ខេត្តកំពង់ចាម ព្រៃវែង កំពង់ធំ សៀមរាប និងខេត្តពោធិ៍សាត់ នៅតែបន្តរកឃើញអ្នកវិជ្ជមានកូវីដ-១៩ នៅថ្ងៃទី៣០ ឧសភា។ តាមរបាយការណ៍ពីរដ្ឋបាលខេត្តនីមួយៗ ខេត្តទាំង៥នេះ រកឃើញអ្នកវិជ្ជមានកូវីដ-១៩ សរុប ៦៩នាក់។ ក្រៅខេត្តទាំងនេះ ខេត្តកំពត ក៏បានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ដល់ទៅ៥៦នាក់ នៅថ្ងៃទី ៣០ ឧសភា ដែលជាករណីឆ្លងចេញពីកាស៊ីណូ។ រីឯខេត្តស្វាយរៀង ក៏មានអ្នកឆ្លងថ្មីដល់ទៅ៨៨នាក់ដែរ ដែលភាគច្រើនជាកម្មកររោងចក្រ។ បាត់ដំបង មាន១១នាក់ ភាគច្រើនជាអ្នកមកពីប្រទេសថៃ ខណៈកោះកុង មាន២នាក់ ជាអ្នកស្រុកស្រែអំបិល។
កំពង់ចាម៖ ៤២នាក់ទៀតវិជ្ជមាន ខណៈ២៧នាក់សះស្បើយ
មនុស្សចំនួន ៤២នាក់ទៀតដែលធ្លាប់ប៉ះពាល់នឹងកម្មកររោងចក្រដែលវិជ្ជមានកន្លងមក មានតេស្តវិជ្ជមានកូវីដ-១៩ នៅថ្ងៃទី៣០ ឧសភា ខណៈដែលអ្នកជំងឺចំនួន ២៧នាក់ទៀត បានជាសះស្បើយ។ តាមរដ្ឋបាលខេត្តកំពង់ចាម ក្នុងចំណោមអ្នកវិជ្ជមានថ្មីទាំង ៤២នាក់ នោះ មាន២១នាក់នៅស្រុកជើងព្រៃ, ១០នាក់ នៅស្រុកព្រៃឈរ, ៤នាក់ នៅស្រុកកំពង់សៀម, ២នាក់ នៅស្រុកបាធាយ ខណៈស្រុកកងមាស និងស្រុកស្រីសន្ធរ មាន១នាក់រៀងខ្លួន។ មនុស្ស ៣នាក់ដែលមានអាសយដ្ឋាននៅស្រុកតាំងគោក, ស្រុកបារាយណ៍ និងក្រុងស្ទឹងសែន ខេត្តកំពង់ធំ ក៏ត្រូវបានរកឃើញថាមានវិជ្ជមានកូវីដ-១៩ នៅខេត្តកំពង់ចាមដែរ។
ដើម្បីទប់ស្កាត់ការឆ្លងដាលជំងឹកូវីដ-១៩ ក្នុងភូមិសាស្ដ្រខេត្ដកំពង់ចាម នៅថ្ងៃទី៣១ ឧសភានេះ រដ្ឋខេត្ត បានសម្រេចផ្អាកសកម្មភាពអាជីវកម្ម ផលិតកម្ម ក្រុមហ៊ុនវ៉ាឡុង (ខេមបូឌា) អៅសូលអ៊ិនដាសស្ទ្រី ឯ.ក ដែលស្ថិតក្នុងភូមិឈើទាល ឃុំផ្ដៅជុំ ស្រុកជើងព្រៃ ក្រោយរកឃើញកម្មកររោងចក្រ ឆ្លងជំងឺកូវីដ-១៩។ ការផ្អាកនេះ មានរយៈពេល២សប្តាហ៍ គឺចាប់ពីថ្ងៃទី ៣១ ខែឧសភា ដល់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១។
គិតត្រឹមថ្ងៃទី៣០ ឧសភា ខេត្តកំពង់ចាម រកឃើញអ្នកវិជ្ជមានកូវីដ-១៩ សរុប ៨៥១នាក់ ក្នុងនោះ ២៥០នាក់បានជាសះស្បើយ។ អ្នកជំងឺ ៦០១នាក់ទៀតកំពុងបន្តសម្រាកព្យាបាល។
ព្រៃវែង៖ មាន២៤នាក់ទៀត ភាគច្រើនធ្លាប់ប៉ះពាល់នឹងអ្នកវិជ្ជមានកន្លងមក
ពលរដ្ឋចំនួន ២៤នាក់ទៀត ត្រូវបានរកឃើញថាមានវិជ្ជមានកូវីដ-១៩ ដែលភាគច្រើនជាអ្នកធ្លាប់ប៉ះពាល់ជាមួយអ្នកវិជ្ជមានកន្លងមក។ ក្រៅពីនេះ ក៏មានពលរដ្ឋម្នាក់ដែរ ដែលទើបត្រឡប់មកពីប្រទេសថៃ។ តាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តព្រៃវែង ក្នុងចំណោមអ្នកទើបរកឃើញថាមានវិជ្ជមានទាំង២៤នាក់នេះ មាន៦នាក់ នៅក្រុងព្រៃវែង, ៤នាក់នៅស្រុកបាភ្នំ, ៣នាក់នៅស្រុកពាមជរ, ៣នាក់នៅស្រុកព្រះស្តេច, ២នាក់នៅស្រុកកំពង់ត្របែក, ២នាក់នៅស្រុកស្វាយអន្ទរ ខណៈស្រុកកញ្ជ្រៀច និងស្រុកមេសាង មានអ្នកឆ្លងថ្មី១នាក់រៀងខ្លួន។ ក្រៅពីពលរដ្ឋនោខេត្តព្រៃវែង ក៏មានពលរដ្ឋ១នាក់នៅខេត្តត្បូងឃ្មុំ និង១នាក់នៅខេត្តព្រៃវែង មានវិជ្ជមានកូវីដ-១៩ ក្នុងចំណោមអ្នកឆ្លងថ្មីនៅខេត្តព្រៃវែង នៅថ្ងៃទី៣០ ឧសភាដែរ។
គិតត្រឹមថ្ងៃទី៣ឥ ឧសភា ខេត្តព្រៃវែង មានអ្នកវិជ្ជមានកូវីដ-១៩ សរុប ៣៩៤នាក់ ក្នុងនោះ១៨៦នាក់បានសះស្បើយ ៥នាក់បានស្លាប់។ អ្នកជំងឺ ២០៣នាក់ទៀតកំពុងបន្តសម្រាកព្យាបាល។
កំពង់ធំ៖ រកឃើញ១នាក់ថ្មី និងជាសះស្បើយ ៧នាក់
នៅថ្ងៃទី៣០ ខែឧសភា ខេត្តកំពង់ធំ ក៏បានមនុស្សម្នាក់ទៀតដែរ មានតេស្តវិជ្ជមានកូវីដ-១៩ ដែលជាទើបត្រឡប់ពីរាជធានីភ្នំពេញ។ អ្នកជំងឺរូបនេះ ជាស្ត្រីវ័យ ២៤ឆ្នាំ មានអាសយដ្ឋាននៅភូមិបន្ទាយស្ទោង ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ធំ ដែលបានបញ្ជាក់ទៀតថា នៅថ្ងៃទី៣០ ឧសភា ក៏មានអ្នកជំងឺចំនួន៧នាក់ដែរ បានជាសះស្បើយ។ គិតមកដល់ថ្ងៃទី៣០ ខែឧសភា ខេត្តកំពង់ធំ រកឃើញអ្នកវិជ្ជមានកូវីដ-១៩ សរុបចំនួន ២៦៣នាក់ ស្រី១៥២នាក់ ក្នុងនោះ៩៨នាក់ បានជាសះស្បើយ។ អ្នកជំងឺចំនួន ១៦៥នាក់ទៀត កំពុងសម្រាកព្យាបាល។
សៀមរាប៖ រកឃើញ១នាក់បន្ថែម ខណៈអ្នកជំងឺ៥នាក់ បានសះស្បើយ
ខេត្តសៀមរាប រកឃើញអ្នកវិជ្ជមានកូវី-១៩ បន្ថែម១នាក់ទៀត ជាស្ត្រីវ័យ ២៦ឆ្នាំ ដែលធ្វើដំណើរពីរាជធានីភ្នំពេញ។ ស្ត្រីរូបនេះ មានអាសយដ្ឋាននៅភូមិខ្នារថ្មី សង្កាត់ជ្រាវ ក្រុងសៀមរាប។ នេះបើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តសៀមរាប ដែលបានឱ្យដឹងដែរថា មានអ្នកជំងឺចំនួន៥នាក់ បានជាសះស្បើយផងដែរ។ នៅថ្ងៃទី៣០ ឧសភាដដែល រដ្ឋបាលខេត្តសៀមរាប បានសម្រេចបិទផ្សារក្រឡាញ់ ដែលស្ថិតក្នុងស្រុកក្រឡាញ់ ដែលស្ថិតនៅភូមិកំពង់ថ្កូវ២ ឃុំកំពង់ថ្កូវ រយៈពេលពីរសប្តាហ៍ដែរ គឺចាប់ពីថ្ងៃទី៣០ ខែឧសភា ដល់ថ្ងៃទី១២ ខែមិថុនា។ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។ គិតត្រឹមថ្ងៃទី៣០ ឧសភាខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ១១៩នាក់ ក្នុងនោះអ្នកជំងឺចំនួន៦៦នាក់ បានជាសះស្បើយ ២នាក់ស្លាប់ និង៥១នាក់ ទៀត កំពុងបន្តព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។
ពោធិ៍សាត់៖ រកឃើញ ១នាក់ ជាអ្នកដំណើរពីមណ្ឌលគិរី
ខេត្តពោធិ៍សាត់ រកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ១នាក់ទៀត ដែលជាអ្នកដំណើរពីខេត្តមណ្ឌលគិរី។ ត្រឹមថ្ងៃទី៣០ ឧសភា ខេត្តពោធិ៍សាត់ មានករណីវិជ្ជមានកូវីដ-១៩ សរុប១១៤នាក់ ក្នុងនោះ៥៥នាក់បានជាសះស្បើយ ១នាក់បានស្លាប់ និង៥៨នាក់ទៀតកំពុងបន្តព្យាបាល។ នេះបើតាមរបាយការណ៍ពីមន្ទីរសុខាភិបាលខេត្តពោធិ៍សាត់។
កំពត៖ រកឃើញ៥៦នាក់ ជាបុគ្គលិកកាស៊ីណូ
នៅថ្ងៃទី៣០ ខែឧសភា រដ្ឋបាលខេត្តកំពត បានរកឃើញមនុស្ស៥៦នាក់ មានវិជ្ជមានកូវីដ-១៩ ដែលជាបុគ្គលិកកាស៊ីណូ សុខ គឹមម៉េង នៅច្រកទ្វារទ្វេភាគីតន់ហន់ ស្ថិតនៅភូមិព្រែកក្រឹស ឃុំព្រែកក្រឹស ស្រុកកំពង់ត្រាច ខេត្តកំពត។ តាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្ត ក្នុងចំណោមអ្នកវិជ្ជមានទាំង៥៦នាក់នេះ មាន ២៧នាក់ មានអាសយដ្ឋាននៅខេត្តកំពត, ៥នាក់នៅភ្នំពេញ, ៤នាក់នៅខេត្តត្បូងឃ្មុំ, ៨នាក់នៅតាកែវ, ២នាក់នៅខេត្តកណ្តាល, ២នាក់នៅកំពង់ចាម, និង៣នាក់នៅខេត្តព្រះវិហារ, ១នាក់នៅខេត្តព្រៃវែង, ១នាក់នៅកែប, ១នាក់នៅស្វាយរៀង, ១នាក់នៅសៀមរាប។
ក្រោយផ្ទុះការឆ្លងនៅក្នុងកាស៊ីណូ រដ្ឋបាលខេត្តកំពត បានសម្រេចផ្អាកអាជីវកម្មកាស៊ីណូ នៅច្រកព្រំដែនអន្តរជាតិព្រែកចាក និងច្រកច្រកទ្វារទ្វេភាគីតន់ហន់ ព្រមទាំងផ្សារព្រែកក្រឹស ស្ថិតនៅឃុំព្រែកក្រឹស ស្រុកកំពង់ត្រាច ខេត្តកំពត រយៈពេល២សប្តាហ៍ ដើម្បីទើបស្កាត់ការឆ្លងរាលដាល និងស្វែងរកអ្នកជាប់ពាក់ព័ន្ធ។
ស្វាយរៀង៖ មាន៨៨នាក់ ភាគច្រើនជាកម្មកររោងចក្រ
រដ្ឋបាលខេត្តស្វាយរៀង បន្តរកឃើញអ្នកវិជ្ជមានចំនួន ៨៨នាក់ទៀត នៅថ្ងៃទី៣០ ខែឧសភា ដែលសុទ្ធតែជាកម្មករ-កម្មការិនីរោចក្រ។ តាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្ត ក្នុងចំណោមអ្នកឆ្លងទាំងអស់នេះ មានកម្មកររោងចក្រយូលី ដល់ទៅ៨០នាក់ ខណៈអ្នកផ្សេងទៀតជាជាកម្មកររោងចក្រផ្សេង ជាអាជីរករ និងមានក្មេងៗ២នាក់ផងដែរ។ អ្នកវិជ្ជមានចំនួន ៤១នាក់មានអាសយដ្ឋាននៅស្រុកកំពង់រោទិ៍, ២១នាក់នៅស្រុកស្វាយជ្រំ, ៨នាក់នៅស្រុករមាសហែក, ៥នាក់នៅទីរួមខេត្តស្វាយរៀង, ៥នាក់នៅស្រុករំដួល, ៣នាក់នៅក្រុងបាវិត, ៣នាក់នៅស្រុកចន្ទ្រា និង២នាក់នៅស្រុកស្វាយទាប។ គិតត្រឹមថ្ងៃទី៣០ឧសភា ខេត្តស្វាយរៀង មានអ្នកវិជ្ជមានកូវីដ-១៩ សរុប ៨២០នាក់ ក្នុងនោះសះស្បើយ៣៧៨នាក់។ អ្នកជំងឺ ៥នាក់បានស្លាប់ ខណៈ៤៣៦នាក់ទៀតកំពុងបន្តសម្រាកព្យាបាល។
បាត់ដំបង៖ មាន១១នាក់ ដោយ៩នាក់ជាពលរដ្ឋទើបត្រឡប់ពីប្រទេសថៃ
រដ្ឋបាលខេត្តបាត់ដំបង បានប្រកាសរកឃើញមនុស្ស ១១នាក់ទៀតវិជ្ជមានកូវីដ-១៩ ក្នុងនោះមាន៩នាក់ជាពលរដ្ឋខ្មែរ ដែលទើបធ្វើដំណើរមកពីប្រទេសថៃ និង២នាក់ទៀតជាអ្នកទើបមកពីខេត្តបន្ទាយមានជ័យ។ ក្នុងចំណោមអ្នកឆ្លងថ្មីទាំង១១នាក់ មាន៤នាក់ មានអាសយដ្ឋាននៅស្រុកមោងឫស្សី, ៣នាក់នៅស្រុកសង្កែ, ២នាក់ នៅក្រុងបាត់ដំបង, ១នាក់នៅឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់ និង១នាក់ទៀតនៅឃុំសឿ ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តបាត់ដំបង ដែលបន្តថា មានអ្នកជំងឺ៥នាក់បានជាសះស្បើយផងដែរ។
គិតត្រឹមថ្ងៃទី៣០ ឧសភា ខេត្តបាត់ដំបង មានអ្នកវិជ្ជមានកូវីដ-១៩ សរុប ២២១នាក់ ក្នុងនោះ ៨៣នាក់សះស្បើយ ២នាក់ស្លាប់។ អ្នកជំងឺ២នាក់ត្រូវបានបញ្ជូនទៅព្យាបាលនៅខេត្តបន្ទាយមានជ័យ ខណៈ១៣៤នាក់ទៀតបន្តព្យាបាលនៅតាមមន្ទីរពេទ្យបង្អែកនានាក្នុងខេត្តបាត់ដំបង។
កោះកុង៖ រកឃើញ២នាក់ទៀត ជាអ្នកស្រុកស្រែអំបិល
រដ្ឋបាលខេត្តកោះកុង បានបន្តរកឃើញស្ត្រី២នាក់ទៀត មានតេស្តវិជ្ជមានកូវីដ-១៩ នៅថ្ងៃទី៣០ ឧសភា ។ តាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្ត ក្នុងចំណោមអ្នកវិជ្ជមានទាង២ គឺម្នាក់មានវ័យ ៣៥ឆ្នាំ រស់នៅភូមិវាលជើង ឃុំស្រែអំបិល ស្រុកស្រែអំបិល និងម្នាក់ទៀតវ័យ ១៩ឆ្នាំរស់នៅភូមិផ្លោង ឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង។
គិតមកដល់ពេលនេះ កម្ពុជា មានអ្នកឆ្លងសរុប ៣០,០៩៤ នាក់ ក្នុងនោះករណីនាំចូលមាន ៩០០នាក់។ អ្នកជាសះស្បើយសរុប ២២,៦៣៦នាក់ និងអ្នកស្លាប់ ២១៤ នាក់៕