ជាតិ
សេដ្ឋកិច្ច
ការនាំចេញស្រូវកើនខ្លាំង ខណៈការនាំចេញអង្ករធ្លាក់ចុះជាង៣៤ភាគរយ
01, Jun 2021 , 9:29 pm        
រូបភាព
រូបភាពពីហ្វេសប៊ុកលោក វេង សាខុន
រូបភាពពីហ្វេសប៊ុកលោក វេង សាខុន
ដោយ:
៥ខែនេះ កម្ពុជាបាននាំចេញស្រូវជាង ១លានតោន ខណៈការនាំចេញអង្ករ ប្រមាណ ២៣ម៉ឺនតោន។ បើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន ការនាំចេញស្រូវ កើនឡើង ៨២ភាគរយ និងការនាំចេញអង្ករវិញ ធ្លាក់ចុះចំនួន ៣៤ភាគរយ។ នេះបើតាមរបាយការណ៍ដែលបង្ហាញដោយលោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។


បើតាមរបាយការណ័ពីលោក វេង សាខុន ដដែល កម្ពុជាបាននាំចេញស្រូវ ចំនួន ១,៦១៤,២១១តោន ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២០ មានត្រឹម ៨៨៥,១៨៦តោនប៉ុណ្ណោះ។ ដោយឡែក ការនាំចេញអង្ករ ៥ខែនេះវិញ មានចំនួន ២៣៣,០៣១តោន ខណៈរយៈពេលដូចគ្នា ឆ្នាំ២០២០ មានដល់ ៣៥៦,០៩៧តោន។ 
 
លោក វេង សាខុន បានបញ្ជាក់ថា ប្រទេសវៀតណាម បានជាប់ចំណាត់ថ្នាក់លេខមួយ ក្នុងការនាំចូលស្រូវពីកម្ពុជា។ ចំណែក អង្ករបាននាំចេញទៅកាន់ទិសដៅសហភាពអឺរ៉ុបប្រមាណ២០ប្រទេស សរុបចំនួន ៥៥,១៨៨តោន,ប្រទេសចិន ១២០,៨៣៤តោន, ប្រទេសក្នុងតំបន់អាស៊ាន ២១,៨៤៨តោន និងទិសដៅដទៃ ១៩ប្រទេសទៀត ក្នុងបរិមាណ ៣៥,១៦១តោន។
 
បើតាមការប៉ាន់ស្មានរបស់ក្រសួងកសិកម្ម ក្នុងរយៈពេល ៥ខែ ឆ្នាំ២០២១ នេះ កម្ពុជាទទួលបានប្រាក់ចំណូលពីការនាំចេញស្រូវ ចំនួន ២៣៩,០៥១,២២៨ដុល្លារអាមេរិក។ រីឯ ចំណូលពីការនាំចេញអង្ករ នៅរយៈពេល ៥ខែ ក្នុងឆ្នាំនេះ ទទួលបានចំនួន ១៩៦,៩១១,១៩៥ដុល្លារអាមេរិក៕
 

Tag:
 សេដ្ឋកិច្ច
 ស្រូវ-អង្ករ
© រក្សាសិទ្ធិដោយ thmeythmey.com