ជាតិ
សិល្បះ
ម្ចាស់បទ”ម្លប់ត្នោតក្រាំងយ៉ូវ” លោក ស៊ុំ សារឿន ទទួលមរណភាពក្នុងជន្មាយុ៦៩ឆ្នាំ ដោយរោគាពាធ
31, May 2021 , 4:51 pm        
រូបភាព
កវីនិពន្ធ ស៊ុំ សារឿន (រូប​ពី​ហ្វេសប៊ុក Sum Saroeun
កវីនិពន្ធ ស៊ុំ សារឿន (រូប​ពី​ហ្វេសប៊ុក Sum Saroeun
ភ្នំពេញ៖ ម្ចាស់បទ”ម្លប់ត្នោតក្រាំងយ៉ូវ”លោក ស៊ុំ សារឿន ទទួលមរណភាពក្នុងជន្មាយុ៦៩ឆ្នាំ ដោយរោគាពាធ នៅវេលាម៉ោង ១១និង២០នាទីថ្ងៃត្រង់។ សពនឹងត្រូវបូជានៅថ្ងៃព្រហស្បតិ៍ ក្នុងវត្តបាក់ខែង។


 
អ្នកនាង ស៊ុំ ស្រីឡា ដែលត្រូវជាកូនទី២របស់លោក ស៊ុំ សារឿន បានប្រាប់សារព័ត៌មានថ្មីៗ តាមទូរសព្ទថា ឪពុករបស់អ្នកនាង ទើបតែឈឺជំងឺទល់លាមក និងក្ដៅខ្លួនខ្លាំង រយៈពេល១០ថ្ងៃប៉ុណ្ណោះ។ អ្នកនាងថា កន្លងមកឪពុកអ្នកនាង មិនដែលមានជំងឺប្រចាំកាយអ្វីក្រៅពីជំងឺលើសឈាមឡើយ។ 
 
អ្នកនាង ស៊ុំ ស្រីឡា បញ្ជាក់ដូច្នេះ៖«ប៉ារបស់ខ្ញុំ គាត់លេបថ្នាំលើសឈាមជាប្រចាំថ្ងៃ ប៉ុន្តែគាត់មិនដែលមានជំងឺអ្វីផ្សេងទៀតទេកន្លងមក។ ទើបតែ១០ថ្ងៃនេះទេ គាត់មានអាការក្ដៅខ្លួន និងទល់លាមក។ រហូតដល់ព្រឹកម៉ិញ គាត់ក្ដៅខ្លួនខ្លាំង ទើបធ្វើឱ្យគាត់គាំងបេះដូង។ វាដូចជាលឿនពេក ព្រោះគាត់មិនមែនឈឺរ៉ាំរ៉ៃឡើយ»។
 
ពិធីបុណ្យកំពុងប្រារព្វឡើងនៅផ្ទះលេខ២០BE0 ផ្លូវលេខ១១ ជិតផ្សារចាស់ ហើយសពនឹងត្រូវបូជានៅថ្ងៃព្រហស្បតិ៍ខាងមុខ ក្នុងវត្តបាក់ខែង។
 
សូមបញ្ជាក់ថា កវីនិពន្ធលោក ស៊ុំ សារឿន មានទេពកោសល្យនិពន្ធរឿង និពន្ធល្ខោននិយាយ  យីកេ និងចម្រៀង។ លោកក៏បាននិពន្ធបទចម្រៀងជាច្រើន ជូនប្រមុខរាជរដ្ឋាភិបាលកម្ពុជាផងដែរ។ លោក ស៊ុំ សារឿន មានកូន៦នាក់ ស្រី៣។ កវីនិពន្ធរូបនេះ នៅតែធ្វើការលើវិស័យសិល្បៈ ដែលលោកមានជំនាញ រហូតដល់ថ្ងៃទទួលមរណភាព។ នេះបើតាមការបញ្ជាក់របស់អ្នកនាង ស៊ុំ ស្រីឡា ត្រូវជាកូនទី២របស់គាត់៕
 

Tag:
 សិល្បករ
  ចម្រៀង
  មរណភាព
© រក្សាសិទ្ធិដោយ thmeythmey.com