ជាតិ
សង្គមជាតិ
លោក ហ្វីណង់ រៀបចំប្រព័ន្ធ«ស្វ័យគ្រប់គ្រងសំរាម»ក្នុងភូមិ៩ទៀត ក្រោយជោគជ័យភូមិព្រះដាក់
30, May 2021 , 11:11 am        
រូបភាព
រូបភាពពីហ្វេសប៊ុកផេកលោក ឃឹម ហ្វីណង់
រូបភាពពីហ្វេសប៊ុកផេកលោក ឃឹម ហ្វីណង់
 
អ្នកភូមិព្រះដាក់ បានគ្រប់គ្រងសំរាមដោយខ្លួនឯងបានជោគជ័យក្នុងរយៈពេល៥ខែមកនេះ។លោក ឃឹម ហ្វីណង់​ អភិបាលស្រុកបន្ទាយស្រី គ្រោងពង្រីកសេវា «សហគមន៍ស្វ័យគ្រប់គ្រង» នេះបន្ថែម នៅភូមិចំនួន៩ទៀត ដែលស្ថិតនៅឃុំព្រះដាក់ និងឃុំខ្នារសណ្ដាយ ស្រុកបន្ទាយស្រីខេត្តសៀមរាប។



សហគមន៍ស្វ័យគ្រប់គ្រង ជាសេវាប្រមូលសំរាមសហគមន៍ ក្នុងភូមិព្រះដាក់ឃុំព្រះដាក់។ គម្រោងនេះបង្កើតឡើង ដើម្បីឲ្យពលរដ្ឋអាចស្វ័យគ្រប់គ្រងសំរាមដ្បិតគ្មានក្រុមហ៊ុនឯកជនណាមកវិនិយោគប្រមូលសំរាម ក្នុងស្រុកតូចមួយនេះ។ តាមរយៈសេវាសហគមន៍នេះ ផ្ទះពលរដ្ឋនីមួយៗ គ្មានសំរាម ឬកាកសំណល់ នៅក្រៅធុងសំរាមឡើយ។«ភូមិ៩ទៀតហ្នឹង គឺស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៦៧ ទៅកាន់ប្រាសាទបន្ទាយស្រី ព្រោះជាតំបន់ដែលមានអ្នកទេសចរឆ្លងកាត់ជាប្រចាំ។

អ៊ីចឹងយើង តែងតែប្រយ័ត្នតំបន់អស់នេះ»។ នេះជាការពន្យល់របស់លោក ហ្វីណង់ ដោយបន្តថា ភូមិផ្សេងទៀតមានសំរាមតិចតួច ដ្បិតថាភូមិទាំងនោះ មិនមែនជាគោលដៅទេសចរណ៍។ លោក ហ្វីណង់ មានជម្រើសផ្សេង ដោយរៀបចំកន្លែងដាក់សំរាមយ៉ាងហោច១ក្នុងមួយភូមិ ដើម្បីប្រមូលយកទៅដុត។ ជុំវិញសកម្មភាពប្រមូលសំរាមនេះ ពលរដ្ឋតាមផ្ទះនីមួយៗ ត្រូវបង់ប្រាក់៤ពាន់រៀល ក្នុង១ខែ សម្រាប់សហគមន៍។ ចំណែកឯម្ចាស់អាជីវកម្មទាំងអស់ត្រូវបង់ប្រាក់ចន្លោះពី១ម៉ឺនរៀលទៅ៣ម៉ឺនរៀល តាមទំហំនៃអាជីវកម្មរបស់ខ្លួន។

ទន្ទឹមនឹងនេះ លោក ហ្វីណង់ បញ្ជាក់បន្ថែមថារដ្ឋបាលស្រុកគ្មានថវិកាគ្រប់គ្រាន់សម្រាប់ចំណាយលើសេវាប្រមូលសំរាមនេះទេ​។ ប្រាក់របស់ពលរដ្ឋផ្ដល់មកសហគមន៍នោះ គឺគ្រប់គ្រងដោយសហគមន៍ ដោយបែងចែកទៅកម្មកររបស់សហគមន៍។ បើនៅសល់ គឺអាចយកទៅទិញសម្ភារៈប្រើប្រាស់ក្នុងភូមិដូចជា
ធុងសំរាមជាដើម។

សូមបញ្ជក់ថា យុទ្ធនាការដើរប្រមូលសំរាមតាមទីសាធារណៈទូទាំងស្រុកបន្ទាយស្រីដែលអនុវត្តកាលពីឆ្នាំ២០២០ នៅតែបន្ត។ មេភូមិទាំង៣៦បានដឹកនាំពលរដ្ឋដើររើសសំរាមរៀងរាល់១ខែម្ដង៕
 
 


 

Tag:
 សំរាម
  ព្រះដាក់
  បន្ទាយស្រី
  សៀមរាប
  ឃឹម​ ហ្វីណង់
© រក្សាសិទ្ធិដោយ thmeythmey.com