ជាតិ
សង្គមជាតិ
បច្ចេកទេសបណ្តុះប័រឱ្យលូតលាស់ល្អ របស់អ្នកស្រី សេងហ៊ុន ម្ចាស់ចម្ការប័រនៅខេត្តកំពង់ឆ្នាំង
30, May 2021 , 7:30 pm        
រូបភាព
អ្នកស្រី ហង្ស សេងហ៊ុន កសិករបណ្ដុះកូនប័រ និងជាម្ចាស់ចម្ការប័រ នៅភូមិស្រែតាជៃ
អ្នកស្រី ហង្ស សេងហ៊ុន កសិករបណ្ដុះកូនប័រ និងជាម្ចាស់ចម្ការប័រ នៅភូមិស្រែតាជៃ
ដោយ: ថ្មីៗ
 
ដោយ៖ ប៉ូ សុភា

អ្នកស្រី ហង្ស សេងហ៊ុន គឺជាម្ចាស់ចម្ការប័រមួយកន្លែង ដែលស្ថិតនៅក្នុងភូមិស្រែតាជៃឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ អ្នកស្រី សេង ហ៊ុន ក៏មានជំនាញក្នុងការបណ្តុះកូនប័រផងដែរ។កសិកររូបនេះ បានថ្លែងប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទថា ដើម្បីអាចបណ្ដុះកូនប័រ ឱ្យដុះលូតលាស់ និងមានសុខភាពល្អ កសិករ ត្រូវគិតលើបច្ចេកទេសមួយចំនួនជាមុនដូចជាការជ្រើសរើសពូជ និងការសម្រិតសម្រាំងគ្រាប់ពូជ, ការលាយដី, ការបណ្តុះ និងការថែទាំ។ សម្រាប់អ្នកស្រី ហង្ស សេងហ៊ុន ការដុះលូតលាស់របស់កូនប័រ ក៏អាស្រ័យលើតំបន់ និងអាកាសធាតុដែរ។


 
ខាងក្រោមនេះ គឺជាបច្ចេកទេស បណ្តុះប័រ ឱ្យដុះលូតលាស់ល្អ របស់អ្នកស្រី ហង្ស សេងហ៊ុន គឺជាម្ចាស់ចម្ការប័រមួយកន្លែង ដែលស្ថិតនៅក្នុងភូមិស្រែតាជៃ ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស
ខេត្តកំពង់ឆ្នាំង។
 
ការជ្រើសរើសពូជ និងការសម្រាំងគ្រាប់៖ គ្រាប់ប័រដែលត្រូវយកមកបណ្តុះ គឺត្រូវតែជាគ្រាប់ទុំដោយធម្មជាតិ។ គ្រាប់ប័រទុំធម្មជាតិ ងាយស្រួលបណ្តុះ ងាយថែ ហើយក៏ផ្តល់ផលច្រើនដែរ។ ទន្ទឹមនឹងនេះ ការយកគ្រាប់ទុំធម្មជាតិមកបណ្តុះ គឺមានរសជាតិល្វីងកម្រិតទាបផងដែរ។ នេះជាការពន្យល់របស់អ្នកស្រី ហង្ស សេងហ៊ុន ដែលពន្យល់ទៀតថា ក្នុងករណីដែលកសិករមិនច្បាស់ថាតើគ្រាប់ប័រនោះទុំល្អ ស្ទើរទុំ ឬខ្ចីទេនោះ កសិករអាចប្រើវិធីសាស្រ្តមួយទៀត គឺយកគ្រាប់ប័រទៅបកសម្បកចេញឱ្យអស់ រួចដាក់ត្រាំទឹករយៈពេល៣ថ្ងៃ។ ក្នុងរយៈពេល៣ថ្ងៃនេះ គេអាចប្តូរទឹក១ ឬ២ដង ប្រសិនបើទឹកមានសភាពស្អុយ ឬបែកពពុះ។ តាមកសិករវ័យ ៣២ឆ្នាំរូបនេះ គ្រាប់ប័រដែលល្អ វានឹងលិច ឯគ្រាប់ប័រដែលមិនល្អ វានឹងអណ្តែតឡើង ឬស្អុយ។ ដូច្នេះកសិករអាចរើសយកគ្រាប់ប័រអណ្តែត និងស្អុយនោះចេញ ប៉ុន្តែក៏ត្រូវពិនិត្យពិច័យផង ព្រោះគ្រាប់ប័រដែលស្ងួតល្អ ក៏អាចអណ្តែតឡើង ដូចគ្រាប់មិនល្អដែរ។ បន្ទាប់ពីត្រាំទឹក៣ថ្ងៃហើយនោះ គេនឹងអាចចម្រាញ់យកគ្រាប់ប័រដែលល្អ យកទៅបណ្តុះបាន។
 
ការលាយដី៖ បច្ចេកទេសលាយដីសម្រាប់បណ្ដុះគ្រាប់ប័រ របស់ អ្នកស្រី គឺការបញ្ជូលគ្នារវាងដីដំបូក ធ្យូងអង្កាម ដីមមោក ជីកំប៉ុស្ដលាយជីអាចម៍គោ និងសារធាតុសម្លាប់មេរោគក្នុងដី។  តាមអ្នកស្រី ហង្ស សេងហ៊ុន ការលាយសារធាតុទាំងនេះបញ្ចូលគ្នា គឺត្រូវកំណត់កម្រិត PH ចន្លោះ ៥ចុច ទៅ៦ចុច ព្រោះនៅដំណាក់កាលដំបូង កូនប័រត្រូវការកម្រិតPH ដីទាប ដើម្បីលូតលាស់តាមធម្មជាតិ។ ដីទុកបណ្ដុះកូនប័រ ត្រូវរៀបចំឱ្យស្រេច មុនការជ្រើសរើសគ្រាប់ពូជ។ នេះជាការបញ្ជាក់របស់ កសិករ សេងហ៊ុន។

ការបណ្ដុះ៖ នៅពេលបណ្ដុះប័រ កសិករត្រូវកប់ប័រឱ្យលិចក្នុងដីតែពាក់កណ្តាលគ្រាប់បានហើយ ហើយពេលដំបូងៗ ត្រូវស្រោចទឹកដែលមានកម្រិត PH ៥ចុច  តែម្ដងប៉ុណ្ណោះ ក្នុងមួយថ្ងៃ ដើម្បីផ្ដល់សំណើមដល់គ្រាប់ពូជងាយដុះ និងឆាប់លូតលាស់។ ប៉ុន្ដែបើអាកាសធាតុក្ដៅខ្លាំង កសិករអាចស្រោចទឹកពីរដងក្នុងមួយថ្ងៃ។  អ្នកស្រី សេងហ៊ុន ពន្យល់ទៀតថា ករណីមានភ្លៀងធ្លាក់ខ្លាំង កសិករត្រូវស្រោចទឹកឱ្យជោក ដើម្បីលាងទឹកភ្លៀងដែលអាចមានជាតិអាស៊ីតចេញពីកូនប័រដែលទើបបណ្តុះមិនបានយូរប៉ុន្មាននោះ។ តាមអ្នកស្រី សេងហ៊ុន បើទឹកភ្លៀង មានសារធាតុអាស៊ីតននោះ វានឹងបំផ្លាញកូនពូជប័រនៅពេលកំពុងចាប់ផ្ដើមពន្លក ប៉ុន្តែបើកូនប័រធំៗហើយនោះ មិនចោទជាបញ្ហាអ្វីទេ។

ការថែទាំ៖ រយៈពេលដែលប័រកំពុងលូតលាស់ រហូតដល់អាយុ៣ខែ កសិករត្រូវតាមដាន និងថែទាំតាមសម្រួល  ដើម្បីឱ្យកូនប័រលូតលាស់តាមដំណើរធម្មជាតិរបស់វា។ ការតាមដានការលូតលាស់ គឺដើម្បី ចៀងវាងកុំឱ្យមានមេរោគឆ្លង និងបញ្ហានានាលើកូនប័រទាំងនោះ៕
 
 

Tag:
 កំពង់ឆ្នាំង
  ប័រ
  ហង្ស សេងហ៊ុន
© រក្សាសិទ្ធិដោយ thmeythmey.com