ជាតិ
សង្គមជាតិ
ទេសភាពពណ៌បៃតងនារដូវវស្សា ធ្វើឲ្យខ្នងផ្សាមានទេសចរច្រើនឡើងវិញ
30, May 2021 , 2:04 pm        
រូបភាព
រូបពីកញ្ញា ឃន លាងអេង
រូបពីកញ្ញា ឃន លាងអេង
ដោយ:
 
តំណក់ទឹកភ្លៀងនារដូវវស្សា បានស្រោចធម្មជាតិនៅលើភ្នំខ្នងផ្សាឱ្យលូតលាស់ និងបញ្ចេញសម្រស់ពណ៌បៃតងឡើងវិញ។ សម្រស់ទេសភាពដ៏ស្រស់ត្រកាលនេះ បានទាក់ទាញចិត្តទេសចរឱ្យឡើងភ្នំខ្នងផ្សា។ គោយន្តដែលដឹកភ្ញៀវទេសចរទៅភ្នំខ្នងផ្សារឮលាន់កងរំពង ក្រោយរដ្ឋាភិបាលបើកតំបន់ទេសចរណ៍ឡើងវិញ។ វត្តមានទេសចរនេះ ផ្ដល់ចំណូលដល់ពលរដ្ឋក្នុងសហគមន៍ឡើងវិញ។ ទេសចរជាង ៤០០នាក់ ក្នុងរយៈពេល១ខែ បានធ្វើឱ្យប្រជាជន ប្រមាណ៤៥ភាគរយក្នុងតំបន់នោះមានការងារធ្វើជាថ្មី។


 
លោក ហ៊ុន សៅ ប្រធានសហគមន៍តាំងបំពង់ខ្នងផ្សា មមាញឹកនាំភ្ញៀវឡើងភ្នំជាបន្តបន្ទាប់ទាំងថ្ងៃចុងសប្តាហ៍ និងដើមសប្តាហ៍ តាំងពីថ្ងៃទី២៥មេសា។ ភ្ញៀវទេសចរឡើងភ្នំច្រើនបែបនេះ ដោយសារសម្រស់ធម្មជាតិពណ៌បៃតង និងភាពល្បីល្បាញរបស់ខ្នងផ្សារ។ «ភ្ញៀវ មកលេងច្រើនក្នុងរដូវវស្សា ជាងរដូវប្រាំង។ ខែឧសភាចាប់ផ្ដើមមានទឹក ស្មៅចាប់ផ្ដើមលាស់មកវិញ និងធម្មជាតិ ប្រែស្រស់បំព្រង»។ នេះជាការរៀបរាប់របស់លោក ហ៊ុន សៅ។
 
ដ្បិតតែ ក្នុងរដូវវស្សា ផ្លូវរអិល និងអាចមានខ្យល់ខ្លាំង ប៉ុន្តែទេសចរនៅតែធ្វើដំណើរទៅផ្ដិតយកទេសភាពលើភ្នំ ដែលមានវាលស្មៅខៀវស្រងាត់។ កញ្ញា ឃន លាងអេង បានជ្រើសរើសភ្នំខ្នងផ្សាជាដំណើរកម្សាន្តដំបូង ក្រោយរដ្ឋាភិបាលកម្ពុជាសម្រេចឱ្យបើករមណីយដ្ឋានទាំងអស់ឡើងវិញ។ តរុណវ័យរូបនេះ ប្រាប់សារព័ត៌មាន ThmeyThmey25 ដូច្នេះថា៖ «ផ្លូវរអិលបន្តិច ប៉ុន្តែធម្មតាចង់ទៅកន្លែងស្អាតគឺត្រូវលំបាកបន្តិចហើយ។ ខ្ញុំចំណាយពេលឡើងប្រហែល ៣ម៉ោង ប៉ុន្តែទេសភាពគឺអស្ចារ្យខ្លាំងណាស់» ។
 
ការដើរកម្សាន្តរបស់ភ្ញៀវទេសចរ ទៅកាន់ភ្នំខ្នងផ្សា បានធ្វើឱ្យជាជនក្នុងតំបន់នោះអាច ទទួលបានប្រាក់ចំណូលបន្ថែមពីការធ្វើកសិកម្ម។ ជាពិសេស វត្តមានភ្ញៀវទេសចរ បានធ្វើឱ្យប្រជាជននៅទីនោះ ប្ដូរពីការចូលព្រៃកាប់ឈើ មករកចំណូលពីការនាំភ្ញៀវឡើងភ្នំវិញ។
 
យ៉ាងណាមិញ ភ្ញៀវទេសចរទាំងអស់ ត្រូវអនុវត្តវិធានសុវត្ថិភាព ដោយត្រូវចុះឈ្មោះ និងអាស័យដ្ឋានឱ្យបានច្បាស់លាស់។ ដោយឡែក សម្រាប់ការរក្សាគម្លាត គឺមិនមានផលលំបាកនោះទេ ព្រោះខ្នងផ្សា មានទំហំធំ ដែលធ្វើឱ្យការសម្រាកមិនចង្អៀតនោះទេ៕

លោក ហ៊ុន សៅ ប្រធានសហគមន៍តាំងបំពង់ខ្នងផ្សា

© រក្សាសិទ្ធិដោយ thmeythmey.com