COVID-19
ជាតិ
សង្គមជាតិ
កម្ពុជា នឹងអាចចាក់វ៉ាក់សាំងឱ្យពលរដ្ឋយ៉ាងតិច៥លាននាក់ នៅឆ្នាំ២០២១
29, May 2021 , 11:58 am        
រូបភាព
ភ្នំពេញ៖ ពលរដ្ឋខ្មែរយ៉ាងតិច៥លាននាក់ នឹងទទួលបានវ៉ាក់សាំងបង្ការកូវីដ-១៩ នៅបំណាច់ឆ្នាំ២០២១។ សម្ដេច ហ៊ុន សែន អះអាងបែបនេះ នៅក្នុងសេចក្តីថ្លែងសារពិសេស ជូនមន្ត្រីពាក់ព័ន្ធយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ នៅព្រឹកថ្ងៃទី២៩ ឧសភា។


 
នាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជា នឹងទទួលបានវ៉ាក់សាំង៤,៥លានដូសទៀត នៅក្នុងខែមិថុនា ។ ប៉ុន្តែសម្ដេច ហ៊ុន សែន មិនបានបញ្ជាក់ថា ជាវ៉ាក់សាំងប្រភេទអ្វីទេ។ សម្រាប់ការទទួលបានវ៉ាក់សាំងជាបន្តបន្ទាប់នេះ ប្រមុខរដ្ឋាភិបាល ជឿជាក់ថា ពលរដ្ឋយ៉ាងតិច៥លាននាក់ នឹងអាចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅឆ្នាំ២០២១នេះ។
 
« យើងនឹងអាចចាក់យ៉ាងហោចណាស់ក្នុង ៥លាន ទៅ ៦លាននាក់ មុនដំណាច់ឆ្នាំនេះ ក្នុងចំណោម ១០លាននាក់។ ហើយយើងនឹងខិតខំធ្វើឱ្យសម្រេចនូវការចាក់វ៉ាក់សាំង ១០លាននាក់នៅក្នុងឆ្នាំនេះ ឬយឺតបំផុត នៅដើមឆ្នាំក្រោយតែម្តង ដើម្បីឱ្យប្រជាពលរដ្ឋរបស់យើងទទួលបាននូវ៉ាក់សាំងគ្រប់ៗគ្នា»។ នេះបើតាមលោកនាយករដ្ឋមន្ត្រី។
 
ជាមួយគ្នានេះ សម្ដេច ហ៊ុន សែន អំពាវនាវឱ្យពលរដ្ឋដែលមិនទាន់បានចាក់វ៉ាក់សាំង កុំមានការព្រួយបារម្ភពីរឿងអស់វ៉ាក់សាំង ហើយទៅដណ្ដើមគ្នាចាក់វ៉ាក់សាំង។ ត្រង់ចំណុចនេះ សម្ដេច ស្នើឱ្យពលរដ្ឋយោគយល់ និងរង់ចាំការចាក់វ៉ាក់សាំង តាមផែនការរាជរដ្ឋាភិបាលកំណត់។ 
 
ប្រមុខរដ្ឋាភិបាល ថ្លែងទៅកាន់ពលរដ្ឋដូច្នេះថា៖«ក្នុងពេលវេលានេះត្រូវប្រើប្រាស់ (វិធានការ៣កុំ ៣ការពារ) ការពារខ្លួនឱ្យខាងតែបានសិនទម្រាំវ៉ាក់សាំងទៅដល់ ហើយបើទោះបីជាអ្នកបានចាក់វ៉ាក់សាំងហើយក៏ដោយ ក៏មិនត្រូវភ្លេច (វិធានការការពារដែរ) ព្រោះវ៉ាក់សាំងមិនអាចទប់បានគ្រប់ការចម្លងនោះទេ គឺយើងត្រូវប្រើប្រាស់វ៉ាក់សាំងផង និងវិធីការពារខ្លួនពីកូវីដ១៩ផង»។
 
កាលពីថ្ងៃទី១១ ឧសភា អ្នកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអះអាងថា រដ្ឋាភិបាល បានសម្រេចបញ្ជាទិញវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ របស់ក្រុមហ៊ុនស៊ីណូ វ៉ាក់(Sinovac)ចំនួន៥លានដូសទៀត ពីរដ្ឋាភិបាលប្រទេសចិន។ 
 
កម្ពុជា បានទទួលវ៉ាក់សាំងជាង៦លានដូសរួចមកហើយ រួមមាន ស៊ីណូហ្វាមចំនួន១,៧លានដូស ជាជំនួយរបស់រដ្ឋាភិបាលចិន, វ៉ាក់សាំងស៊ីណូវ៉ាក់ចំនួន៤លានដូស ទិញពីចិន និង វ៉ាក់សាំងអាស្ត្រាហ្សេនីកាជាង៣២ម៉ឺនដូស ជាជំនួយរបស់ខូវ៉ាក់ តាមរយៈអង្គការសុខភាពពិភពលោក។
 
គិតត្រឹមថ្ងៃទី២៨ ឧសភា កម្ពុជា មានពលរដ្ឋ ២,៤លាននាក់ហើយ បានចាក់វ៉ាក់សាំងកូវីដ-១៩។ តួលេនេះ ស្មើនឹងអត្រាជាង ២៤ភាគរយ នៃមនុស្សសរុប១០លាននាក់ ក្នុងផែនការចាក់វ៉ាក់សាំងរបស់រដ្ឋាភិបាល។ យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល ក្នុងចំណោមអ្នកដែលបានចាក់វ៉ាក់សាំងបង្ការកូវីដ-១៩នេះ មានជាង១,៨លាននាក់ ចាក់នូវដូសទី២រួចហើយ៕
 

Tag:
 វ៉ាក់សាំង
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com