ជាតិ
សង្គមជាតិ
ទំពាំង​ផ្អែម​ងាយ​ដាំ ឆាប់​ផ្ដល់​ផល តែមាន​តម្លៃ​ទាប​នៅ​រដូវវស្សា​
30, May 2021 , 4:21 pm        
រូបភាព
ផលទំពាំងផ្អែម (រូបភាពទាំងអស់ផ្ដល់ឲ្យ)
ផលទំពាំងផ្អែម (រូបភាពទាំងអស់ផ្ដល់ឲ្យ)
ដោយ:
ទំពាំង​ផ្អែម ជា​ដំណាំ​ឆាប់​ទទួលផល ងាយ​ដាំ ស្រួល​ថែទាំ និង​មាន​រយៈពេល​វែង​។ នៅ​រដូវវស្សា​ទំពាំង​ផ្អែម​មានតម្លៃ​ពី ២​ទៅ​៣​ពាន់​រៀល ក្នុង​មួយ​គីឡូក្រាម​ប៉ុណ្ណោះ ខណៈ​រដូវប្រាំង​ទំពាំង​ផ្អែម មានតម្លៃ​រហូតដល់ ៧​ទៅ​៨​ពាន់​រៀល​ក្នុង​មួយ​គីឡូក្រាម​។​


 
​ទំពាំង​ផ្អែម ជា​ដំណាំ​ងាយ​ដាំ មិន​ពិបាក​ថែទាំ និង​ឆាប់​ទទួលបាន​ទិន្នផល​។ ក្នុង​រយៈពេល ៣​ខែ ប៉ុណ្ណោះ​បន្ទាប់ពី​ទំពាំង​ផ្អែម​ចាប់ផ្ដើម​ដុះ គឺអាច​កាត់​លក់បាន​។ នេះ​ជាការ​លើកឡើង​របស់លោក អ៊ឹង ទ្រី ជា​អ្នក​ដាំ​ទំពាំង​ផ្អែម ដោយ​បន្ថែមថា ទោះជា​នៅ​រដូវ​ណា​ទីផ្សារ​ទំពាំង​ផ្អែម​នៅតែមាន គ្រាន់តែ​តម្លៃ​ខុសគ្នា​នៅតាម​រដូវ​។​
 
​ម្ចាស់​ចម្ការ​វ័យ​៥៥​ឆ្នាំ ដែល​ស្ថិតនៅ​ភូមិ​ទន្លេ​បិទ​ក្រោម ឃុំ​ទន្លេ​បិទ បន្តថា នៅ​រដូវប្រាំង​ទំពាំង​ផ្អែម លក់បាន​ថ្លៃ​ជាង​រដូវវស្សា​។ លោក អ៊ឹង ទ្រី ប្រាប់​សារព័ត៌មាន ThmeyThmey25 តាម​ទូរ​សព្ទ​ដូច្នេះ​៖ «​នៅ​រដូវប្រាំង ទំពាំង​ស្រុក​មិនសូវ​សម្បូរ ដូច្នេះ​ទំពាំង​ផ្អែម​មានតម្លៃ ៧​ទៅ​៨​ពាន់​រៀល ក្នុង​មួយ​គីឡូក្រាម​។ តែ​នៅ​រដូវវស្សា​ទំពាំង​ផ្អែម លក់​បានតែ ២​ទៅ​៣​ពាន់​រៀល​ក្នុង​មួយ​គីឡូក្រាម​»​។​
 
​ថ្វីបើ​រដូវវស្សា​ទំពាំង​ផ្អែម​ធ្លាក់​ថ្លៃ តែ​អ្នកស្រុក​ត្បូងឃ្មុំ​រូបនេះ តែងតែបាន​ផល​ពី​ទំពាំង​ផ្អែម ដែល​ផ្ដល់​ចំណូល​ជាប្រចាំ​។ ដំណាំ​ទំពាំង​ផ្អែម​ដែល​ដាំ​លើ​ផ្ទៃដី ៣​ហិកតា លោក ទ្រី អាច​ប្រមូល​ផល​បាន ៣០០​គីឡូក្រាម ក្នុង​មួយថ្ងៃ ទៅ​ឲ្យ​ឈ្មួញ​នៅ​ភ្នំពេញ និង​ខេត្ត​ដទៃ​។ បន្ថែម​លើ​នោះ លោក ទ្រី ក៏​អាច​លក់​កូន​ឫស្សី​ផ្អែម​តម្លៃ ៥០០០​រៀល ក្នុង​មួយ​ដើម​ផងដែរ​។​
 
​របរ​ដាំ​ទំពាំង​ផ្អែម​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​គ្រួសារ​លោក អ៊ឹង ទ្រី ប្រសើរឡើង​។ លោក ទ្រី គ្រោង​បន្ថែម​ផ្ទៃដី​១​ហិកតា​ទៀត ដើម្បី​ដាំ​ទំពាំង​ផ្អែម ក្រោយ​មាន​តម្រូវការ​ទីផ្សារ​ច្រើន​។ ក្នុង​មួយឆ្នាំ​លោក ទ្រី អាច​ទទួលបាន​ប្រាក់ចំណេញ​ប្រមាណ ១,៥​ម៉ឺន​ដុល្លារ ពី​ការលក់​ទំពាំង​ផ្អែម និង​ពី ២ ទៅ ៣​ម៉ឺន​ដុល្លារ ក្នុង​ការលក់​កូន​ឫស្សី​ផ្អែម​។​
 
​ទំពាំង​ផ្អែម ជា​ដំណាំ​មិន​រើស​ប្រភេទ​ដី​នោះទេ ពោល​ឲ្យ​តែមាន​ទឹក​គ្រប់គ្រាន់ និង​ជីធម្មជាតិ ជំនួយ​ប៉ុណ្ណោះ​។ បើតាម​លោក ទ្រី លើ​ផ្ទៃដី ១​ហិកតា ត្រូវ​ដាំ​ឫស្សី ៣ ទៅ ៤​ពាន់​គុម្ព​។ ចំពោះ​ការដាំ​ឫស្សី​ផ្អែម មាន ៣​ប្រភេទ​គឺ វិធី​ផ្សាំ​កូន​, វិធី​បំបៅ និង​គាស់​គល់​យកមក​ដាំ​តែម្ដង​។ បើតាម​លោក អ៊ឹង ទ្រី ជា​មធ្យម​រយៈពេល​ប្រមាណ ៨​ខែ ទំពាំង​ផ្អែម នឹង​អាច​ប្រមូល​ផល ហើយ​បើ​ការថែទាំ​ល្អ​ត្រឹម​រយៈពេល ៣​ខែ ទំពាំង​នឹង​ចាប់ផ្ដើម​ដុះ និង​អាច​ប្រមូល​ផល​ជា​បន្តបន្ទាប់​។​
 
​កត្តា​ប្រឈម​សម្រាប់​ដំណាំ​ប្រភេទ​នេះ អាចមាន​ផល​លំបាក​នៅ​រដូវប្រាំង​បន្តិច​ប៉ុណ្ណោះ ព្រោះ​ត្រូវការ​ទឹក​សម្រាប់​ផ្គត់ផ្គង់​។ ដំណាំ​ឫស្សី ទំពាំង​ផ្អែម​នេះ មិនមាន​ក្ដីបារម្ភ​ទៅលើ​បញ្ហា សត្វល្អិត មក​បំផ្លាញ​ឡើយ តែ​ត្រូវការ​មើលថែ បោចស្មៅ និង​ដាក់​ជី​បំប៉ន នៅ​រយៈពេល​ដាំ ៣​ខែ ដំបូង​ប៉ុណ្ណោះ​៕
 
 

Tag:
 ទំពាំង
© រក្សាសិទ្ធិដោយ thmeythmey.com