ជាតិ
សង្គមជាតិ
ដើមឈើចំនួន២៧ដើម នឹងត្រូវកាត់ក្រី និងគាស់ចេញពីបរិវេណប្រាសាទលលៃ
29, May 2021 , 7:00 pm        
រូបភាព
ដោយ: ថ្មីៗ
 
ដោយ៖ ប៉ូ សុភា
ភ្នំពេញ៖  ដើមឈើចំនួន ៣ដើម ដែលស្ថិតក្នុងបរិវេណប្រាសាទលលៃ នឹងត្រូវអ្នកជំនាញកាត់ក្រីមែកដើម ហើយដើមឈើចំនួន២៤ដើមទៀត នឹងគាស់ចេញដើម្បីដាំនៅកន្លែងផ្សេង។ ការកាត់ក្រី និងដកហូតដើមឈើចេញពីតំបន់ប្រាសាទលលៃនេះ គឺដើម្បីធានាសុវត្តិភាពជូនភ្ញៀវ ក៏ដូចជាជួយថែរក្សារចនាសម្ព័ន្ធ និងទេសភាពប្រាសាទ។ នេះបើតាមការផ្សាយរបស់អាជ្ញាធរជាតិអប្សរានៅលើទំព័រហ្វេសប៊ុក។



តាមប្រភពដដែល ក្រុមជំនាញនៃនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន និងនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការនៃអាជ្ញាធរជាតិអប្សរា រួមជាមួយផ្នែកពាក់ព័ន្ធ នឹងចាប់ផ្តើមការងារនេះ ចាប់ពីថ្ងៃ២៥ ខែឧសភានេះ។ តាមទំព័រហ្វេសប៊ុករបស់ អាជ្ញាធរជាតិអប្សរា ដើមឈើ ដែលមានមែកធំបាំងទេសភាពប្រាសាទ ហើយត្រូវកាត់ក្រីចំនួន៣ដើមនោះ មានដើមពោធិ៍១ដើម ត្រចៀកដំរី១ដើម និងជ្រៃ១ដើម។ ចំណែកដើមឈើចំនួន ២៤ដើម ដែលនឹងត្រូវគាស់ចេញទុកដាំនៅទីតាំងផ្សេងរួមមាន រំដួល១០ដើម, ជ្រៃ២ដើម, ដូង២ដើម និងដើមចំប៉ី២ដើម។ ក្រៅពីនេះ គឺមានដើមស្តៅ, ស្វាយ, ខ្នុរ , គ, ថ្កូវ, ពោធិ៍, ព្រីង និងត្របែកព្រៃ ចំនួន១ដើមៗ នឹងត្រូវគាស់ចេញ៕
 




Tag:
 ប្រាសាទលលៃ
  ដើមឈើ
© រក្សាសិទ្ធិដោយ thmeythmey.com