ជាតិ
សង្គមជាតិ
ទឹកល្អ ជាសម្លាញ់ ទឹកកខ្វក់ជាសត្រូវ!
29, May 2021 , 5:59 pm        
រូបភាព

ជាធនធានធម្មជាតិមួយដ៏មានសារៈសំខាន់សម្រាប់ជីវិតទាំងឡាយនៅលើផែនដី។ លើសពីនេះវាក៏ជាតម្រូវការចាំបាច់មួយសម្រាប់មនុស្ស ក្នុងការរស់នៅប្រចាំថ្ងៃ។ ទឹកល្អ
ប្រៀបដូចជាសម្លាញ់មួយរូប ដែលមនុស្សមិនអាចខ្វះបាន។ ផ្ទុយទៅវិញសម្លាញ់ដ៏ល្អក៏អាចក្លាយជាសត្រូវ នៅពេលវាប្រែទៅជាកខ្វក់និងបង្កហានិភ័យសម្រាប់មនុស្ស។



យោងតាមសៀវភៅខ្ញុំចង់ដឹង ចំណងជើង «ធម្មជាតិស្រុកយើង» របស់អង្គការស៊ីប៉ា(sipar) ទឹកកខ្វក់អាចជាសត្រូវរបស់យើង។ ការចោលសំណល់ផ្សេងៗ ការបង្ហូរទឹកលូស្អុយ ទឹកលូរោងចក្រទៅក្នុងប្រឡាយ ទន្លេ បឹង និងស្ទឹង ជាហេតុធ្វើឲ្យទឹកកខ្វក់ ឬពុល។ ជាពិសេស នៅពេលមានភ្លៀងធ្លាក់ ប្រព័ន្ធលូមិនអាចហូរទឹកបានល្អ ស្ទះលូ បង្កឲ្យលេចផ្លូវ ទឹកជះក្លិន បង្កផលប៉ះពាល់ដល់អ្នកធ្វើដំណើរ និងរំខានដល់ការរស់នៅរបស់ពលរដ្ឋក្នុងតំបន់។

បើនៅជនបទ ទឹកអាចបំពុលដោយថ្នាំសម្លាប់សត្វល្អិត និងជីគីមីដែលកសិករប្រើប្រាស់។ លើសពីនេះ មេរោគនៅក្នុងទឹកកខ្វក់ ឬពុលនោះ អាចធ្វើឲ្យយើងមានជំងឺដូចជា រាក ព្រូន អាសន្នរោគ និងរលាកពោះវៀនជាដើម។ ឯជាតិគីមីពុល អាចធ្វើឲ្យយើងកើតរមាស់ និងមានជំងឺច្រើនទៀត។ ពេលខ្លះ ទឹកកខ្វក់អាចធ្វើឲ្យត្រី សត្វទឹក និងរុក្ខជាតិក្នុងទឹក ងាប់ ឬមានជំងឺផ្សេងៗ និងបង្កគ្រោះថ្នាក់ដល់អ្នកហូបផងដែរ។ ជាងនេះទៅទៀត ការបង្ហូរទឹកកខ្វក់ពីរោងចក្រចូល ប្រឡាយ ស្ទឹង និងទន្លេជាដើម ក៏អាចបង្កជាហានិភ័យនៃការខ្វះខាតទឹកប្រើប្រាស់ និងមានក្លិនអាក្រក់ ប៉ះពាល់សុខភាពរបស់ប្រជាជននៅជុំវិញតំបន់នោះ។

ចំណែក ទឹកល្អជាសម្លាញ់របស់យើង។ មនុស្ស សត្វ និងរុក្ខជាតិ សុទ្ធតែត្រូវការទឹក ដើម្បីមានជីវិតរស់ដូច្នេះបើគ្មានទឹកទេ នោះក៏គ្មានជីវិតនៅលើផែនដីនេះដែរ។ មនុស្សត្រូវការទឹកសម្រាប់ងូត ហូប ចម្អិនអាហារ ស្រោចដំណាំ ចិញ្ចឹមសត្វ និងប្រើប្រាស់ក្នុងរោងចក្រជាដើម។

រុក្ខជាតិតូចធំ ត្រូវការទឹកពីក្នុងដីដើម្បីរស់នៅ និងលូតលាស់។ សម្រាប់សត្វត្រូវការទឹកផឹក និងសម្រាប់រស់នៅផងដែរ។ ជីវិតទាំងអស់នេះ សុទ្ធតែមិនអាចរស់បាន
បើសិនគ្មានទឹកល្អគ្រប់គ្រាន់ សម្រាប់ប្រើប្រាស់។ ហេតុនេះប្រជាពលរដ្ឋគួរយកទុកដាក់លើការថែទាំបរិស្ថាន ក៏ដូចជាធនធានទឹកឲ្យបានល្អដើម្បីជាប្រយោជន៍សម្រាប់ការរស់នៅឲ្យកាន់តែប្រសើរ៕
 



 

Tag:
 ស៊ីប៉ា (sipar)
  ខ្ញុំចង់ដឹង
 
© រក្សាសិទ្ធិដោយ thmeythmey.com