ្យបន្ទប់ទឹកនៅលើភ្នំខ្នងផ្សាមានរហូតដល់២៥បន្ទប់។
 
ទន្ទឹមនឹងការរីករាយចំពោះការមានបន្ទប់ទឹកសម្រាប់បំពេញតម្រូវការភ្ញៀវទេសចរ ប៉ុន្តែការខ្វះខាតអ្នកថែររក្សាអនាម័យនៅតែជាក្ដីបារម្ភរបស់លោក ហ៊ុន សៅ ប្រធានសហគមន៍តាំងបំពង់ ខ្នងផ្សា។ លោក ហ៊ុន សៅ លើកឡើងថា បន្ទប់ទឹកចំនួន៥ ដែលមានស្រាប់ក្នុងពេលបច្ចុប្បន្ន មិនមានអ្នកសម្អាតនោះទេ។ ការណ៍នេះ បណ្ដាលមកពីភាពមិនស៊ីគ្នារវាងភ្ញៀវ និងប្រជាសហគមន៍ពីតម្លៃនៃសេវាកម្មសម្អាតបន្ទប់ទឹក។
 

ទេសភាពភ្នំខ្នងផ្សា នារដូវប្រាំង

ប្រធានសហគមន៍តាំងបំពង់ ខ្នងផ្សា រូបនេះ បញ្ជាក់ប្រាប់សារព័ត៌មានThmeyThmey25 តាមទូរស័ព្ទយ៉ាងដូច្នេះថា៖ « បន្ទប់ទឹកយើងមានហើយ ប៉ុន្តែអត់មានអ្នកជួយសម្អាតទេ។ អ្នកនៅក្នុងសហគមន៍ គាត់សុំពីភ្ញៀវម្នាក់ ១ដុល្លារ សម្រាប់សេវាកម្មសម្អាត តែភ្ញៀវគាត់អត់ព្រម ហើយប្រជាជនគាត់ថាបើក្រោមម្នាក់ ១ដុល្លារគាត់មិនព្រមឡើងទៅចាំសម្អាតបន្ទប់ទឹកទេ»។
  
កន្លងទៅ ប្រជាសហគមន៍ បានស្នើសុំថវិកាពីភ្ញៀវម្នាក់មួយដុល្លារ ដើម្បីឡើងទៅសម្អាតបន្ទប់ទឹកនៅលើភ្នំ ដែលវាមិនមែនជាការងាយស្រួលនោះទេ។  សម្រាប់បញ្ហានេះ លោក ហ៊ុន សៅ មិនទាន់មានដំណោះស្រាយនៅឡើយទេ ដោយរង់ចាំមើលពីភាពប្រែប្រួល បន្ទាប់ពីមានបន្ទប់ទឹកបន្ថែមសិន ថាតើការមានបន្ទប់ទឹកច្រើន អាចសម្រួលដល់អនាម័យបន្ទប់ទឹកបានឬយ៉ាងណា? 
 
គួរបញ្ជាក់ផងដែរថា ចាប់តាំងពីថ្ងៃទី២៥មេសា មកដល់ថ្ងៃទី២៤ឧសភា មានភ្ញៀវទេសចរចំនួន ៤២៦នាក់ បានឡើងភ្នំខ្នងផ្សា៕
 

Tag:
 ខ្នងផ្សា
  កំពង់ស្ពឺ
  ThmeyThmey25
© រក្សាសិទ្ធិដោយ thmeythmey.com