ជាតិ
សង្គមជាតិ
សូមកុំបង្រៀន«យុវជន»ឲ្យដើរផ្លូវកាត់លឿនពេកដើម្បីឈានទៅ«ជោគជ័យ»!
29, May 2021 , 3:03 pm        
រូបភាព
ដោយ: ថ្មីៗ
 
ខ្ញុំសូមអធ្យាស្រ័យ ប្រសិនបើសំណេរខ្ញុំធ្វើឲ្យប៉ះពាល់អារម្មណ៍លោកអ្នកដែលកំពុងអានអត្ថបទនេះ។ តាមរយៈការសង្កេតឃើញរបស់ខ្ញុំ ក្នុងរយៈពេលប្រមាណជាជាង១០ឆ្នាំចុងក្រោយនេះ មានវគ្គបណ្តុះបណ្តាលខ្លីៗជាច្រើនដែលបានបើកទ្វារដើម្បីបង្រៀនយុវជន ឬយុវចាស់ដែលប្រាថ្នាចង់ក្លាយជាបុគ្គលជោគជ័យ ឬចង់ក្លាយជាអ្នកមានទ្រព្យសម្បត្តិច្រើនភ្លាមៗ។



មែនទែនទៅ វគ្គបណ្តុះបណ្តាលបង្កើនចំណង់ ឬបង្កើតចលនារំញោចអារម្មណ៍ដើម្បីប្រាថ្នាចង់បានអ្វីមួយនោះ ដូចជាគ្មានអ្វីទាស់ខុសនោះឡើយ។ ផ្ទុយទៅវិញ សកម្មភាពនេះ ពិតជាជួយជំរុញចំណង់ ឬបង្កើនថាមពលបន្ថែមទៀតសម្រាប់អ្នកមានក្តីស្រមៃធំៗ ជាពិសេស យុវជនជំនាន់ក្រោយ។

បង្រៀនពួកគេឲ្យមានក្តីស្រមៃធំ ឲ្យមានក្តីប្រាថ្នាខ្ពស់ ឲ្យហ៊ានប្រថុយប្រថានដើម្បីទទួលបានមកវិញនូវបទពិសោធន៍ក្នុងជីវិត គឺជាមេរៀនជីវិតល្អ។ គេច្រើននិយាយតៗគ្នាថា ដួលងើបៗ។ បរាជ័យមែន តែបានបទពិសោធន៍មកវិញ។ ទាំងអស់នេះ គឺសុទ្ធតែជារសជាតិ និងបទពិសោធន៍នៃជីវិតប៉ុណ្ណោះ។

បើទោះបីជាខ្ញុំទទួលស្គាល់ថា វគ្គបណ្តុះបណ្តាល«ជោគជ័យ»ហ្នឹងមិនអាក្រក់ពេកក៏ដោយ ក៏ខ្ញុំសូមឲ្យបងប្អូនអ្នកបណ្តុះបណ្តាលទាំងឡាយមេត្តាគិតថា មនុស្សនៅក្នុងលោកនេះ ទោះទទួលកាអប់រំ ឬទទួលវគ្គបណ្តុះបណ្តាលក្នុងកម្រិត ឬទម្រង់ណាក៏ដោយ ក៏ទាំងអស់គ្នាមិនអាចជោគជ័យគ្រប់គ្នាបានឡើយ។ ប្រសិនបើរៀនហើយ គ្រប់គ្នាជោគជ័យក្លាយទៅជាអ្នកមាន, អ្នកដឹកនាំទាំងអស់គ្នានោះ នោះប្រហែលជាពិភពលោកនេះ លែងមានអ្នកក្រទៀតហើយ។ តែជាក់ស្តែង ពិភពលោកនៅតែមានអ្នកក្រីក្រដដែល។ តាមពិត ការសិក្សា ឬការបណ្តុះបណ្តាល គ្រាន់តែជួយរុញច្រានមិនឲ្យបុគ្គលម្នាក់ៗរស់នៅក្នុងភាពក្រីក្រតែប៉ុណ្ណោះ។ តែរឿងថា ការសិក្សា ឬការបណ្តុះបណ្តាលអាចនាំឲ្យគ្រប់គ្នាក្លាយជាអ្នកមាន ឬអ្នកជោគជ័យ វាដូចជាមិនពិតទាំងស្រុងនោះទេ។

បើតាមគំនិតខ្ញុំ ខ្ញុំសូមឲ្យអ្នកបណ្តុះបណ្តាលទាំងឡាយ ជាពិសេស គ្រូបណ្តុះបណ្តាលវគ្គជោគជ័យ, គ្រូបណ្តុះបណ្តាលវគ្គថ្នាក់ដឹកនាំមេត្តាកុំ«ដុត»អារម្មណ៍យុវជនឲ្យលោតតាមមនោគមន៍វិជ្ជារបស់លោកអ្នកខ្លាំងពេក ព្រោះ ការ«ដុត»អារម្មណ៍ពួកគេខ្លាំងពេកនាំឲ្យពួកគេយល់ខុសហើយភ្លេចការសិក្សា និងការអភិវឌ្ឍផ្ទាល់ខ្លួនតាមដំណាក់កាលនីមួយៗ។ សម្រាប់ខ្ញុំ ភាពជោគជ័យនឹងរត់រកយុវជន ប្រសិនបើយុវជន មានចំណេះដឹងពិតប្រាកដ មានចំណេះធ្វើពិតប្រាកដ មានបទពិសោធន៍ការងារគ្រប់គ្រាន់ មានសមត្ថភាពផ្សេងៗខ្ពស់ បូកផ្សំនឹងការតស៊ូអំណត់ក្នុងការងារ។ ចូរកុំចង់ក្លាយជាអ្នកធំ អ្នកមាន ឬអ្នកជោគជ័យលឿនពេកដោយភេ្លចអភិវឌ្ឍចំណេះដឹងជំនាញផ្ទាល់ខ្លួន! កុំឃើញដំរីជុះ ជុះតាមដំរី!

លោក លឹម ពិសិដ្ឋ អ្នករាជធានីភ្នំពេញ


© រក្សាសិទ្ធិដោយ thmeythmey.com