ជាតិ
សង្គមជាតិ
តើព្រះសង្ឃក្នុងសាសនាព្រះពុទ្ធ មានតួនាទីយ៉ាងណាក្នុងសង្គមកម្ពុជា?
30, May 2021 , 9:39 am        
រូបភាព
ព្រះអង្គ ឃឹម សន ព្រះប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា(រូបពីលេខាធិការដ្ឋានគណៈសង្ឃនាយក)
ព្រះអង្គ ឃឹម សន ព្រះប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា(រូបពីលេខាធិការដ្ឋានគណៈសង្ឃនាយក)
 
ភ្នំពេញ៖ ព្រះប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គ ឃឹម សន បានមានព្រះថេរដីកាថា ព្រះសង្ឃមានតួនាទី បួសរៀនក្នុងសំណាក់ព្រះពុទ្ធសាសនាឱ្យបានចេះចាំ ហើយអាចយកចំណេះទាំងនោះ ទៅផ្សព្វផ្សាយប្រាប់ពុទ្ធបរិស័ទ ឱ្យប្រព្រឹទ្ធិតាមធម៌វិន័យរបស់ព្រះពុទ្ធដែរ។ ព្រះសង្ឃក៏អាចចូលរួម ក្នុងសកម្មភាពសង្គមបានខ្លះៗដែរ ដែលសង្គមអនុញ្ញាត។



ព្រះអង្គ ឃឹម សន ព្រះប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា បានមានព្រះថេរដីកាប្រាប់សារព័ត៌មានថ្មីៗថា ព្រះសង្ឃមានតួនាទី ណែនាំពុទ្ធបរិស័ទ ក្នុងការអប់រំចិត្តមិនឱ្យធ្វើអំពើហិង្សា មិនឱ្យធ្វើអំពើខុសឆ្គងផ្សេងៗ ឱ្យរក្សាសីល ធ្វើទាន ឱ្យចេះស្រឡាញ់រាប់អានគ្នា សាមគ្គីគ្នា និងចេះជួយគ្នាជាដើម។

ព្រះអង្គ ឃឹម សន មានថេរដីកាបន្ថែមថា ព្រះពុទ្ធសាសនាបានទូន្មាន ប្រៀនប្រដៅ និងអប់រំមនុស្សឱ្យចេះរស់នៅដោយគ្មានសេចក្ដីលោភលន់ពេក មិនឱ្យខឹងពេក មិនឱ្យវង្វេងភ្លេចស្មារតី មិនឱ្យធ្វើអំពើរំលោភបំពានគ្រប់ប្រភេទ រួមទាំងការកេងប្រវ័ញ្ចផ្សេងៗផងដែរ។

ព្រះអង្គ ឃឹម សន ពន្យល់បន្ថែម៖«ព្រះពុទ្ធបង្រៀនឱ្យមនុស្សចេះស្រឡាញ់គ្រប់ជីវិត ព្រោះសត្វនៅលើផែនដី សុទ្ធតែស្រឡាញ់ជីវិតដូចៗគ្នា ដូច្នេះព្រះអង្គមិនឱ្យបៀតបៀនជីវិតសត្វ មិនឱ្យលួច ឆក់ ប្លន់ កេងប្រវ័ញ្ច មិនឱ្យប្រព្រឹត្តខុសឆ្គងលើកូនប្រពន្ធអ្នកដទៃ មិនឱ្យសេពគ្រឿងញៀន គ្រឿងស្រវឹងជាដើម នេះគឺជាច្បាប់គោល។ ព្រះពុទ្ធក៏បានសម្ដែងដែរថា ការកសាងក្នុងជាតិនេះល្អ នោះទៅជាតិខាងមុខក៏ល្អដែរ»៕





Tag:
 ព្រះសង្ឃ
  ពុទ្ធឱវាទ
  សាសនា
© រក្សាសិទ្ធិដោយ thmeythmey.com