ជាតិ
សង្គមជាតិ
ត្រពាំង២០ទីតាំង នៅ​ដែនជម្រកសត្វព្រៃសៀមប៉ាង ត្រូវបានស្ដារដើម្បីបង្កើតប្រភពចំណីសម្រាប់សត្វព្រៃ និងសត្វស្រុក
29, May 2021 , 10:59 pm        
រូបភាព
 រូបភាពផ្ដល់ដោយ អង្គការ BirdLife International Cambodia Programme
រូបភាពផ្ដល់ដោយ អង្គការ BirdLife International Cambodia Programme
ដោយ: ថ្មីៗ
 
ដោយ៖ ប៉ូ សុភា

ភ្នំពេញ៖ រយៈពេលបីខែឆ្នាំ២០២១ អង្គការ BirdLife ប្រចាំកម្ពុជា បានជីកស្តារត្រពាំងចំនួន ២០ នៅក្នុងដែនជម្រកសត្វព្រៃសៀមប៉ាង ក្នុងខេត្តស្ទឹងត្រែង។ សកម្មភាពស្ដារត្រពាំងក្នុងដែនជម្រកសត្វព្រៃនេះ ក្នុងគោលបំណងផ្ដល់នូវប្រភពទឹក, ទីជម្រក, បង្កើតប្រភពចំណីអាហារសម្រាប់សត្វព្រៃ និងសត្វចិញ្ចឹមក្នុងស្រុក រួមទាំងពលរដ្ឋរស់តំបន់សហគមន៍ ប្រើប្រាស់ក្នុងរដូវប្រាំង។ ​



ដែនជម្រកសត្វព្រៃសៀមប៉ាង ដែលស្ថិត​នៅភូមិសាស្ត្រ​ឃុំ​សន្តិភាព ឃុំ​ថ្មកែវ និងឃុំ​ព្រែកមាស ស្រុកសៀមប៉ាង មានផ្ទៃដីសរុបប្រមាណជាង ១៣លានហិកតា ដោយមានត្រពាំងទឹកជាង២០០ ជាប្រភពទឹក , ចំណីអាហារ និងជម្រកសម្រាប់សត្វព្រៃ-សត្វស្រុក។

ការ​ស្ដារ​ត្រពាំងក្នុងដែនជម្រកសត្វព្រៃសៀមប៉ាងនេះ ត្រូវចំណាយថវិកាជាច្រើន។ ​លោក ប៊ូ វរសក្ស នាយកកម្មវិធីនៃអង្គការជីវិតសត្វស្លាបអន្ដរជាតិ (BirdLife) ប្រចាំនៅកម្ពុជា បញ្ជាក់ដូច្នេះ៖«ការស្ដារត្រពាំងទឹកមួយត្រូវចំណាយប្រាក់ចន្លោះពី៣ទៅ៤ពាន់ដុល្លារ។ ពួកយើង ត្រូវតែជ្រើសរើសស្ដារត្រពាំង ដែលរាក់ រីង នៅរដូវប្រាំង និងអាចផ្ដល់ប្រយោជន៍ច្រើន ដល់សត្វរស់នៅក្នុងព្រៃ និងពលរដ្ឋរស់នៅក្នុងសហគមន៍»។

ចាប់ពីខែមករា ដល់ខែមេសា ឆ្នាំ២០២១ អង្គការជីវិតសត្វស្លាបអន្តរជាតិកម្មវិធីប្រចាំកម្ពុជា បានអនុវត្តគម្រោងជីកស្តារត្រពាំងចំនួន ២០ និងបានចំណាយថវិកាប្រមាណជាង ៥ម៉ឺនដុល្លារ។ ត្រពាំងចំនួន៥ ត្រូវបានជីកស្តារដោយគ្រឿងចក្រ និង១៥ទៀតត្រូវបានជីកស្តារដោយប្រជាពលរដ្ឋចំនួន ២៧៨នាក់ មកពី៦ភូមិ ដែលនៅជុំវិញដែនជម្រកសត្វព្រៃ។ គម្រោងនេះ បានទទួលជំនួយឧបត្ថម្ភពី Critical Ecosystem Partnership Fund (CEPF) និង Mohamed Bin Zayed Species Conservation Fund (MBZ)។

បើតាមអង្គការ BirdLife គោលបំណងធំរបស់គម្រោងនេះ ដើម្បីធ្វើឱ្យប្រសើរឡើងនូវប្រភពទឹក និងទីជម្រកសម្រាប់សត្វព្រៃនិងសត្វចិញ្ចឹមក្នុងស្រុក និងបង្កើនប្រភពចំណីអាហារសម្រាប់សត្វ និងមនុស្ស។ លើសពីនេះ វាជាផ្នែកមួយ ជួយបង្កើនប្រាក់ចំណូលរបស់សហគមន៍តាមរយៈការចូលរួមក្នុងសកម្មភាពជីកស្តារ និងលើកកម្ពស់សុឆន្ទៈរបស់ប្រជាជនមូលដ្ឋានក្នុងការអភិរក្សធនធានធម្មជាតិ និងសត្វព្រៃដែលជិតផុតពូជ ឱ្យនៅគង្សវង់។ ប្រធានអង្គការខាងលើ សំណូមពរដល់ ប្រជាសហគមន៍ និងអាជ្ញាធរមូលដ្ឋាន ឱ្យនាំគ្នាចូលរូមការពារត្រពាំង និងសត្វព្រៃ ដើម្បីរក្សាផលប្រយោជន៍យូរអង្វែង៕


Tag:
 ដែនជម្រកសត្វព្រៃ
  សៀងប៉ាង
© រក្សាសិទ្ធិដោយ thmeythmey.com