ជាតិ
សង្គមជាតិ
លោក ប៉ា ច័ន្ទរឿន៖«ព្រះសង្ឃគួរអប់រំបរិស័ទ ឱ្យមានជំនឿប្រកបដោយបញ្ញា»
30, May 2021 , 9:10 am        
រូបភាព
 
ភ្នំពេញ៖ នាយកប្រតិបត្តិវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា លោក ប៉ា ច័ន្ទរឿន បានកត់សម្គាល់ឃើញថា ព្រះសង្ឃមួយចំនួន បាននឹងកំពុងទេសនា និងអប់រំមនុស្សឱ្យគិតរឿងអនាគតជាតិ ច្រើនជាងគិតរឿងជីវិតក្នុងបច្ចុប្បន្ន។ ស្របពេលដែលមានព្រះសង្ឃមួយចំនួន បានដឹកនាំបរិស័ទធ្វើពិធីបួងសួង ដើម្បីកម្ចាត់បង់ជំងឺកូវីដ-១៩ពីក្នុងសង្គមមនុស្សផង លោក ប៉ា ច័ន្ទរឿន ថាព្រះសង្ឃគួរអប់រំបរិស័ទ ឱ្យមានជំនឿប្រកបដោយបញ្ញា។



នាយកប្រតិបត្តិវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា លោក ប៉ា ច័ន្ទរឿន  បានសង្កត់ធ្ងន់ថា ការអប់រំរបស់ព្រះសង្ឃក្នុងព្រះពុទ្ធសាសនា តាមរយៈការទេសនាទៅកាត់បរិស័ទ នាពេលបច្ចុប្បន្ន ហាក់ឃ្លាត់ឆ្ងាយពីសង្គមជាក់ស្ដែង។ ហ៊ានអះអាងបែបនេះ ក៏ព្រោះតែនាយកប្រតិបត្តិរូបនេះ បានមើលឃើញថា ព្រះសង្ឃមួយចំនួន ទេសនាឱ្យមនុស្សធ្វើបុណ្យដើម្បីប្រាថ្នា សុំសេចក្ដីសុខ សប្បាយ ស្អាត ល្អ ចម្រុងចម្រើនរុងរឿងនៅជាតិក្រោយ ដោយពុំបានផ្ដោតលើការសាងសេចក្ដីសុខ ឬសេចក្ដីល្អក្នុងបច្ចុប្បន្នឡើយ។

«មិនដឹងជាតិក្រោយនោះនៅទីណាទេ មិនដឹងថាស្លាប់ទៅកើតជាអ្វី តើកើតវិញឬមិនកើតក៏មិនដឹងដែរ សូម្បីតែព្រះពុទ្ធក៏មិនបានបញ្ជាក់ច្បាស់ដែរពីកំណើតនេះ។ សូមកុំគិតខ្លីពេក និងកុំគិតវែងពេក ត្រូវគិតពីរយៈពេលមធ្យម ពិសេសកុំភ្លេចគិតពីថ្ងៃស្អែក ដោយកុំធ្វើអ្វីៗ សម្រាប់តែថ្ងៃនេះ»។ នេះគឺជាការបញ្ជាក់របស់លោក ប៉ា ចន្ទរឿន។
លោក ប៉ា ច័ន្ទរឿន ថែមទាំងលើកឡើងថា ព្រះសង្គមួយចំនួន បាននឹងកំពុងទេសនា ឬអប់រំពុទ្ធបរិស័ទ ឱ្យដើមតាមច្បាប់កម្មផលនិយមបែបអសកម្ម ក្នុងទម្រង់ជាការអប់រំឱ្យពុទ្ធបរិស័ទជឿលើព្រេងវាសនា នឹងព្រហ្មលិខិតនិយម។ លោកថានេះគឺជាការធ្លាក់ចុះតួនាទី ព្រះពុទ្ធសាសនា ក្នុងការអប់រំមនុស្ស និងការកសាងសង្គមជាតិឱ្យបានរឹងមាំ។

លោក ប៉ា ច័ន្ទរឿន បញ្ជាក់ដូច្នេះ៖«ពេលជួបរឿងអ្វីមួយមិនល្អ គាត់(ពុទ្ធបរិស័ទ) តែងតែគិតថា នេះគឺជាកម្មរបស់គាត់ពីជាតិមុន។ តើគាត់ធ្លាប់បានគិតទេ ថាផលនេះកើតឡើងមកពីអំពើដែលគាត់ធ្វើពីម្សិលមិញ ខែមុន ឆ្នាំមុន ឬក៏ជាទង្វើដែលគាត់រងទុក្ខ ដោយសារតែសកម្មភាពអសីលធម៌របស់អ្នកដទៃ? មានតែការអប់រំឱ្យពុទ្ធបរិស័ទស្គាល់ខុសស្គាល់ត្រូវ ប្រឹងគិតប្រឹងធ្វើ ទើបធ្វើឱ្យជីវិតរុងរឿងទៅបាន»។

លោក ប៉ា ច័ន្ទរឿន ក៏បានសង្កេតឃើញដែរថា ក្នុងសង្គមខ្មែរនាពេលកន្លងទៅ ការអប់រំពីសាសនា រាងហួសពីគន្លងទស្សនវិជ្ជារបស់ព្រះពុទ្ធ ដែលហាក់ផ្ដេកផ្ដួល ទៅពឹងពាក់លើបារមីខាងក្រៅខ្លួន ដូចជាការបួងសួងសុំសេចក្ដីសុខ ដោយឃ្លាតឆ្ងាយពីសាមគ្គីភាព និងការជួយគ្នាទៅវិញទៅមក។ ហ៊ានអះអាងបែបនេះ ក៏ដោយសារលោក ប៉ា ច័ន្ទរឿង បានមើលឃើញថា ក្នុងអំឡុងពេលដែលកម្ពុជាកំពុងប្រឈមនឹងជំងឺកូវីដ-១៩ ព្រះសង្ឃមួយចំនួនបានដឹកនាំពុទ្ធបរិស័ទធ្វើពិធីបួងសួង សុំឱ្យជំងឺនេះឆាប់ផុតរលត់ទៅ។ នាយកប្រតិបត្តិវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា រូបនេះពន្យល់បន្ថែមថា ព្រះពុទ្ធសាសនាបានអប់រំមនុស្សឱ្យមានជំនឿមែន ប៉ុន្តែឱ្យជឿជាក់លើខ្លួនឯង។

លោក ប៉ា ច័ន្ទរឿន បញ្ជាក់៖«មានតែការអប់រំបរិស័ទ ឱ្យខិតខំប្រឹងប្រែងការពារសុខភាពខ្លួនឯង ពិសេសវិធាន ៣កុំ ៣ការពារ ទើបអាចទប់ស្កាត់ការឆ្លងបាន។ ជំនឿសាសនាមិនអាចកាត់ផ្ដាច់ចេញពីសង្គមបានឡើយ ក្រាន់តែការបួងសួងណាដែលមិនសូវចាំបាច់គួរកាត់បន្ថយ។ ក្នុងទស្សនវិជ្ជា ការបួងសួង ជាផ្នែកមួយជួយកសាងកម្លាំងចិត្តដែរ តែកុំឱ្យវាចប់ត្រឹមការបួងសួង»។

បើទោះបីជាពុទ្ធសាសនានៅកម្ពុជា មានពុទ្ធិកបឋមសិក្សា ពុទ្ធិកអនុវិទ្យាល័យ វិទ្យាល័យ  និងសកលវិទ្យាល័យ ហើយក៏ពិតមែន ប៉ុន្តែសម្រាប់លោក ប៉ា ច័ន្ទរឿន នៅតែមើលឃើញថា វិស័យពុទ្ធសាសនា គួរតែបង្កើតមូលនិធិធំមួយ ដើម្បីផ្ដល់អាហារូបករណ៍ដល់សិស្ស និងនិស្សិតក្រីក្រ ដោយបង្កើតកម្មវិធីអប់រំឱ្យបានទូលំទូលាយ។

លោក ប៉ា ច័ន្ទរឿន បន្ថែម៖«ការអប់រំបែបព្រះពុទ្ធសាសនា មិនទាន់បានធ្វើសមាហរណកម្ម ឬបញ្ចូលគោលការណ៍ នៃការបង្រៀនទាក់ទងនឹងសង្គម និងសីលធម៌ក្នុងសង្គម ឱ្យបានជ្រៅជ្រះនៅឡើយទេ។ នៅថៃគេងាកទៅឱ្យតម្លៃនិងផ្សារភ្ជាប់ពុទ្ធសាសនា ទៅក្នុងសង្គម និងទៅក្នុងគ្រប់វិស័យទាំងអស់ក្នុងសង្គម»។

លោក ច័ន្ទរឿន សង្កត់ធ្ងន់ថា សាសនាគឺជាស្ថាប័នមួយ ដែលមិនអាចខ្វះបានក្នុងសង្គម ជាពិសេសការអប់រំផ្លូវចិត្ត បណ្ដុះស្មារតី គុណធម៌ និងសីលធម៌សង្គម។ លោកថា ដើម្បីឱ្យសង្គមកម្ពុជា មានការអភិវឌ្ឍប្រកបដោយសុខដមរមនា គឺមិនអាចមើលរំលង ការអភិវឌ្ឍផ្នែកស្មារតីឡើយ។

«កន្លងមក ក្នុងសង្គមកម្ពុជា ពុំសូវបានយកចិត្តទុកដាក់ លើការអប់រំចរិត និងសីលធម៌ ដែលជាស្នូលសំខាន់នៃមុខវិជ្ជាបណ្ដុះស្មារតីសង្គមឡើយ។ ក្នុងតំបន់អាស៊ីអាគ្នេយ៍ គេបានធ្វើរឿងការអប់រំចរិត បុគ្គលិកលក្ខណៈប្រជាជនរបស់គេតាំងពី១០ឆ្នាំមុន។ គេមើលឃើញថា ទាល់តែប្រជាពលរដ្ឋ មានចរិតវិជ្ជមាន មានចរិតជាពលរដ្ឋសកម្ម ក្នុងសង្គមប្រជាធិបតេយ្យ ទើបសង្គមមានភាពរីកចម្រើន និងសុខដុមរមនា។ បើអភិវឌ្ឍន៍តែសម្ភារ ហើយស្មារតីនៅទាប នោះយើងនឹងប្រឈមមុខនឹងបញ្ហាច្រើន។ ដាំដើមឈើឱ្យបម្រុងឬស អភិវឌ្ឍន៍មនុស្សឱ្យបម្រុងចរិត»។

ការទេសនាអប់រំពុទ្ធបរិស័ទ ពីសំណាក់ព្រះសង្ឃ នៅក្នុងសង្គមកម្ពុជានាពេលបច្ចុប្បន្ន ត្រូវបានគេមើលឃើញថា បានផ្សព្វផ្សាយតាម៤វិធីធំៗ។ ទី១គឺព្រះសង្ឃនិមន្តទៅទេសនាដល់រោងពិធីបុណ្យផ្ទាល់តែម្ដង។ ទី២ ការទេសនាត្រូវបានផ្សព្វផ្សាយតាមរយៈវិទ្យុ ទី៣ផ្សព្វផ្សាយតាមរយៈហ្វេសប៊ុក និងទី៤ ការទេសនាត្រូវបានផ្សព្វផ្សាយតាមរយៈយូធូប។ ក៏មានខ្លះដែរកម្មវិធីផ្សព្វផ្សាយ ការអប់រំតាមរយៈព្រះពុទ្ធសាសនា នៅក្នុងទូរទស្សន៍ ប៉ុន្តែនៅមានតិចតួចប៉ុណ្ណោះ។

បើសង្កេតជាទូទៅ ឃើញថាធម្មកថិក ក្នុងប្រទេសកម្ពុជាមួយចំនួនធំ បានអប់រំ និងណែនាំបរិស័ទឱ្យដើរ តាមគន្លងឱវាទរបស់ព្រះពុទ្ធអង្គប្រសើរហើយ។ ប៉ុន្តែទោះជាយ៉ាងណា ការទេសនាដែលត្រូវបានផ្សព្វផ្សាយ តាមរយៈវិទ្យុ យូធូប និងហ្វេសប៊ុក ពីសំណាក់ព្រះសង្ឃមួយចំនួន ពិតជារាងល្អៀងពីលំអាន ព្រះពុទ្ធដីការមែន។

តួយ៉ាងមានព្រះសង្ឃអង្គខ្លះ ហ៊ានបញ្ឆិតបញ្ឆៀង រឿងបរិស័ទប្រគេនបច្ច័យតិច។ ហើយព្រះសង្ឃអង្គខ្លះទៀត មានថេរដីកាដោយចំៗតែម្ដង ដោយដាក់បន្ទុកលើបរិស័ទ ថាប្រាក់ធ្វើបុណ្យមិនហ៊ានចំណាយច្រើន ប៉ុន្តែតែបែរជាហ៊ានចំណាយលើរឿងផ្សេងច្រើនទៅវិញ។

មិនត្រឹមតែប៉ុណ្ណោះ ព្រះសង្ឃអង្គខ្លះ ថែមទាំងហ៊ានមានថេរដីកាឌឺដងឱ្យព្រះសង្ឃអង្គដទៃទៀត ពីរឿងដែលលោកមិនពេញចិត្ត។ ការណ៍នេះអាចថាជាគំរូមិនល្អ ដោយពាក្យមិនស្អាតទាំងនោះ មិនគួរចេញពីព្រះឱស្ឋសង្ឃសាវករបស់ព្រះពុទ្ធដ៏មានបុណ្យឡើយ ក្បិតអីព្រះពុទ្ធដីកា បានអប់រំឱ្យមនុស្សចេះរួបរួមគ្នា សាមគ្គីគ្នា ចេះអត់ឱនឱ្យគ្នា ឱ្យអភ័យដល់គ្នានិងគ្នា ពិសេសឱ្យរក្សាធម៌ខន្តីជាប់ក្នុងខ្លួនជាដើម។ ចំពោះការធ្វើទានក៏ដូច្នោះដែរ ព្រះពុទ្ធបានទូន្មានថា គួរធ្វើដោយចិត្តសទ្ធាជ្រះថ្លា មិនជាប់ជំពាក់ និងមិនប្រាថ្នាអ្វីតបមកវិញ៕
 




Tag:
 សាសនា
  អប់រំ
  បរិស័ទ
  ជំនឿ
 
© រក្សាសិទ្ធិដោយ thmeythmey.com