ជាតិ
សង្គមជាតិ
លោក ស៊ីរ៉ែន លក់ធ្យូងអនាម័យធ្លាក់ចុះពាក់កណ្ដាលអំឡុងវិបត្តិកូវីដ-១៩
29, May 2021 , 9:59 pm        
រូបភាព
ដោយ:
 ការផលិតធ្យូងអនាម័យ ជាការចូលរួមថែរក្សាបរិស្ថានមួយ ដ្បិតថា វត្ថុធាតុដើមសម្រាប់ផលិត ជាកម្ទេចធ្យូង ដែលប្រើប្រាស់រួចហើយ ខណៈធ្យូងធម្មតា បានមកពីការកាប់ឈើដើម្បីដុតធ្វើធ្យូង។ ធ្យូងអនាម័យ ត្រូវបានគេប្រើប្រាស់ច្រើននៅតាមភោជនីយដ្ឋាន។


 
ធ្យូងអនាម័យមានសុវត្ថិភាពក្នុងការប្រើប្រាស់ ដែលមិនសូវមានធូលីធ្យូងហុយនាំឲ្យប៉ះពាល់សុខភាព។ លោក ខែក ស៊ីរ៉ែន ម្ចាស់សិប្បកម្មផលិតធ្យូងអនាម័យ ក្នុងខេត្តក្រចេះ បានប្រកបរបរនេះរយៈពេល២ឆ្នាំមកហើយ។  ដំបូងឡើយលោកគ្រាន់ជាអ្នកលក់ធ្យូងដែលបន្តទិញពីគេប៉ុណ្ណោះ។ លោកក៏បានរៀនធ្វើធ្យូងអនាម័យ ដើម្បីលក់បោះដុំវិញម្ដង។ របរផលិតធ្យូងអនាម័យនេះ ធ្វើឲ្យលោក ស៊ីរ៉ែន ជួបបញ្ហាប្រឈមច្រើនក្នុងរយៈពេល៨ខែដំបូង ដោយសារលោកមិនទាន់អាចរកអតិថិជនបានច្រើន។
 
លោក ស៊ីរ៉ែន បានប្រាប់សារព័ត៌មាន ThmeyThmey25 តាមទូរសព្ទដូច្នេះ៖ «ខ្ញុំប្រមូលទិញកម្ទេចធ្យូងដែលគេប្រើរួចមកច្នៃជាធ្យូងអនាម័យ។ ធ្យូងអនាម័យមានតម្លៃខ្ពស់ជាធ្យូងធម្មតា តែសុវត្ថិភាព និងមិនបានចូលរួមកាប់បំផ្លាញព្រៃឈើ»។
  ធ្យូងអនាម័យ (រូបពីទំព័រហ្វេសប៊ុកសិប្បកម្មផលិតធ្យូងអនាម័យ)

ជាទូទៅលោក ស៊ីរ៉ែន លក់ធ្យូងអនាម័យ តម្លៃ២០០០រៀល ក្នុងមួយគីឡូក្រាម ខណៈធ្យូងធម្មតាតម្លៃ ៧០០រៀល ទៅ៨០០រៀល ក្នុងមួយគីឡូក្រាម។ លោក ស៊ីរ៉ែន លក់ធ្យូងអនាម័យថយចុះពាក់កណ្ដាលអំឡុងវិបត្តិកូវីដ-១៩។ «មុនពេលកូវីដ-១៩ ខ្ញុំអាចលក់ធ្យូង ១០ទៅ២០តោន ក្នុងរយៈពេលមួយខែ។ តែចាប់ពីមានកូវីដ-១៩ មានហាងជាច្រើនត្រូវបានផ្អាក។ ដូច្នេះមួយខែខ្ញុំលក់ធ្យូងមិនដល់១០តោនផង»។ នេះជាការបញ្ជាក់របស់ម្ចាស់សិប្បកម្មវ័យ៤១ឆ្នាំរូបនេះ។
 
បើទោះបីវិបត្តិកូវីដ-១៩ ធ្វើឲ្យការលក់ធ្យូងអនាម័យលោក ខែក ស៊ីរ៉ែន ថយចុះ តែអាចរក្សាតម្លៃដដែល។ ដោយឡែក ធ្យូងអនាម័យរបស់លោកនាពេលបច្ចុប្បន្ន អាចលក់ទៅរាជធានីភ្នំពេញ បាត់ដំបង ស្វាយរៀង ព្រៃវែង និងខេត្តដទៃទៀត៕
 


Tag:
 SME
© រក្សាសិទ្ធិដោយ thmeythmey.com