ជាតិ
សង្គមជាតិ
«ស្ពាននិស្ស័យ» នៃសារមន្ទីរផ្ទះតាម៉ុក គ្រោងទទួលភ្ញៀវទេសចរ នាដើមខែមិថុនា
31, May 2021 , 7:59 am        
រូបភាព
 
ភ្នំពេញ៖ ផ្ទះតាម៉ុក សាងសងឡើងលើទីទួលមួយ ដែលមានសំណង់ផ្ទះចាស់ៗ៤ខ្នង សេសសល់ពីសម័យខ្មែរក្រហម និងមានបឹងមួយព័ន្ធជុំវិញ ហៅថាបឹងតាម៉ុក។ អំឡុង ការផ្អាកតំបន់ទេសចរណ៍ដោយកូវីដ-១៩មកនេះ មន្ទីរទេសចរណ៍ខេត្តឧត្តរមានជ័យ បានឆ្លៀតកែច្នៃ «ស្ពាននិស្ស័យ»មួយក្នុងបឹងតាម៉ុក។ ស្ពាននេះ សម្រេចការសាងសង៧០ភាគរយហើយ និងគ្រោងទទួលភ្ញៀវទេសចរចូលកម្សាន្ត នាដើមខែមិថុនា។



សារមន្ទីរផ្ទះតាម៉ុក ជារមណីយដ្ឋានទេសចរណ៍ប្រវត្តិសាស្រ្តដ៏ពេញនិយមមួយ ក្នុងខេត្តឧត្តរមានជ័យ។ ក្រៅពី ភាពទាក់ទាញនៃប្រវត្កិសាស្ត្រ និងសំណង់អាគារចាស់ៗ ដែលជាផ្ទះស្នាក់នៅរបស់តាម៉ុក សារមន្ទីរនេះ ក៏មានទេសភាពអមជុំវិញយ៉ាងស្រស់ត្រកាលផងដែរ។ ដោយសង្កេតឃើញពីសក្តានុពលនៃរមណីយដ្ឋាននេះ មន្ត្រីទេសចរណ៍ប្រចាំនៅសារមន្ទីរផ្ទះតាម៉ុក បានរៀបចំសាងសង់ស្ពានមួយក្នុងបឹង ដែលស្ថិតនៅខាងឆ្វេងផ្ទះសា្នក់នៅទី១ របស់តាម៉ុក។
«ស្ពាននិស្ស័យ» ដែលសម្រេចការសាងសង់បាន ៧០ភាគរយ។ ស្ពាននេះស្ថិតនៅខាងឆ្វេងផ្ទះទី២។

«ស្ពាននិស្ស័យ» ជាឈ្មោះស្ពានមួយដែលទើបកែច្នៃថ្មីក្នុងបឹងតាម៉ុក នៃតំបន់ប្រវត្តិសាស្រ្តអន្លង់វែង។ ស្ពាននេះ មានបណ្តោយប្រវែង ៨០ម៉ែត្រ និងមានទទឹង២ម៉ែត្រ ដោយបានសាងសង់ក្នុងខែមេសា និងគ្រោងបញ្ចប់ នាដើមខែមិថុនា។ ស្ពានប្រវែង៨០ម៉ែត្រនេះ នឹងបង្កភាពងាយស្រួលដល់ភ្ញៀវទេសចរ អាចមើលឃើញទិដ្ឋភាពជុំវិញបឹង និងអាចថតរូបជាមួយទេសភាពស្រស់ស្អាតផងដែរ។

លោកស្រី ធិននី មុន្នីរស្មី ប្រធានមន្ទីរទេសចរណ៍ខេត្តឧត្តរមានជ័យ បានប្រាប់សារព័ត៌មានថ្មីៗ២៥តាមទូរសព្ទដូច្នេះថា៖« យើងរៀបចំឡើងសម្រាប់បម្រើភ្ញៀវទេសចរ ដែលគាត់មកកម្សាន្តនៅតំបន់ប្រវត្តិសាស្ត្រផ្ទះតាម៉ុក។ គាត់អាចថតរូបកម្សាន្តនៅក្នុងបឹងតាម៉ុកបន្ថែមទៀត ដោយសារទីតាំងនេះអាចមើលឃើញវាលភ្នំដងរែក ទេសភាពទឹកបឹង និងផ្កាឈូក។ ម្យ៉ាង យើងមើលឃើញបច្ចុប្បន្ននេះ ទេសចរភាគច្រើនចូលចិត្តថតរូបលេងកម្សាន្ត» ។

អ្នកស្រីបន្តថា ក្រៅពីការកែច្នៃស្ពាននិស្ស័យ ខាងមន្ទីរទេសចរណ៍ ក៏មានទិសដៅសហការណ៍ជាមួយមជ្ឈមណ្ឌលឯកសារកម្ពុជា រៀបចំនូវប្រវត្តិសាស្ត្ររបបខ្មែរក្រហមបន្ថែម ដើម្បីចងក្រងជារូបភាពដាក់តាំងជំនួសរូបភាពចាស់ៗដែលពុកផុយ ក្នុងផ្ទះតាម៉ុក។

សារមន្ទីរផ្ទះតាម៉ុក ជាទីតាំងប្រវត្តិសាស្ត្រមួយ ដែលមានសំណង់អាគារចាស់ៗសេសសល់ពីសម័យខ្មែរក្រហម ដែលមានផ្ទះរបស់តាម៉ុកស្នាក់នៅចំនួន៤ខ្នង ហើយក្នុងផ្ទះនោះ តាម៉ុកបានឆ្លាក់រូបប្រាសាទព្រះវិហារ និងអង្គរវត្តផងដែរ។ លើសពីនេះ ក៏មានសម្ភារដែលសល់ពីសម័យខ្មែរក្រហម ដូចជាទ្រុងដែក ឡាន វិទ្យុជំនាន់សម័យតាម៉ុក ដែលគាត់ប្រើប្រាស់ និងបានរក្សាទុក ហើយដាក់តាំងនៅទីនោះ។
ផ្ទះសា្នក់នៅទី១ របស់តាម៉ុក។រូបភាពដោយ៖ លោកស្រី ធិននី មុន្នីរស្មី ប្រធានមន្ទីរទេសចរណ៍។

ស្ថិតក្នុងភូមិជើងភ្នំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង រមណីយដ្ឋានទេសចរណ៍ប្រវត្តិសាស្ត្រនេះ ជាទីតាំងទេសចរណ៍ ដែលមានភ្ញៀវទៅលេងកម្សាន្តច្រើនជាងរមណីយដ្ឋាននានា ក្នុងខេត្តឧត្តរមានជ័យ។ ក្រោយបើករមណីដ្ឋានវិញ ផ្ទះតាម៉ុកអាចទទួលបានភ្ញៀវទេសចរចន្លោះ ៥០០នាក់ ទៅ ៦០០ ដែលភាគច្រើនជាភ្ញៀវក្នុងស្រុកផ្ទាល់។ ដោយឡែក មុនពេលមានការរាលនៃជំងឺកូវីដ-១៩ ផ្ទះតាម៉ុកអាចទទួលបានភ្ញៀវទេសចរចន្លោះពី ២ពាន់នាក់ ទៅ ៣ពាន់នាក់ ក្នុងមួយខែ។

លើសពីនេះ មន្ទីរទេសចរណ៍ខេត្តឧត្តរមានជ័យក៏បានរៀបចំតំបន់ទេសចរណ៍ថ្មីមួយបន្ថែមគឺ រមណីដ្ឋានក្បាលទន្សោង និងកែច្នៃសហគមន៍អេកូរទេសចរណ៍រលុះធំបន្ថែមមួយទៀតផងដែរ។ លោកស្រីប្រធានមន្ទីរសង្ឃឹមថា ការរៀបចំទាំងអស់នេះ នឹងអាចទាក់ទាញភ្ញៀវទេសចរក្នុងស្រុកបានកាន់តែច្រើន៕







Tag:
 ថ្មីៗ២៥
  ផ្ទះតាម៉ុក
  ស្ពាននិស្ស័យ
  ខេត្តឧត្តរមានជ័យ
  សារមន្ទីរប្រវត្តិសាស្រ្តអន្លង់វែង
© រក្សាសិទ្ធិដោយ thmeythmey.com