COVID-19
ជាតិ
របាយការណ៍ប្រចាំថ្ងៃ៖ កំពង់ស្ពឺ,កណ្តាល,​បន្ទាយមានជ័យ,​កំពង់ធំ បន្តរកឃើញអ្នកជំងឺកូវីដ-១៩ច្រើនជាងគេ​
29, May 2021 , 1:10 pm        
រូបភាព
ដោយ:

ភ្នំពេញ៖ របាយការណ៍តាមបណ្ដាខេត្តនានា អំពីអ្នកឆ្លងជំងឺកូវីដ-១៩ នៅថ្ងៃទី២៨ ខែឧសភា បានបង្ហាញថា  អ្នកឆ្លងកូវីដ-១៩ ភាគច្រើនជា​កម្មកររោងចក្រ, ពលករមកពីប្រទេសថៃ និងបុគ្គលិកក្រុមហ៊ុន។​



កំពង់ស្ពឺ៖ ឆ្លងជាសហគមន៍ ៥៤នាក់ និងជាសះស្បើយ២នាក់​

មនុស្សចំនួន៥៤នាក់បានឆ្លងជំងឺកូវីដ-១៩ និងជាសះស្បើយចំនួន២នាក់ ដែលផ្សាយក្នុងរបាយការណ៍រដ្ឋបាលខេត្តកំពង់ស្ពឺនៅថ្ងៃទី២៨ ខែឧសភា។ ក្នុងចំណោមអ្នកឆ្លងជំងឺកូវីដ-១៩ គឺជាពលរដ្ឋរស់នៅក្នុងស្រុកសំរោងទង,​ស្រុកគងពិសី,​ស្រុកកណ្តាលស្ទឹង,ស្រុកអង្គស្នួល,​ស្រុកឧដុង្គ,ស្រុកបសេដ្ឋ,ស្រុកភ្នំស្រួច និងក្រុងចំការមន។​

ជាមួយគ្នានេះ មានអ្នកជាសះស្បើយចំនួន២នាក់ ដែលធ្វើឲ្យអ្នកជាសះស្បើយសរុបមាន១៧៨នាក់។ បច្ចុប្បន្ន​ ខេត្តកំពង់ស្ពឺមានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន៦៥៤ករណី និងមានអ្នកស្លាប់ចំនួន១២ករណី។​

កណ្តាល៖ ឆ្លងថ្មីចំនួន៤១ករណី និងជាសះស្បើយ២៤ករណី

មនុស្សចំនួន៤១នាក់ទៀតបានឆ្លងជំងឺកូវីដ-១៩។ ក្នុងចំណោមអ្នកឆ្លងជំងឺកូវីដ-១៩ គឺស្រុកកៀនស្វាយ២៣នាក់,ស្រុកពញ្ញាឮ៥នាក់,​ស្រុកអង្គស្នួល២នាក់,ស្រុកកណ្តាលស្ទឹង៥នាក់,ស្រុកស្អាង៤នាក់,ស្រុកខ្សាច់កណ្តាល​ និងស្រុកលើកដែក ១នាក់ដូចគ្នា។​

ចំពោះអ្នកជាសះស្បើយមាន២៤នាក់ ដោយស្រុកកណ្តាលស្ទឹង៤នាក់,ស្រុកកៀនស្វាយ១១នាក់,ស្រុកអង្គស្នួល១នាក់,ស្រុកស្អាង២នាក់ និងក្រុងតាខ្មៅ៦នាក់។​

ខេត្តកណ្តាល​ មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន៣,៥៣៥ករណី និងជាសះស្បើយ២,១៥០ករណី។​

បន្ទាយមានជ័យ៖ ឆ្លងថ្មីចំនួន៣៦ករណីនៅក្រុងប៉ោយប៉ែត និងជាសះស្បើយ៨១ករណី

ក្នុងចំណោមអ្នកឆ្លងថ្មីចំនួន៣៦នាក់នេះ គឺ៨នាក់ជាពលករមកពីប្រទេសថៃ,​១៤នាក់ ជាបុគ្គលិកសហគ្រាសGolden Planet,បុគ្គលិកសហគ្រាសTik Tok ចំនួន១នាក់,អ្នកលក់បាយ១នាក់,​បុគ្គលិកហាងកាហ្វេ៣នាក់,​និង៩នាក់ទៀត សិស្ស និងមេផ្ទះ។​

កំពង់ធំ៖ ឆ្លងថ្មីចំនួន២៦ករណី និងជាសះស្បើយ៩ករណី

ក្នុងចំណោមមនុស្ស២៦នាក់ដែលឆ្លងជំងឺកូវីដ-១៩ គឺមាន៣នាក់មកពីរាជធានីភ្នំពេញ,​២នាក់ជាអ្នកប៉ះផ្ទាល់នឹងអ្នកមកពីរាជធានីភ្នំពេញ, ១៩នាក់​ជាកម្មកររោងចក្រជូហួយ​ រោងចក្រវ៉ាឡុង និងរោងចក្រលីនតុន និង២នាក់ទៀត ជាអ្នកប៉ះផ្ទាល់នឹងកម្មកររោងចក្រ​វ៉ាឡុង និងរោងចក្រខាលីនតុន។​

កំពង់ធំ​​ មានអ្នកឆ្លងជំងឺកូវីដ-១៩​ សរុបចំនួន២៥៣ករណី និងជាសះស្បើយ៩១ករណី។

កំពង់ចាម៖ ឆ្លងថ្មីចំនួន២៣ករណី និងជាសះស្បើយ៨ករណី

មនុស្សចំនួន២៣នាក់ដែលឆ្លងជំងឺកូវីដ-១៩ គឺស្រុកព្រៃឈរ​ មាន៣នាក់,​ស្រុកជើងព្រៃ១១នាក់,ស្រុកបាឆាយ៧នាក់,ស្រុកចំការលើ និងក្រុងកំពង់ចាម មាន១នាក់ដូចគ្នា។​ ចំពោះមនុស្សចំនួន៨នាក់បានជាសះស្បើយពីជំងឺកូវីដ-១៩ និងបានត្រឡប់ទៅគេហដ្ឋានវិញផងដែរ។​

ព្រៃវែង៖ ឆ្លងថ្មីចំនួន២០ករណី និងគ្មានអ្នកជាសះស្បើយឡើយ

មនុស្សចំនួន២០នាក់ដែលឆ្លងជំងឺកូវីដ-១៩នោះ គឺ៨នាក់ជា​កម្មកររោងចក្រ ណាហ្គាភីស និង១២នាក់ទៀតជាអ្នកឆ្លងពីអ្នកជំងឺកូវីដ-១៩។​

គិតត្រឹមថ្ងៃទី២៨ ខែឧសភា ខេត្តព្រៃវែងមានអ្នកឆ្លងសរុបចំនួន៣៦០ករណី ជាសះស្បើយ១៦០ករណី និងស្លាប់៤ករណី។​

បាត់ដំបង៖ ឆ្លងថ្មី១១នាក់ និងជាសះស្បើយ២នាក់

ក្នុងចំណោមអ្នកឆ្លងថ្មីទាំង១១នាក់ គឺមាន១០នាក់ជាពលរដ្ឋខ្មែរដែលប្រកបមុខរបរ និងកម្មករសំណង់នៅប្រទេសថៃ ដែលត្រឡប់មកកម្ពុជាវិញ និងម្នាក់ទៀតជាបុគ្គលិកកាស៊ីណូ​ ក្នុងក្រុងប៉ោយប៉ែត ដែលត្រឡប់មកពីខេត្តបន្ទាយមានជ័យ។​​​

ករណីជាសះស្បើយចំនួន២នាក់ គឺធ្វើឲ្យអ្នកជាសះស្បើយសរុបកើនដល់៧២នាក់ ក្នុងចំណោមអ្នកឆ្លងសរុបក្នុងខេត្តបាត់ដំបងមាន១៩៩នាក់ និងស្លាប់២នាក់។​

កោះកុង៖ ឆ្លងថ្មីចំនួន៧ករណី និងគ្មានករណីជាសះស្បើយឡើយ

ខេត្តកោះកុងក៏បន្តរកឃើញអ្នកជំងឺកូវីដ-១៩ចំនួន៧នាក់ទៀត ដោយពួកគេជាអ្នករស់នៅក្នុងស្រុកស្រែអំបិល ខេត្តកោះកុងទាំងអស់​។ ក្នុងចំណោមអ្នកឆ្លងទាំង៧នាក់នោះ គឺមាន៦នាក់ឆ្លងពីបុរសម្នាក់ដែលជាកម្មកររោងចក្រធ្វើចំណីសត្វ ដែលស្ថិតនៅក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ។​ នេះបើតាមរបាយការណ៍របស់រដ្ឋបាលខេត្តកោះកុង។​

កំពង់ឆ្នាំង៖​ ៤ករណីថ្មី និងគ្មានអ្នកជាសះស្បើយឡើយ

មនុស្សទាំង៤នាក់នោះគឺសុទ្ធតែជាកម្មកររោងចក្រទាំងអស់ ដោយ២នាក់ជាកម្មកររោងចក្រហឺរ៉ាយហ្សិន និង២នាក់ជាកម្មកររោងចក្រតឹកហ្វុក។​

ខេត្តកំពង់ឆ្នាំង មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបមាន២២០នាក់ ជាសះស្បើយ៣២នាក់ និងស្លាប់ចំនួន៣នាក់។

ឧត្តរមានជ័យ៖ មាន៣ករណី​ និងជាសះស្បើយចំនួន១ករណី

៣ករណីថ្មីនេះ គឺសុទ្ធតែជាពលករមកពីប្រទេសថៃទាំងអស់ ដែលឆ្លងដែនចូលមកកម្ពុជាតាមច្រកព្រំដែនអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ នៅថ្ងៃទី២៨ ខែឧសភា។ ចំពោះអ្នកជាសះស្បើយ១នាក់ គឺជាអ្នករស់នៅក្នុងស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។

មកដល់ពេលនេះ ខេត្តឧត្តរមានជ័យមានអ្នកជំងឺកូវីដ-១៩ចំនួន៤១នាក់ ក្នុងនោះ៣៩នាក់ជាករណីនាំចូលពីបរទេស និងឆ្លងជាសហគមន៍មានតែ២ករណីប៉ុណ្ណោះ។ ចំណែកអ្នកជាសះស្បើយសរុប១០នាក់។

សៀមរាប៖ មាន៣ករណី និងជាសះស្បើយ២ករណី

ចំនួន៣ករណីដែលឆ្លងថ្មីនេះ ដោយ១ករណីជាអ្នកមកពីប្រទេសថៃ និង២ករណី​ជាអ្នករស់នៅក្នុងសង្កាត់សំបួរ​ ខេត្តសៀមរាប។​ ដោយឡែកអ្នកជាសះស្បើយចំនួន២ករណី ជាអ្នករស់នៅក្នុងសង្កាត់ស្វាយដង្គំ និងសង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។​

ខេត្តសៀមរាបមានអ្នកឆ្លងសរុបចំនួន១១០នាក់ ជាសះស្បើយចំនួន៥៩នាក់ និងស្លាប់២នាក់។​

រតនគិរី៖ ១ករណី និងគ្មានអ្នកជាសះស្បើយឡើយ

១ករណីដែលជាពលករមកពីប្រទេសថៃ បានមកកម្ពុជានៅថ្ងៃទី២៧ ខែឧសភា តាមច្រក​ទ្វារអូរស្មាច់ ខេត្តឧត្តរមានជ័យ។ បុរសរូបនោះបានរួមដំណើរជាមួយមនុស្សចំនួន១១នាក់ទៀត។​ នេះបើតាមរដ្ឋបាលខេត្តរតនគីរី។

ស្ទឹងត្រែង៖ ១ករណី និងគ្មានអ្នកជាសះស្បើយឡើយ

បុរសជនជាតិខ្មែរម្នាក់ដែលជាអ្នកដឹកជញ្ចូនទំនិញទៅមកពីខេត្តស្ទឹងត្រែង-ភ្នំពេញ រស់នៅក្នុងភូមិស្រែពោធិ៍ សង្កាត់ស្រះឬស្សី ក្រុងស្ទឹងត្រែង មានវិជ្ជមានកូវីដ-១៩។

អាជ្ញាធរក៏បន្តរកឃើញអ្នកប៉ះផ្ទាល់នឹងបុរសរូបនោះចំនួន៧៥នាក់ទៀត។​ បច្ចុប្បន្នពួកគេត្រូវបានក្រុមគ្រូពេទ្យធ្វើតេស្ត គឺអវិជ្ជមានទាំងអស់ និងបានដាក់ចត្តាឡីស័ក។

ករណីប្រចាំថ្ងៃទូទាំងប្រទេស៖

មនុស្ស​៥៨៨នាក់​ទៀត តេស្ត​វិជ្ជមាន​កូ​វីដ​-១៩ នៅ​កម្ពុជានៅថ្ងៃទី២៩ ខែឧសភា ខណៈ​អ្នក​សះស្បើយ​បន្ថែម​មាន​៤១៥នាក់ និង​ស្លាប់​៧នាក់​ទៀត​។ នេះ​បើតាម​របាយការណ៍​រប​ស់​ក្រសួងសុខាភិបាល នៅ​ថ្ងៃ​សៅរ៍​នេះ។​​ គិត​មកដល់ពេលនេះ កម្ពុ​ជាមាន​ករណី​សរុប​ចំនួន​២៨,៨២៥នាក់ សះស្បើយ​សរុប ២១,៣១៥​នាក់ និង​ស្លាប់​២០៣នាក់​៕









© រក្សាសិទ្ធិដោយ thmeythmey.com