ជាតិ
សង្គមជាតិ
សាលាឆាន់នៅវត្តរាជបូណ៌ អាយុកាលជាង៩ទសវត្សរ៍ ត្រូវបានជួសជុលឡើងវិញ
31, May 2021 , 8:59 am        
រូបភាព
ដោយ: ថ្មីៗ
 
ដោយ៖ ប៉ូ សុភា

ភ្នំពេញ៖ សាលាឆាន់អាយុកាលជាង ៩0ឆ្នាំនៅវត្តរាជបូណ៌ ក្នុងខេត្តសៀមរាប ត្រូវបានជួសជុលឡើងវិញ ដោយអាជ្ញាធរជាតិអប្សរា។ គម្រោងអភិរក្ស និងជួសជុលសាលាឆាន់នេះ អាជ្ញាធរជាតិអប្សរា គ្រោងចំណាយថវិកាជាង ១៩៥លានរៀល និងប្រើពេលជាង៤ខែ ។



សាលាឆាន់បុរាណ មានវ័យចំណាស់ និងទ្រុឌទ្រោមចំនួន១ខ្នង ស្ថិតនៅក្នុងវត្តរាជបូណ៌ ភូមិវត្តបូព៌ ឃុំសាលាកំរើក ស្រុកសៀមរាប ខេត្តសៀមរាប ជាសម្បត្តិបេតិកភណ្ឌព្រះពុទ្ធសាសនាខ្មែរ ដែលត្រូវជួសជុល និងអភិរក្សឡើងវិញ ដោយអ្នកជំនាញបច្ចេកទេសនៃអាជ្ញាធរជាតិអប្សរា។ ដំណើរការជួសជុលនេះ ត្រូវបានផ្តួចផ្តើមដោយព្រះមហាវិមលធម្ម ពិន សែម សិរីសុវណ្ណោ ព្រះរាជាគណៈថ្នាក់ទោ និងជាឧត្តមទីប្រឹក្សាគណៈសង្ឃនាយក និងជាព្រះគ្រូចៅអធិការវត្តរាជបូណ៌។
នាយកដ្ឋានរៀបចំដែនដី-និងគ្រប់គ្រងលំនៅដ្ឋានក្នុងឧទ្យានអង្គរ

សកម្មភាពនៃការប្រឹក្សាបច្ចេកទេស រួមទាំងការចំណាយថវិកា ត្រូវបានអាជ្ញាធរជាតិអប្សរារ៉ាប់រងទាំងស្រុង។ ក្រុមបច្ចេកទេស បានបែងចែកការជួសជុលជាពីរដំណាក់កាលគឺ ទី១ជួសជុលដំបូល រីឯទី២ ជួសជុលតួ និងខឿនរបស់សាលាឆាន់។ ការជួសជុលនេះ ចាប់ផ្ដើមថ្ងៃទី២១ ខែឧសភាឆ្នាំ២០២១  ហើយអាជ្ញាធរជាតិអប្សរាគ្រោងនឹងបញ្ចប់នៅក្នុងខែកញ្ញា ឆ្នាំ២០២១។ នេះបើតាមអាជ្ញាធរអប្សរា។

បើយោងតាមការបញ្ជាក់របស់ លោក ស៊ឹម ប៊ុនធឿន ជាអនុប្រធាននាយកដ្ឋានរៀបចំដែនដី និងគ្រប់គ្រងលំនៅដ្ឋានក្នុងឧទ្យានអង្គរ បានប្រាប់អ្នកសារព័ត៌មាន Thmey Thmey25  តាមសារអេឡិចត្រូនិកដូច្នេះ៖ « នៅថ្ងៃអនាគត បន្ទាប់ពីការជួសជុលរួចរាល់ ចំពោះការប្រើប្រាស់សាលាឆាន់ចាស់នេះ គឺអាស្រ័យទៅតាមការចាត់ចែងរបស់វត្ត។ អាជ្ញាធរជាតិអប្សរានឹងនៅតែបន្តការជួយជ្រោមជ្រែង និងប្រឹក្សាផ្នែកបច្ចេកទេសផ្សេងៗ ក្នុងករណីមានការមានការស្នើសុំ»។

បច្ចុប្បន្ន សំណង់អគារសាលាឆាន់ មានអាយុកាលជាង ៩ទសវត្សរ៍ នៅវត្តរាជបូណ៌ មានបណ្តោយប្រវែង២២.៨ម៉ែត្រ ទទឹង ២១.២៥ម៉ែត្រ និងកម្ពស់១០.៩២ម៉ែត្រ ៕




Tag:
 វត្តរាជបូណ៌
  សាលាឆាន់
© រក្សាសិទ្ធិដោយ thmeythmey.com