ជាតិ
សង្គមជាតិ
រដូវវស្សាមកដល់ កសិករគួរដាំបន្លែនៅលើរាន ឬក្នុងដំបូល ដើម្បីបានទិន្នផលខ្ពស់
30, May 2021 , 3:47 pm        
រូបភាព
 បន្លែស្លឹករបស់កសិករក្នុងខេត្តព្រៃវែង (រូបភាពពីមន្ទីរកសិកម្មខេត្តព្រៃវែង)
បន្លែស្លឹករបស់កសិករក្នុងខេត្តព្រៃវែង (រូបភាពពីមន្ទីរកសិកម្មខេត្តព្រៃវែង)
ដោយ:
កសិករភាគច្រើន ដាំបន្លែនៅក្នុងរដូវប្រាំង  ច្រើនជាងរដូវវស្សា ក៏ព្រោះតែរដូវវស្សា មានភ្លៀងធ្លាក់ច្រើន ធ្វើឲ្យកសិករពិបាកដាំដុះ។ ដើម្បីអាចដាំបន្លែបានទិន្នផលខ្ពស់នៅរដូវវស្សានោះ  លោក សុខ សុធា អ្នកបច្ចេកទេសខាងដំណាំបន្លែនៃអង្គការGRET បានណែនាំដល់កសិករឲ្យធ្វើរាន ឬសង់ជារោង និងធ្វើដំបូលសម្រាប់ដាំដុះបន្លែនានា។​


ការដាំបន្លែនៅលើរាន បានផ្ដល់​ទិន្នផល​ខ្ពស់ គុណភាព​ល្អ និង​ចៀសផុត​ការបំផ្លាញ​ពី​សត្វល្អិត​ក្នុង​ដី ជាពិសេសមិន​ប្រឈម​នឹង​បញ្ហា​លិច​ទឹក​នៅ​រដូវវស្សា​។ បន្លែ​ដែល​អាច​ដាំ​លើរានបាន មាន​ពពួក​បន្លែ​ស្លឹក​ដូចជា ជី ស្ពៃ និង​សាឡាដ ​ជាដើម​។ កន្លងមក ការដាំបន្លែលើរានក្នុងអំឡុងពេលរដូវវស្សានេះ មានកសិករមួយចំនួននៅតាមតំបន់ទំនាប និងទំនាបកណ្ដាល បានអនុវត្តរួចហើយ។ សម្រាប់កសិករមួយចំនួនក្នុងគម្រោងរបស់អង្គការGRET ក្នុងខេត្តសៀមរាប ក៏បានអនុវត្តការដាំបន្លែលើរាន ជោគជ័យ ផងដែរ។

ការធ្វើរានសម្រាប់ដាំបន្លែស្លឹក មានសណ្ឋានស្រដៀងទៅហ្នឹងគ្រែសម្រាប់អង្គុយ។ កសិករអាចកំណត់ទំហំ ទៅតាមស្ថានភាពជាក់ស្ដែង។ ប៉ុន្តែបើតាមលោក សុខ សុធា អ្នកជំនាញខាងដំណាំបន្លែពីអង្គការGRET កសិករធ្វើរានដាំបន្លែមានទំហំ១ម៉ែត្រគុណនឹង១០ម៉ែត្រ គឺជាការល្អសម្រាប់ដាំដុះ។ លោក បន្តរៀបរាប់ប្រាប់សារព័ត៌មានThmeyThmey25 ពីបច្ចេកទេសធ្វើរានសម្រាប់ដាំបន្លែក្នុងរដូវវស្សា ថា នៅពេលធ្វើរានរួច កសិករត្រូវយកកៅស៊ូមកទ្រាប់បាត មុននឹងយកដីមកដាក់លើរាន សម្រាប់ដាំ។ ដី ដែលកសិករយកមកដាំបន្លែនោះ  ត្រូវលាយជាមួយជីកំប៉ុស្ដិ ឬលាមកសត្វជាមុន ដើម្បីឲ្យមានដីមានជីជាតិ និងបន្លែលូតលាស់បានល្អ។

ចំពោះដំណាំផ្សេងក្រៅពីបន្លែស្លឹក កសិករអាចសង់ជារោង និងប្រក់ដំបូលសម្រាប់ដាំដុះបាន។ លោក សុធា បានបញ្ជាក់ថា សម្រាប់កសិករដែលដាំបន្លែនៅលើដី ក្នុងរដូវវស្សា ត្រូវរៀបចំដីឲ្យបានល្អ  ដូចជា លើករងឲ្យបានខ្ពស់ ដើម្បីការពារពីការជន់លិច។ ការដំណាំបន្លែក្នុងរដូវវស្សា ងាយរងការបំផ្លាញពីសត្វល្អិតចង្រៃ ដែលទាមទារឱ្យកសិករត្រូវមានបច្ចេកទេសដាំដុះឲ្យបានត្រឹមត្រូវ ទើបអាចទទួលបានទិន្នផលខ្ពស់។

បើតាមលោក សុខ សុធា បច្ចុប្បន្ន ពូជដំណាំគឺមិនសូវជាបញ្ហាទៀតនោះទេ​សម្រាប់កសិករ តែយ៉ាងណាកសិករក៏នៅតែត្រូវរើសពូជដំណាំណាដែលធន់នឹងអាកាសធាតុ។ លោក សុធា បានរៀបរាប់ប្រាប់សារព័ត៌មានThmeyThmey25 តាមទូរសព្ទដូច្នេះ៖«ទោះឥឡូវពូជដំណាំភាគច្រើនមិនរើសរដូវ តែកសិករក៏គួរជ្រើសរើសពូជឲ្យបានត្រឹមត្រូវ។ ចំពោះកសិករនៅតំបន់ទាបៗ ដូចជាតំបន់ទំនាប ឬទំនាបកណ្ដាល នៅរដូវវស្សាគួរដាំបន្លែលើរាន ព្រោះវាអាចចៀសវាងពីការបំផ្លាញរបស់សត្វល្អិតចង្រៃ ឬបរិមាណទឹកភ្លៀង។ វិធីនេះល្អសម្រាប់បន្លែស្លឹកគ្រប់ប្រភេទ»។

ដ្បិតវិស័យកសិកម្មកាន់តែជឿនលឿន តែសម្រាប់កសិករនៅកម្ពុជា នៅតែរក្សាការធ្វើស្រែចម្ការ តាមរដូវនៅឡើយ។ អ្នកជំនាញផ្នែកដាំដុះបន្លែរូបនេះ សង្កេតឃើញថា បច្ចុប្បន្នកសិករមិនទាន់អាចធ្វើកសិកម្ម គ្រប់រដូវនៅឡើយ ព្រោះប្រភពទឹក បច្ចេកទេសដាំដុះ និងទីផ្សារកសិផល នៅតែជាបញ្ហាសម្រាប់កសិករនៅឡើយ៕





© រក្សាសិទ្ធិដោយ thmeythmey.com